
ស្ត្រីឈ្មោះ សំ សុខា ដែលយកស្បែកជើងគប់រូបស្លាកគណបក្សប្រជាជនកម្ពុជា ត្រូវគេចាប់បញ្ជូនពីក្រុងបាងកក ប្រទេសថៃ មកកម្ពុជាវិញ កាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៨។
ភ្នំពេញៈស្ត្រីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបស្លាកគណបក្សប្រជាជនកម្ពុជា ត្រូវគេចាប់បញ្ជូនពីក្រុងបាងកក ប្រទេសថៃ មកកម្ពុជាវិញ កាលពីយប់ថ្ងៃទី ៨ ខែកុម្ភ: ក្រោយមានសាលក្រមតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ។
សំ សុខា អាយុ ៣៨ ឆ្នាំត្រូវជាប់ចោទពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កាលពីយប់ម្សិលមិញ សុខា ត្រូវអាជ្ញាធរកម្ពុជាសហការជាមួយថៃចាប់បញ្ជូនខ្លួនមកកាន់ទឹកដីកម្ពុជាវិញ ក្រោយពីបានភៀសខ្លួនទៅទីនោះ និងត្រូវចាប់កាត់ទោសករណីស្នាក់នៅក្នុងប្រទេសថៃហួសទិដ្ឋាការ។
នៅថ្ងៃទី ២៥ ខែមករា ស្ត្រី សំ សុខា ត្រូវតុលាការខេត្តកំពង់ស្ពឺកាត់ទោសកំបាំងមុខ និងចេញសាលក្រមផ្តន្ទាទោស ២ ឆ្នាំដាក់ពន្ធនាគារ ព្រមទាំងពិន័យជាប្រាក់ ៥ លានរៀលផងដែរ។
យោងតាមដីកាបង្គាប់ចាប់ខ្លួន ឃុំខ្លួន ចុះថ្ងៃទី ២៥ ខែមករា ចៅក្រមជំនុំជម្រះ អ៊ុក រ៉េតគន្ធា បាន «បញ្ជាឲ្យកម្លាំងសាធារណ:ស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនឈ្មោះខាងលើមកឃុំខ្លួននៅពន្ធនាគារ» ។
ការចាប់បញ្ជូន សំ សុខានេះ ខណៈដែលអង្គការសហប្រជាជាតិក៏បានទទួលស្គាល់នាងជាជនភៀសខ្លួនផងដែរ។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ឲ្យដឹងតាមសារអេឡិចត្រូនិចថា៖ «ការបង្ខំជនភៀសខ្លួន សំ សុខា មកកម្ពុជាវិញ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងច្បាស់ក្រឡែត និងធ្ងន់ធ្ងរបំផុត ធ្វើឡើងដោយភាពផ្តាច់ការផ្នែកយោធារបស់ប្រទេសថៃ ដែលទំនងជាកំពុងស្វែងរកទិញប្រយោជន៍ពីលោក ហ៊ុន សែន» ។
លោកបន្តថា សហគមន៍អន្តរជាតិគួរតែធ្វើឲ្យប្រទេសថៃបង់សងនូវ «តម្លៃដ៏ធ្ងន់ធ្ងរ» នេះដោយសារតែធ្វើការបណ្តេញជនជាតិកម្ពុជាម្នាក់នេះ៕