បន្ទាយមានជ័យៈ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ក្មេង​ចាស់​ប្រុស-ស្រី​ ៣ ​នាក់​ទៀត​បាន​រងរបួសធ្ងន់​ និង​ស្រាល ក្រោយពី​គ្រាប់​បេ​ ៤០ ​មួយ​គ្រាប់​បាន​ផ្ទុះ​កាលពី​ព្រឹក​ថ្ងៃទី​ ២៧ ខែ មេសា ឆ្នាំ​ ២០២០ នៅ​ចំណុច​លូ​ធំ​ខាងជើង​កែង​ផ្លូវ​វិស្វកម្ម​ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

លោក ចន ម៉ាប់ អធិការរង​ស្រុក​អូរជ្រៅ​ទទួល​បន្ទុក​ផែន​សន្តិសុខ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ គឺជា​បងប្អូន​កូនក្មួយ​នឹង​គ្នា ធ្វើ​ការងារ​ស៊ីឈ្នួល​ដក​ដំឡូងមី​នៅក្នុង​ភូមិ​កណ្តាល ឃុំ​សិង្ហ ស្រុក​អូរជ្រៅ​។

លោក​ ម៉ាប់ ​បាន​ថ្លែង​ដោយ​យោងតាម​សម្ដី​ជនរងគ្រោះ​ថា​មុនពេល​កើតហេតុ ក្មេង​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​បាន​រើស​គ្រាប់​បេ​ ៤០ ​នៅ​លើ​ដំបូក​ដែល​សល់​ពី​សង្គ្រាម​មក​កាន់​លែង ហើយ​គ្រាប់​បាន​ផ្ទុះ ខណៈ​ពេល​ដែល​ក្មេង​នោះ​ព្យាយាម​គ្រវែង​វា​ចោល​។

លោក ម៉ាប់ ថ្លែង​ថា​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ព្យាបាល​របួស ចំណែក​សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ទោះ​ជា​ប្រភេទ​អ្វី​ក៏ដោយ ថ្មី ឬ​ចាស់ មិន​ត្រូវ​ប៉ះពាល់ ឬ​ព្យាយាម​យក​វា​ចេញ​ពី​កន្លែង​ដែល​បាន​ប្រទះឃើញ​នោះឡើយ ប៉ុន្តែ​ត្រូវ​ប្រញាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ទាក់ទង​មន្ត្រី​ជំនាញ ចុះ​ទៅ​ពិនិត្យ និង យក​វា​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ឬ ដុត​កម្ទេចចោល​នៅនឹងកន្លែង​តាម​បទដ្ឋាន​បច្ចេកទេស​។

ជនរងគ្រោះ​ឈ្មោះ​ ជា ស្រីមួយ ថ្លែង​ថា ក្រុមគ្រូពេទ្យ​ជំនាញ​ខេត្ត​បន្ទាយមានជ័យ​បាន​វះកាត់​យក​កម្ទេច​អំបែង​គ្រាប់​ចេញ​ពី​មុខរបួស​ជនរងគ្រោះ​ទាំងអស់​៕