ភ្នំពេញៈ សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា​ ៣ រូប ​ត្រូវបាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កោះហៅ​មក​សាកសួរ ថ្ងៃទី ១ ខែវិច្ឆិកា ​តាម​បណ្តឹង​របស់​លោក​ស្រី ស៊ុយ​ សុផាន​ ប្រធាន​ក្រុម​ហ៊ុន ​ផាន​ អ៊ីម៉ិច ​ដែលបាន​ប្តឹង​ពីបទ ​«គំរាម​កំហែង​ដោយមាន​បញ្ជាឲ្យ​បំពេញ​លក្ខណ្ឌ​អ្វីមួយ​ និង ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​» ប៉ុន្តែ ​ដំណើរការ​នៃការ​សួរចម្លើយ​នោះ​ត្រូវបាន​ពន្យា​ពេល​វិញ​តាម​សំណើ​របស់​មេធាវី​។

សកម្មជន​ដីធ្លី​ទាំង​ ៣ រូប​ ដែលត្រូវបាន​លោក​ស្រី​ស៊ុយ​ សុផាន​ ប្តឹង​ទៅ​តុលាការ​នោះ​ រួមមាន​ លោក​ស្រី​ភោគ​ ស៊ីភិន​ លោកស្រី​អ៊ឹម​ស្រីទូច​ និង​លោក​ស្រីស៊ា ​ណារ៉េន​។ ប៉ុន្តែ​ពលរដ្ឋ​សហគមន៍​បុរីកីឡា ​ដែលជាជន​សកម្ម​ខាង​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ខាងលើ ​បានបដិសេធ ​រាល់ការ​ចោទប្រកាន់​របស់​ដើម​បណ្តឹង​ ដោយ​អះអាងថា ​សំណុំ​រឿង​ប្តឹង​ពួកគេ​នេះ មិនមាន​មូលដ្ឋាន​ច្បាស់​លាស់​នោះទេ​។

លោក​ស្រី ភោគ សុ​ភីន ​សកម្មជន​ ម្នាក់​ក្នុង​ចំណោម​ អ្នក​តវ៉ា​ទំនាស់​ដីធ្លី​នៃ​សហគមន៍​បុរី​កីឡា​ថ្លែង​ក្រោយ​ចេញពី​តុលាការ​ថា ​តុលាការ​បាន​ពន្យា​ពេល​សាកសួរ ​ដោយសារ​មេធាវី​អ្នកស្រី​បានស្នើសុំ ​ព្រោះ​មេធាវី​ជាប់រវល់​សិក្សា ​និង​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿងនេះ​។ លោក​ស្រី ​ស៊ុយ សុផាន ​បាន​ប្ដឹង​លោកស្រី និង​បក្ខពួក​ចំនួន២នាក់​ផ្សេង​ទៀត​ បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ទៅ​តវ៉ា​ទាមទារ​ឲ្យ​លោក​ស្រីស៊ុយ ​សុផាន ​ផ្ដល់​សំណង​សមរម្យ​ចំពោះ​ការ​មក​រំលោភ​បំពាន​យក​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​។

លោក​ស្រី​ ភោគ ​សុ​ភីន ​បញ្ជាក់ថា​៖«គេ​ចោទ​ពួក​ខ្ញុំ​ពីបទ​ទៅ​បំផ្លិច​បំ​ផ្លា​ញ​ទ្រព្យសម្បត្តិ​គេ គេ​ថា ពួក​ខ្ញុំ​ហ្នឹង​យក​ដំបង​ទៅ​វាយរបង​វីឡា​គេ ​ហើយ​ទៅ​ស្រែក​បង្ក​ការរំខាន​គេ​រស់នៅ។ ​និយាយ​រួម​គេ​ចោទ​ខ្ញុំ​ច្រើនណាស់ ហើយ​គេ​ថា ខ្ញុំ​ហ្នឹង​ទៅ​បបួ​ល​បក្ខពួក​ពី​បុរី​កីឡា ​បឹងកក់ ​និង​សហគមន៍​ផ្សេងៗទៀត​មក​ស្រែក​ឡូឡា​មុខផ្ទះ​គេ។ ​ខ្ញុំ​ថា ខ្ញុំ​ខំ​ស្រែក​ប៉ុណ្ណឹង​ហើយ​មិន​ព្រម​ផ្ដល់​សំណង​ឲ្យ​ខ្ញុំ​ផង ចុះ​ទម្រាំ​ង​ខ្ញុំ​មិន​នាំគ្នា​ទៅ​តវ៉ា​ទៀត តើ​ពួក​ខ្ញុំ​នឹង​ទៅជា​យ៉ាងណា​ទៅ?»។

លោកស្រី​បន្តថា​ ក្រុម​អ្នកស្រី​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ​ទេ ​ក្រុម​អ្នក​តវ៉ា​ទាំង​អស់​គ្រាន់តែ​មកឈរ​កាន់​បដា ​និង​ស្រែក​ទាមទារ​សំណង​ដែល​លោកស្រី​បាន​ទៅ​រំលោភ​យក​ដីធ្លី ​និង​ឈូសឆាយ​ផ្ទះ​សម្បែង​របស់​ពួកគេ​តែប៉ុណ្ណោះ​។

លោក​ស្រី ស៊ា ​ណា​រ៉េន ជា​អ្នក​ចូល​បំភ្លឺ​ក្នុង​តុលាការ​ដែរ​ បាន​ថ្លែងថា ​ការចោទប្រកាន់​បែបនេះ ​វា​ប្រាសចាក​ឆ្ងាយ​ពី​អង្គ​ហេតុ និង​ខុសពី​ការពិត​ទាំងស្រុង។ លោក​ស្រី​អះអាង​ថា​៖«ខ្ញុំ​មិនបាន​ប្រព្រឹត្ត ​គឺ​ខ្ញុំ​មិនបាន​បារម្ភ ​ព្រោះ​ខ្ញុំ​មិនមាន​កំហុស ចុះ​ចំណែក​អស់លោក​ដែល​មក​ឈូស​ឆាយ​ផ្ទះ ​ប្លន់​យក​ដី​ខ្ញុំ​ហ្នឹង មាន​កំហុស​អត់? ខ្ញុំ​ទាមទារ​តែ​អ្វី​ដែលជា​របស់ខ្ញុំ​តើ»។មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ដីធ្លី ​លោក​តឹក ​ណារ៉ូ ​ឲ្យដឹង​ថា​ លោក​បាន​ស្នើសុំ​ពន្យា​ពេល​សាកសួរ ​ព្រោះ​សំណុំរឿង​មាន​លក្ខណៈ​ស្មុគស្មាញ ​និង​ស៊ាំ​ញ៉ាំ​ច្រើន ​ហើយថា ​លោកនៅ​មិនទាន់បាន​សិក្សា​ករណីនេះ​ឲ្យ​បាន​ស៊ីជម្រៅ​នៅ​ឡើយទេ​។

លោក​បញ្ជាក់ថា​៖«ខ្ញុំ​ទើប​ត្រ​ឡប់​មកពី​ខេត្ត អ៊ីចឹង​ខ្ញុំ​អត់​ទាន់​បាន​សិក្សា​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ​ ហើយ​យល់​មិនទាន់​ច្បាស់ ខ្ញុំ​អត់​ទាន់​ហ៊ាន​បញ្ចេញមតិ​ជុំវិញ​ករណីនេះ ខ្ញុំ​សុំ​ពេល​សិក្សា​លម្អិត​បន្ដិច​សិន»។

លោក​ស្រី ស៊ុយ ​សុផាន ​ប្រាប់ ​ភ្នំពេញ​ប៉ុស្ដិ៍​ ថ្ងៃទី១ ខែវិច្ឆិកានេះ ថា សំណុំ​រឿងនេះ ​លោក​ស្រី​​បានប្រគល់​ឲ្យ​ទៅ​មេធាវី ​និង​តុលា​ការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ ព្រោះ​ពួកគាត់​បាន​បង្ក​ការរំខាន​ការរស់នៅ​ និង​បង្ក​ប​ញ្ហា​ជាច្រើន​លើក​នៅខាងមុខ​ផ្ទះ​របស់​លោក​ស្រី។ ​ម្យ៉ាងវិញទៀត ​ពួកគាត់​ទាំងអស់​សុទ្ធតែ​ទទួលបាន​សំណង​ពី​សា​លា​ក្រុង​រួចរាល់​ហើយ ​ប៉ុន្ដែ​ពួក​គាត់​​នៅតែ​ទាមទារ​រក​នេះ រក​នោះ​ស្រេចតែ​ចិត្ត។

លោក​ស្រី​បញ្ជាក់ថា​៖«ខ្ញុំ​ប្ដឹង​ពួកគាត់​នេះ ​មិន​ទាមទារ​អ្វី​ច្រើន​ទេ ធ្វើ​ឲ្យ​ពួកគាត់​រាងចាល ​កុំ​ឲ្យ​ដើរ​ធ្វើ​អ៊ីចឹង​ទៀត ព្រោះ​សា​លា​ក្រុង​បាន​សង​គាត់​រួចហើយ​។ ខ្ញុំ​ធ្វើ​នេះ គឺ​ធ្វើ​ឲ្យ​ពួកគាត់​រាង​ ហើយ​បើ​មិន​រាង​ទេ គឺ​ធ្វើតាម​ច្បាប់ ​បើ​គាត់​សារភាព​ឈប់​​ធ្វើបែបនេះ​តទៅទៀត ​គឺ​យើង​អាច​និយាយ​គ្នា​បាន​តើ ​ពួកគាត់​សុទ្ធតែ​បាន​ផ្ទះ​អស់​ហើយ​ ម៉េច​ក៏​នៅ​តវ៉ា​ទៀត?»។

តាម​ដីកា​កោះហៅ​របស់​ លោក​ ស៊ី​ វណ្ណនី ​តំណាង​អយ្យការ​អម​សា​លា​ដំបូង​​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី១៦ ​ខែតុលា​នេះ​គឺបានអ​ញ្ជើញ​ឈ្មោះ ​ភោគ សុ​ភីន​ អ៊ឹម ស្រី​ទូច ​និង​ ស៊ា​ ណារ៉េន​ ដើម្បី​ចូល​បំភ្លឺ ពី​ដំណើ​ររឿង​ឈ្មោះ ​ស៊ុយ ​សុផាន ​ប្ដឹង​ពីបទ​ គំរាម​កំហែង​ដោយមាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​»។

កាលពី​ថ្ងៃទី ៧ ​ខែមីនា​ ឆ្នាំ២០១៨​ កន្លង​ទៅនេះ ​លោក​ស្រី​ ស៊ុយ ​សុផាន ​ប្រធាន​ក្រុមហ៊ុន ​ផាន ​អ៊ី​ម៉ិច​ បាន​ប្តឹង​អ្នកស្រី ភោគ​ សុ​ភីន ​អាយុ ៤៥ ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ក្រសួង​មហាផ្ទៃ​ម្ដង​រួចមកហើយ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ដូច​គ្នា​៕