ភ្នំពេញៈ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​កាលពី​ម្សិលមិញ​ស្នើសុំ​ចៅក្រម​សាលាឧទ្ធរណ៍​ឲ្យ​បន្ថយទោស​ដល់​ខ្លួន​ ខណៈ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់គុក​ ៨ ​ឆ្នាំ​ពាក់ព័ន្ធ​គ្រឿងញៀន​ ៩១,៦០ ​ក្រាម​​ប្រព្រឹត្ត​នៅ​ខេត្ត​ក្រចេះ​ក្នុង​ឆ្នាំ​ ២០១៦ ​។

ស្ត្រី​ជាប់ចោទ​ឈ្មោះ ង្វៀង ធី​វៀង អាយុ​ ២៧ ​ឆ្នាំ​បាន​ឆ្លើយ​ក្នុង​បន្ទប់​សវនាការ​ថា គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន ប៉ុន្តែ​គាត់​សូម​តុលាការ​បន្ធូរ​បន្ថយទោស​។

ស្ត្រី​ជាប់ចោទ​បញ្ជាក់​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​កំហុស និង​សូម​តុលាការ​បន្ធូរបន្ថយ​ទោស​ដល់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​ម្តាយ​ជរា​គ្មាន​អ្នក​ថែរក្សា​។ ចំពោះ​គ្រឿងញៀន​នោះ​ខ្ញុំ​យក​មកពី​ភ្នំពេញ​ដើម្បី​លក់​បន្ត​ហើយ​ទើប​ប្រកបរបរ​នេះ​បាន​ ១ ​ឆ្នាំ​ទេ​»​។

លោក​ព្រះរាជអាជ្ញា ង៉ែត សារ៉ាត តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជន​ជាប់ចោទ​បាន​សារភាព ឯ​ចំពោះ​បទល្មើស​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ជាក់ស្តែង​ទៀត​។ ​ម្យ៉ាង​កម្រិត​ធាតុសុទ្ធ​ស្ថិត​នៅ​ក្រោម​កម្រិត​នៃ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន​ផង​។ ​«​ខ្ញុំ​សូម​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ​ទុក​ជា​បានការ​ដដែល​»​។

លោក ឡោ គីមហ្គិច មេធាវី​ចាត់​តាំង​ការពារ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា កូនក្តី​លោក​បាន​សារភាព​នៅ​គ្រប់​ដំណាក់កាល ហើយ​ក៏​មិន​បាន​បង្ក​ការលំបាក​ដល់​តុលាការ​ដែរ​។ ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ មេត្តា​បន្ថយទោស​ដល់​កូនក្តី​លោក​ផង​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ប៉ាក ច័ន្ទសំបូរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា​សាលដីកា​នៃ​សំណុំ​រឿង​នេះ​​ប្រកាស​នៅ​ថ្ងៃទី​ ២១ ឧសភា​ខាង​មុខ​។

តាម​កំណត់ហេតុ​នគរបាល​បង្ហាញ​ថា កាលពី​ថ្ងៃទី​ ១២ ខែ​សីហា ឆ្នាំ​ ២០១៦ នគរបាល​ស្រុក​ស្នួល​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ និង​ឃាត់​ខ្លួន​បាន​បុរស​ឈ្មោះ ស៊ុន ពណ្ណរ៉ា អាយុ​ ៣២ ​ឆ្នាំ​ដោយ​ឆែក​ឃើញ​ថ្នាំញៀន​ ៥ ​កញ្ចប់​ស្មើ​ទម្ងន់​ ១២,២០ ​ក្រាម​។

កំណត់​ហេតុ​បង្ហាញ​ដែរ​ថា បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​បុរស​ខាង​លើ​ក៏​នាំ​ទៅ​ឃាត់ខ្លួន​ឈ្មោះ​ ង្វៀង ធីវៀង ម្នាក់​ទៀត និង​បាន​ឆែក​ឃើញ​ថ្នាំ​មេតំហ្វេតាមីន​ ២៧ ​កញ្ចប់​ទៀត​ស្មើ​ទម្ងន់​ ៩១,៦០ ​ក្រាម​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​ក្រចេះ ផ្តន្ទាទោស​ស្ត្រី​ជាប់ចោទ​ដាក់គុក​ ៨ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ១៥ ​លាន​រៀល រីឯ ឈ្មោះ ស៊ុន ពណ្ណរ៉ា ដាក់គុក​ ២ ​ឆ្នាំ ពិន័យ​ប្រាក់​ ៤ ​លាន​រៀល​កាលពី​ថ្ងៃទី​ ៣០ ​មករា​ឆ្នាំ​ ២០១៧ ចោទ​ពី​បទ ​«​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​តាម​បញ្ញត្តិ​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​»៕