ប៉ៃលិន/សៀមរាបៈ បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បង្ក​ការខូចខាត​ផ្ទះ​​ប្រជាពលរដ្ឋ​ជាង​ ១០ ​ខ្នង​នៅ​ខេត្ត​ប៉ៃលិន ខណៈ​នៅ​ខេត្តសៀមរាប​ផ្ទះ​ជិត​ ២០ ​ខ្នង​បាន​រង​ការខូចខាត​។ យោងតាម​ការប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​នៃ​ខេត្ត​ទាំង​ ២ ​ពី​ម្សិលមិញ​។

លោក រី តារា អធិការ​ស្រុក​សាលាក្រៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា កាលពី​ល្ងាច​ថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​ ២០២០ មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បាន​កើតឡើង​នៅ​ចំណុច​ក្បែរ​មាត់​អូរក្របៅ ភូមិ​ថ្នល់កែង ឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​បណ្ដាល​ឲ្យ​ស្ត្រី​វ័យ​ ១៩ ​ឆ្នាំ​ម្នាក់​ស្លាប់ និង​ខូចខាត​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង​។

លោក តារា បាន​បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ភួង ឆាលី អាយុ​ ១៩ ​ឆ្នាំ​មាន​លំនៅ​ភូមិ​បឹងសំរោង ឃុំ​ល្វា ស្រុក​បវេល ខេត្តបាត់ដំបង​។ នៅ​មុនពេល​កើតហេតុ នាង​និង​ក្រុមគ្រួសារ​បាន​នាំគ្នា​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​ឲ្យ​គេ​នៅ​ចំណុច​កើតហេតុ​នោះ​ដោយ​ក្នុង​មួយ​ហិកតា​ថ្លៃ​ ៣៥ ​ម៉ឺន​រៀល​។

លោក តារា ថ្លែងថា​៖ «​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​របស់​នាង​នៅ​ល្ងាច​នោះ​ពេល​មេឃ​កំពុង​ភ្លៀង នាង​ និង​ក្រុមគ្រួសារ​មិនបាន​នាំគ្នា​ឈប់​សម្រាក​ហើយ​រក​កន្លែង​សុវត្ថិភាព​នោះទេ គឺ​ពួកគេ​បាននាំគ្នា​បន្ត​ដាំដំឡូង​ក្រោម​មេឃ​កំពុង​ភ្លៀង​លាយឡំ​ខ្យល់​ និង​ផ្គរ​រន្ទះ​នោះ ព្រោះ​ចង់​ដាំ​ដំឡូង​ ១ ​ចម្ការ​នោះ​ [​មួយ​ហិកតា​កន្លះ​] ឲ្យ​បាន​មុន​កាលកំណត់​។ ប៉ុន្តែ​ជា​​អកុសល​នាង​ក៏​ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅ​ល្ងាច​នោះ​តែម្ដងទៅ​»​។

លោក តារា បាន​ឲ្យ​ដឹងថា​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នោះ​ក្រៅពី​ករណី​គ្រោះថ្នាក់​ស្លាប់​ដោយ​រន្ទះបាញ់​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ១៣ ​ខ្នង​នៅក្នុង​ឃុំ​អូរអណ្ដូង និង ឃុំ​សាលា​ក្រៅ​ក៏​ត្រូវ​បាន​ខ្យល់​បក់​ដួលរលំ និង​ប៉ើង​របើក​ដំបូល​ផងដែរ ។

ចំណែក​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​វិញ​ផ្ទះ​ពលរដ្ឋ​ ១៩ ​ខ្នង​ព្រម​ទាំង​គោយន្ត​ ១ ​គ្រឿង​របស់​ប្រជាកសិករ​នៅ​ឃុំ​មោង ឃុំ​ប្រីយ៍ និង ឃុំ​ក្លាំងហាយ បាន​រងការខូចខាត​ដោយ​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ យោងតាម​ការប្រាប់​ឲ្យ​ដឹង​ពី​លោក អ៊ុន ស្រស់ អធិការ​ស្រុក​ស្រីស្នំ​កាលពី​ម្សិលមិញ​។

លោក ស្រស់ បាន​ថ្លែងថា​នៅ​ដើមខែ​មេសា​នេះ​មាន​ករណី​ភ្លៀង​កក់ខែ​កើតឡើង​ ២ ​ដង​ហើយ ដោយ​លើក​ទី​ ១ កើតឡើង​នៅ​ថ្ងៃទី​ ០២ ខែ​មេសា ឆ្នាំ ២០២០ បាន​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ​ ១៩ ​ខ្នង​នៅ​ឃុំ​ត្រាំសសរ និង ឃុំ​ជ្រោយ​នាងងួន ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​ ០៦ ខែមេសា នោះ​ទេ ព្រោះ​គ្រាន់តែ​ប៉ើង​ដំបូល​តិចតួច​ប៉ុណ្ណោះ​។

ចំណែក​នៅ​លើក​ទី​ ២ ​នេះ​គឺ​ផ្ទះ​ចំនួន​ ៤ ​ខ្នង​ក្នុងចំណោម​ ១៩ ​ខ្នង​បាន​ដួលរលំ​បាក់បែក​ទាំងស្រុង និង ៦ ​ខ្នង​ទៀត​ខូចខាត​មធ្យម និង​​ខូចខាត​គោយន្ត​ ១ ​គ្រឿង​ដោយ​រលំ​ផ្ទះ​បាក់​សង្កត់​លើ​។

លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា​មិនមាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ឬ​ក៏​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​ទេ​»​។

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ព្រមាន​ថា ជ្រលង​សម្ពាធ​ទាប​លើ​ផែនដី​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដូច្នេះ​ចាប់ពី​ថ្ងៃទី​ ០៨ ដល់​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​ ២០២០ ​នេះ សីតុណ្ហភាព​នៅក្នុង​បរិយាកាស​នឹង​មាន​ការធ្លាក់ចុះ​បន្តិចបន្ទួច​មកវិញ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ប៉ុន្តែ​នៅមុន​ពេល​មាន​ភ្លៀង​ធ្លាក់ ឬ​ក្នុង​អំឡុង​មាន​ភ្លៀង​ធ្លាក់​គឺ​មាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​។

​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​។ ខ្យល់កន្ត្រាក់​នៅតែ​បន្ត​កើតមាន ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ និង​តំបន់​ខ្ពស់​រាប​ខាងជើង​»៕