រតនគិរី/ភ្នំពេញ៖ ​ស្ត្រី​វៀតណាម ​២ នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ​និង​បទ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី ​ក្រោយ​ពី​ចាប់​ខ្លួន​បាន ​២ ​ថ្ងៃ​។​

លោក ​សុខ​ ​សែនចំរ៉ុង​ នាយ​រង​ការិយាល័យ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​រតនគិរី​បាន​ថ្លែង​កាល​​ពី​ម្សិលមិញ​ថា​៖ ​«​​លោក​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ស្ត្រី​វៀតណាម ​២ ​នាក់ ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​តាម​មាត្រា ​៣៣​ ​នៃ​​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដែល​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ពិត​ជា​មាន​កំហុស​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ​២ ​ទៅ ​៥ ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ​៤ ​លាន​ទៅ ​១០ ​លាន​រៀល»​។​

លោក​ ​សែន​ចំ​រ៉ុង​ បាន​ឲ្យ​ដឹង​ថា ​​​ដោយ​ឡែក​ក្មេង​ស្រី​ម្នាក់​អាយុ ​១៤ ​​ឆ្នាំ ​ដែល​ថា​ពាក់ព័ន្ធ​គ្រឿង​ញៀន​ដែរ​នោះ​ត្រូវ​បាន​ដោះ​លែង​រី​ឯ​ស្រ្តី​ខ្មែរ​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដែរ​ព្រោះ​ក្រោយ​ធ្វើ​ តេស្ត​ទឹក​នោម​គ្មាន​សារធាតុ​ញៀន​​តែ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​អំពើ​ជួញដូរ​គ្រឿង​ញៀន​។​

លោក​ថ្លែង​ថា៖ ​«​ក្មេង​ស្រី​ម្នាក់​នោះ​​សមត្ថកិច្ច​ពិនិត្យ​ទឹក​នោម​មិន​ឃើញ​សារធាតុ​ញៀន​ហើយ​គាត់​ជា​អនីតិជន​ទៀត​។ ​ស្រ្តី​ខ្មែរ​ម្នាក់​ទៀត​ក៏​ឲ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​ក្រោម​ការ​តាមដាន​​របស់​តុលាការ​ដែរ​»​។​

លោក​ ​លាង​ អ៊ីម​ នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ឲ្យ​ដឹង​ថា​ ស្រ្តី​ដែល​លោក​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​រតនគិរី​ ទី​១- ​ឈ្មោះ​ ពៅ​ ដានី​ ភេទ​ស្រី​ អាយុ​ ១៤​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទី២ ​ឈ្មោះ​ ពៅ​ ហាក់​ ភេទ​ស្រី​ អាយុ​ ៥៥ ​ឆ្នាំ​ ជនជាតិ​វៀតណាម ទី៣ ​ឈ្មោះ​ ​ពៅ​ ​ប្រាក់​ ភេទ​ស្រី​ អាយុ​ ២៥ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ឈ្មោះ​ វិន​ ធីញុង​ ភេទ​ស្រី​ អាយុ ​៤៧ ​ឆ្នាំ​ ជនជាតិ​វៀតណាម​។​

លោក ​លាង​​ ​អ៊ីម​ ​ប្រាប់​ថា​​​ ជន​សង្ស័យ​ នោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ ​និង​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ​១៥​ ខែ ​មីនា​ ឆ្នាំ ​២០២០ ​ស្ថិត​ក្នុង​ភូមិ​ជ័យជំនះ ​សង្កាត់​ឡាបានសៀក​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​។​ ​ដក​ហូត​បាន​​វត្ថុ​តាង​បាន​ពី​ក្រុម​ជន​សង្ស័យ​​មាន​ ​ម្សៅ​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ១ ថង់​មាន​ទម្ងន់​ជិត ​៤ ក្រាម​, ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន ​១​, ទូរស័ព្ទ​ដៃ​ចំនួន ​៤ ​គ្រឿង​, ​ថង់​ច្រក​គ្រឿង​ញៀន​មួយ​ចំនួន​ និង​រួម​ទាំង​សម្ភារ​សេព ​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។​ ​

ដោយ​ឡែក​ ករណី​ដូច​គ្នា​នេះ​ដែរ ​​មន្រ្តី​នគរបាល​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា​កាល​ពី​វេលា​ម៉ោង ​១២ ​កន្លះ​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី ​១៥ ​មីនា ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​នេត​ និត​​ ភេទ​ប្រុស​ អាយុ ​៤២ ​ឆ្នាំ​ ជនជាតិ​​ខ្មែរ​ជា​អ្នក​លក់​អីវ៉ាន់​តាម​ online ​ស្នាក់នៅ​ផ្ទះ​ជួល ​ភូមិ​-សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ ​(​មាន​ផ្ទុក​សារធាតុ​)​។​ ​ទី២ ​ឈ្មោះ ​សេត​ ​ប្រាសឺត​ ភេទ​ ប្រុស ​ អាយុ ​៤២ ឆ្នាំ ​ជនជាតិ​ ថៃ​ ​សញ្ជាតិ​អាមេរិក ស្នាក់នៅ​បន្ទប់​ លេខ ​១០៥ ​ក្នុង​សណ្ឋាគារ​ឡាក់គីស្តារ​​ ​សង្កាត់​​ផ្សារ​ដើមគ​ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​ ​(​មាន​ផ្ទុក​សារធាតុ​ញៀន)​។​ ​ការ​ឃាត់ ​និង​ឃុំ​ខ្លួន​ពួក​គេ​ទាំង ​២ នាក់ ​ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល ​ខណ្ឌ​មានជ័យ​ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ផ្លូវ​គោក​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​លក់​ ​រថយន្ត​ម៉ាក​មែរសឺ​ដេស​ ផ្លូវ ​៦០ ​ម៉ែត្រ​កែង​ផ្លូវ ​៣០ ​​​ម៉ែត្រ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​​ខណ្ឌ​មានជ័យ។​

ពេល​នោះ​សមត្ថកិច្ច​បាន​កាក់​រថយន្ត ​១ ​គ្រឿង​ ម៉ាកនីស្សាន់ ​pickup ពណ៌​ប្រផេះ​ស្លាក​លេខ​ ភ្នំពេញ ​២BE ២៧៣៩​ ដែល​មាន​ជនសង្ស័យ​​ ២ នាក់ ​ជិះ​នៅ​​ក្នុង​រថយន្ត​ហើយ​សមត្ថកិច្ច​បាន​​​ធ្វើ​ការ​ឆែកឆេរ​ក្នុង​រថយន្ត​ឃើញ​មាន​​ម្សៅ​ក្រាម​ពណ៌​ស​ ថ្លា​​ចំនួន​ ២២ កញ្ចប់​។​ ​(​ថង់​តូច ​២១ ​កញ្ចប់​,​ ថង់​ធំ​ចំនួន ​១ ​កញ្ចប់)​,​ កែវ​​ជា​ឧបករណ៍​ជក់​គ្រឿង​ញៀន​មួយ​ចំនួន​, ​កូន​ថង់​ប្លាស្ទិក​មួយ​ចំនួន ​ទូរស័ព្ទ​ដៃ ​២ ​គ្រឿង​, ​លិខិត​ឆ្លងដែន ​UNITED​ Stated ​ចំនួន​ ​១ ក្បាល ​លេខ​ 567589888​,​ ចិញ្ចៀន​ត្បូង​ពណ៌​ស​ចំនួន ​១ ​វង់​, ខ្សែ​ក ​លោហធាតុ​ពណ៌​ស​ ១ ​ខ្សែ​៕​