ព្រៃវែងៈ អ្នក​ស្រី ធៀន ចន្នី ដែល​ជា​គ្រូ​បង្រៀន​​ម្នាក់ នៅ​សាលា​បឋម​សិក្សា​បញ្ញ​ខេត្ដារាម ដែល​ប្តី​របស់​អ្នក​ស្រីឈ្មោះ​ ទុន គន្ថា ជា​ប្រធាន​ច្រក​​ព្រំ​ដែ​ន​អន្ដ​រជាតិ​ចក្រី ខេត្ដ​ព្រៃ​វែង នៅ​ពេល​នេះ​កំពុង​តែ​លក់​ដី​ លក់​ផ្ទះ​ដើម្បី​សង​ប្រាក់​ត្រឡប់​​ទៅ​ប្រជា​ពល​រដ្ឋ​វិញ បន្ទាប់​ពី​​ពល​រដ្ឋ​ប្រមាណ ១០ គ្រួសារ ក្នុង​ចំណោម​​ប្រមាណ ៦០ គ្រួសារ​ដាក់​ពាក្យ​ប្តឹង ដោយ​ចោទ​ថា ស្រ្តី​រូប​នេះ បាន​បោក​យក​ប្រាក់​ពី​ពួក​គាត់ ​ក្នុង​ម្នាក់​ៗពី ៣​​ ពាន់​ទៅ៦ពាន់​ដុល្លារ​ជា​ថ្នូរ​ដើម្បីឲ្យ​បាន​ចូល​ជា​មន្រ្ដី​ក្រប​ខ័ណ្ឌ​ប៉ូលិស។

ពល​រដ្ឋ​ដែល​អះ​អាង​ថា បាន​បង់​ប្រាក់​ឲ្យ​អ្នក​ស្រី ធៀន ចន្នី ​ក្នុង​ម្នាក់​ៗ​ពី​ ៣ ពាន់ ទៅ​ ៦ ​ពាន់​ដុល្លារ ដើម្បី​បាន​ចូល​ជា​ក្រប​ខ័ណ្ឌ​ប៉ូលិស​នេះ គឺ​រស់​នៅ សង្កាត់​ជើង​ទឹក និង​សង្កាត់ កំពង់លាវ ​ក្រុង​ព្រៃវែង ដែល​រឿង​នេះបាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៤​-​២០១៥​ មក ហើ​យ​​​មកដល់​ឆ្នាំ​ ២០១៦ ពេល​ចេ​ញ​លទ្ធផល​ឈ្មោះ​បេក្ខជន​ជាប់​ជាប៉ូលិស​ ​​បែរ​ជា​គ្មាន​ឈ្មោះ​កូនៗរបស់​ពល​រដ្ឋ​ទាំង​នោះ​​​ជាប់​ជា​ប៉ូលិស​សូម្បី​តែ​ម្នាក់ ទើប​មាន​ការ​ប្តឹង​តវ៉ា​ទាម​ទារ​យក​ប្រាក់​មក​វិញ​​តាំង​ពី​ពេល​នោះ​មក។

បើ​តាម​ពល​រដ្ឋ​ មូល​ហេតុ​ដែល​ពួក​គាត់​បង់​ប្រាក់​ឲ្យ​អ្នក​ស្រី​ ចន្នី ដោយ​សារ​តែ​ឮ​គេ​ថា អ្នក​ស្រី​ ចន្នី​ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ ជា​មួយ​លោក ​ស ខេង​រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ និង​លោក​ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ។

លោក វិន វុត្ថា ប្រជា​ពលរដ្ឋ​មួយ​រូប ដែល​បាន​ចំណាយ​​ប្រា​ក់​ប្រមាណ ៥ ៥០០ ដុល្លារ ដើម្បី​ជាថ្នូរ ឲ្យ​កូន​ ២ នាក់​ជាប់​ឈ្មោះ​ជាមន្រ្ដី​ក្រប​ខ័ណ្ឌ​ប៉ូលិស​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ទទួល​​ប្រាក់​​ត្រឡប់​ពីអ្នក​ស្រី ធៀន ចន្នី ប្រមាណ ២០០០ ដុល្លារ​ហើ​យ នៅសល់​ប្រមាណ ៣៥​០​០ ដុល្លារ​ទៀត។

លោក​បន្ដថា​៖ «ខ្ញុំ​ដាក់​កូន​ ២ នាក់​ ដំបូង​គេ​ថា​ យក​តែ​ពាក់​កណ្ដាល​សិន​ទេ ដល់ពេល​លទ្ធផល​ចេញ​បាន​គេ​យក​ទៀ​ត ហើយ​លើក​ទី ១ ​នេះ​ អស់​លុយ ៥៥០០ ដុល្លារ ប៉ុន្ដែ​ឥឡូ​វ​គេឲ្យ​ខ្លះ​វិញ​ហើយ»។​

លោក​បន្ថែម​ថា​៖ «ដាក់​ហ្នឹង​ដាក់​ឲ្យ​ជាប់​ប៉ូលិស តែ​មិន​ដឹង​ខាង​អីទេ គ្រាន់​តែ​ដឹង​ថា​ ដាក់​ឲ្យ​ជាប់​ចូល​ក្រប​​ខ័ណ្ឌ។ ដាក់​នេះ​ព្រោះ​ឃើញ​គាត់ (ធៀន ចន្នី) ​ស្គាល់​គេ​នៅ​ភ្នំពេញ​ច្រើនហើ​យ​​​ក៏ធ្លាប់​ជួយ​គេ​បាន​ជោគជ័យ​ដែរ។ កាល​ពីមុន​ៗ​​វា​​តិច​ៗ តែ​សារក្រោយ​នេះ​វា (អ្នក​ដាក់​យក​ឈ្មោះ​ជាប់​ក្របខ័ណ្ឌ) ច្រើន ហើយ​ណាមួយ​គេថា​ ស្គា​ល់​​ខ្សែ​បណ្ដោយ​នៅ​ខាង​លើ​ខាង​អី បាន​ចេះ​តែ​ជឿ​»។

បើតាម​ លោក វុត្ថា ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ជាប់ក្របខ័ណ្ឌនេះ​ ដំបូង​ក៏មិន​ចង់​ប្ដឹង​ដល់​តុលាការ​ដែរ ប៉ុន្ដែ​ អ្នក​ស្រី ធៀន ចន្នី មិន​ព្រម​សង​ប្រាក់​ដល់​ពួកគាត់​វិញ​ ដែល​ករណីនេះ កើតឡើង​តាំង​ពីឆ្នាំ ២០១៤-២០១៥ មក រហូត​មក​ដល់់​ឆ្នាំ ២០១៨ នៅ​តែ​មិន​ព្រម​សង​ប្រាក់​ទៀត​ ទើប​ប្ដឹង​​ទៅ​តុលាការ​តែម្ដ​។

អ្នក​ស្រី យ៉ាន ចាន់ដានី ប្រជាពលរដ្ឋ​ ១ ​រូប​ទៀត ដែល​បាន​ទៅ​ឲ្យ​អ្នក​ស្រី ​ធៀន ចន្នី ជួយ​រត់​ការ​ឲ្យ​កូន​ ២ ​នាក់បាន​ជាប់​​ក្រ​ប​ខ័ណ្ឌ​ប៉ូលិស​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ នេះ ពួក​អ្នក​ស្រី​ប្រមាណ ៩ នាក់​ត្រូវ​បាន​​តុលាការខេត្ដ​ព្រៃ​វែង​កោះ​ហៅ​ទៅ​ប្រាប់​ពី​ដំណោះ​ស្រាយ​​​រឿង​នេះ ដោយ​តុលា​ការ​​បាន​ប្រាប់​ថា នឹង​ពន្លឿន​ជួយ​ដោះស្រាយ​ឲ្យ​ឆាប់​ចប់។

អ្នកស្រី​បន្ដ​៖ ​«ខ្ញុំ​ដាក់​កូន​ ២ ​នាក់​ ម្នាក់​គេ​យក ៣ ០០០ ដុល្លារ។ អ៊ីចឹង​អស់​ ៦ ០០០ ដុល្លារ​ តែ​គេ​ឲ្យ​វិញ​បាន ១ ០០​០ ដុល្លារ​ហើយ នៅសល់​ ៥ ០០០ ដុល្លារ​ទៀត» ។​

ក្រោយពី​បានដឹង​រឿងនេះ​ ជា​ករណី​ឆបោក​រួចមក ទើ​ប​ប្រជាពលរដ្ឋ​ប្រមាណ​ ១០ ​គ្រួសារ​ក្នុង​ចំណោម ​៦០ គ្រួសា​រ​បាន​នាំគ្នា​ដាក់ពាក្យ​ប្តឹង​អ្នក​ស្រី​ ធៀន​ ចន្នី ទៅកាន់​តុលាការ​ខេត្ត​ព្រៃ​វែង ហើយ​តុលាការ​បាន​កោះហៅ​ពលរដ្ឋ​ទាំង​នេះ​​ចំនួន ២ ដង​រួច​មក​ហើ​យ ប៉ុន្តែ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ។

បើតាម​អ្នកស្រី​ ចាន់ដានី ពលរដ្ឋ​ប្រមាណ ៥០ គ្រួសារ​ទៀតនោះ​ មិន​បាន​ដាក់​ពាក្យ​​ប្តឹង​ដោយ​សារ​តែ​ពួក​គេ​បង់​ប្រាក់​អស់​តិច ដោយ​អ្នកខ្លះ​អស់ត្រឹមពី​ ៥០០ ទៅ ១ ០០០ ដុល្លារ។

អ្នក​ស្រី​បន្ថែម​៖ «អ្នក​ទៅ​សុំ​ឲ្យ​គាត់​ជួយ​រត់​ការឲ្យ​ជាប់​ក្របខ័ណ្ឌនេះសុទ្ធតែ​ជាអ្នកខុស​ស្ដង់ដាអ៊ីចឹង​បាន​នាំ​គ្នា​ទៅ​រក​គាត់ ដោយ​គាត់​​ប្រាប់​ថា មាន​​ចំណារ​ពី​លើ​មក ហើយ​គាត់​​យក​ចំណារ​ឲ្យ​មើល​ទៀត​ផង» ។

ទោះ​យ៉ាង​ណា អ្នក​ស្រី​ ចន្នី បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ពុធម្សិល​មិញថា អ្នកស្រី​ បាន​សង​​ប្រាក់​ត្រឡប់​វិញ​មួយ​ចំនួន​ហើយ​ ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​បាន​ប្តឹង​អ្នក​ស្រី​នោះ។

អ្នក​ស្រី​​​និយាយ​ថា​៖ «ខ្ញុំ​កំពុង​ដោះ​ស្រាយ​រឿង​ហ្នឹង ព្រោះ​អីគេ​បរិហារកេរ្ដិ៍​ខ្ញុំ​ខ្លាំង ខ្ញុំ​សូម​ប្ដឹង​បកវិញ ព្រោះ​រឿ​ង​ខ្លះ​មិន​ពិត​ ចេះ​តែ​បំផុស​ថែម បំផ្លើ​ស​ការ​ពិត​។ ព្រោះ​ខ្ញុំ​មិន​គិត​ថា គេ​ធ្វើ​ដល់​ថ្នាក់នឹង​ទេ ខ្ញុំ​មិន​ដែល​តប​តអីវិញទេ គេធ្វើ​អីធ្វើទៅ ព្រោះ​ខ្ញុំ​ មិន​ដែល​មាន​ទៅ​បោក​ប្រាស់​អ្នក​ណា។ ខ្ញុំ​សង​គេ​តាម​ដំណើរ គ្រាន់តែ​សុំ​អង្វរ​គេ ​ចុង​ក្រោយ​លក់​ដី​លក់អី ប៉ុន្ដែ​គេ​អត់​យល់​ចិត្ដ​យើង គេ​ចេះ​​តែ​ប្ដឹង​ៗ តែ​ខ្ញុំ​មិនដែល​តប​តវិញ​ព្រោះ​ខ្ញុំខ្ជិល​វែង​ឆ្ងាយ»។

អ្នក​ស្រី​បាន​បន្ថែមថា​៖ «គេ​បរិ​ហា​រកេរ្ដិ៍ខ្ញុំ​ខ្លាំង​ខ្ញុំ​ទ្រាំ​អត់​បាន​ ឥឡូវ​ខ្ញុំ​ប្ដឹង​បក​វិញ​ដែរ។ មាន​តែ​ប៉ុន្មាន​នាក់ដែល​ធ្វើ​បាប​ខ្ញុំ ក្រៅ​ពីហ្នឹង ​គ្មានអ្នក​ណា​គេ​ធ្វើ​បាប​ខ្ញុំ​ទេ​។ ព្រោះ​ប៉ុន្មាននាក់​ហ្នឹង ​គេ​ពួកម៉ាកប្ដី​ខ្ញុំ គេចង់​កាច់​​កុង​ខ្ញុំ​ផង​ ហើយ​ខ្ញុំ​សង​គេ​តែ​មិន​មែន​ថា មិន​សង​ឯណា គ្រាន់តែ​ថា ​គេ​ប្ដឹង​ពេក​ខ្ញុំ​ផ្អាក​សិន​ទៅ»។

អ្នក​ស្រី ចន្នី បាន​ឲ្យ​ដឹង​ថា ករណី​រត់​ការ​ឲ្យ​ប្រជា​ពលរដ្ឋ​នេះ ដំបូង​ឡើយ​ប្រជា​ពលរដ្ឋ​បាន​មក​សុំ​អង្វរ​ឲ្យ​ជួយ​ទើប​អ្នកស្រី​ជួយ ប៉ុន្ដែ​មិន​បាន​​ធានា​អះ​អាង​ថា ​ប្រាកដ​ជា​បាន​ជាប់​ជា​មន្រ្ដី​ប៉ូលិស​ក្រប​ខ័ណ្ឌ​នោះ​ទេ។

អ្នក​ស្រី​ថា​៖ «ខ្ញុំ​បាន​អះអា​ង​​ដែរ​ថា ធម្មតា​រត់ការ​វា​មិន​មែន​បាន​ទាំង​អស់​ទេ មិន​មែន​ថា ​ចេះ​តែ​បាន​ៗឯណា ហើយ​ខ្ញុំ​ក៏មិន​បាន​ធានា​អះអាង​ថាបា​ន​ ១០០ ភាគរយ​ដែរ»។

អ្នកស្រី​បន្ថែមថា​៖ «តុលា​ការ​គេជួយ​ដោះស្រាយ​ខ្ញុំ​ហើយ ​ឥឡូវ​អត់​អីទេ ប្ដី​ខ្ញុំ​កំពុង​ដោះ​-​ស្រាយ​ជាមួយ​គេ។ គេ​ស៊ើប​​ដឹង​រឿង​អស់​ហើយ គេ​អាណិត​ខ្ញុំ​ដែរ»។

បើ​តាម​អ្នក​ស្រី ចន្នី ប្រាក់​ដែល​នៅជំពាក់​ពល​រដ្ឋ​ទាំង​នោះ​​មាន​ចំនួន​សរុប​ប្រមា​ណ​ ២២ ០០០ ដុល្លារ​ទៀត ដែល​នៅ​សល់​ក្នុង​ម្នាក់​ពី​ ១ ០០០ ទៅ ២ ០០០ ដុល្លារ ព្រោះ​អ្នក​ស្រី​បាន​សងត្រលប់​ទៅវិញ​ខ្លះ​ម្ដង​រួច​ហើយ។

អ្នកស្រី​បញ្ជាក់​៖ «នៅ​ ៦-៧​ នាក់​អីទេ ព្រោះ​មាន​អ្នក​ខ្លះ​គេ​ដក​ពាក្យ​បណ្ដឹង​វិញ​ហើយ។ ខ្ញុំ​រាល់​ដង ខ្ញុំ​ជួយ​តែ​កូន​តែ​ក្មួយ​​ខ្ញុំ​ទេ អាកាល​ឆ្នាំ ២០១៤-១៥ ដល់​ពេល​ឃើញ​បាន គេ​ចេះ​តែ​មក​សុំ​ អ្នក​ជិត​ខាង​ឃើញ។ លើក​ក្រោយ​នេះ​វាអត់​បាន វា​ស្ទះ​ ព្រោះ​អ្នក​មក​ពឹង​នឹង​អ្នក​ខ្លះ​​មាន​កម្ព​ស់​ទាប ដល់​ច្បាប់​គេ​ កម្ពស់​​ទាប​ពេក​ គេ​អត់​យក​កើត​ទេ»។

អ្នក​ស្រី​បញ្ជាក់​៖ «រត់​ការ​ហ្នឹង ​ខ្ញុំ​សុំ​ដាក់​ឈ្មោះ​កូន​ក្មួយ​ខ្ញុំ ខ្ញុំ​សុំ​សម្ដេច និយាយ​តាម​ត្រង់ ប៉ុន្ដែ​គាត់​ស៊ី​ញ៉េ​ទៅ​វា​អត់​បា​ន​ទាំង​អស់ ដោយ​សារ​ខ្លះ​វាអត់​ត្រូវ​កម្ព​ស់។ ខ្ញុំ​ក៏បង្វិល​លុយ​ឲ្យ​វិញ​បណ្ដើរៗ ព្រោះខ្ញុំ​អត់​មាន​លុយ​បង្វិល​ឲ្យ​វិញ​គ្រប់​ភ្លាម​ៗទេ​ ខ្ញុំ​ឥឡូវ​អស់​លទ្ធភាព​ហើយ សុំ​អង្វរ​លក់​ដី​សិន លក់​ផ្ទះ​សិន»។

លោក ជា សុមេធី អភិបាល​ខេត្តព្រៃវែង មិន​អាច​សុំ​ការបកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​​បាន​ទេ ដោយ​លេខ​ទូរ​ស័ព្ទ​​​​របស់​លោក​មិនអាច​ទាក់ទងបាន​​។ ​

ប៉ុន្តែ លោក ពៅ ជីវី ស្នងការ​រង​ខេត្ត​ព្រៃ​វែង ទទួល​បន្ទុក​ផ្នែក​ ព្រហ្ម​ទណ្ឌ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិល​មិញ​ថា ករណី​នេះ លោក​បាន​ទទួល​បណ្ដឹង​ពីប្រជាពលរដ្ឋ​តាំង​ពី​ចុង​ឆ្នាំ ២០១៨ មក។

លោក​បាន​ឲ្យ​ដឹង​ថា ក្រោយ​​ពី​បាន​ធ្វើ​ការ​ស៊ើប​​​អង្កេត សំណុំរឿង​របស់​អ្នកស្រី ធៀន ចន្នី ចប់​សព្វ​​គ្រប់ សមត្ថ​កិច្ច​បាន​បញ្ចូ​ន​សំណុំ​រឿង​នេះ ​ឡើង​ទៅ​តុលាការ​​រួច​អស់ដែរ​ហើយ​។ «ករណី​នេះ ​នៅ​ពេល​យើង​រក​ដំណោះស្រាយ​អត់​​ចេញ​ យើង​បញ្ជូន​ទៅ​តុលា​ការ​គិត​គូរ​យូរ​ហើយ​។ តុលាការ​ក៏​បាន​ចាត់​ការ​ជា​បន្ដ​បន្ទាប់​ហើយ​ដែរ»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​ក្រសួង​មហាផ្ទៃ​ បដិសេធ​ធ្វើ​អធិប្បាយ ដោយ​​បង្វែរ​ឲ្យ​សួរ​ទៅ​តុលាការ​វិញ។

លោក ប៊ូ​ ប៊ុនហាន ​អ្នក​នាំ​ពាក្យ ព្រះ​រាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ ​ថ្លែង​ថា​៖ ​«​ខ្ញុំ​អត់​បាន​ដឹង មិន​ដឹង​ថា យ៉ាង​ម៉េច​ស្ថាន​ភា​ព​រឿង។ មិន​មែន​ថា​ មិន​ទទួលទេ មិន​ដឹង​ថា យ៉ាង​ម៉េច​ដែរ​ទាល់​តែ​ស្រាវ​ជ្រាវ​​មើល​សិន។ ទាល់តែ​សួរ​ខាង​ចៅក្រម»៕