ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសស្ត្រីសកម្មជនបឹងកក់ ៤ នាក់ឱ្យជាប់ពន្ធនាគារម្នាក់ៗ ៦ ខែក្នុងសំណុំរឿងចាស់កាលពីឆ្នាំ ២០១១ ក្រោមបទចោទប្រកាន់ប្រមាថមន្ត្រីរាជការសាធារណៈនៅពេលពួកគេស្វែងរកកិច្ចអន្តរាគមន៍ពីសាលារាជធានីភ្នំពេញរឿងដីធ្លីខណៈមន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលករណីនេះយល់ថាជាវិធីសាស្ត្រដើម្បីគំរាមដល់សហគមន៍មិនឱ្យចេញតវ៉ា។
បន្ទាប់ពីសវនាការពេញមួយព្រឹកកាលពីម្សិលមិញចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក លី សុខឡេង បានសម្រេចផ្តន្ទាទោសស្ត្រី ៤ នាក់រួមមានអ្នកស្រី ទេព វន្នី, ហេង មុំ, បូ ឆវី និង គង់ ចន្ថា ដាក់ពន្ធនាគារកំណត់ ៦ ខែពីបទប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសតាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌដែលបានប្រព្រឹត្តនៅមុខសាលារាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ វិច្ឆិកា ២០១១។ តែក្នុងសវនាការនោះពុំមានវត្តមានអ្នកស្រី ហេង មុំ ដែលជាជនត្រូវចោទ និងដើមបណ្តឹង ២ នាក់ជាមន្ត្រីរាជការឡើយ។
យ៉ាងណាក៏ដោយស្ត្រីទាំង ៣ នាក់ក្នុងចំណោមនោះត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្នខណៈអ្នកស្រី ទេព វន្នី ត្រូវបានបន្តជាប់ឃុំក្នុងសំណុំរឿងមួយទៀតពីបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៣។
ក្រឡាបញ្ជីបានអានពាក្យបណ្តឹងរបស់សាលាក្រុងដោយចោទថាពេលនោះស្រី្តបឹងកក់បានប្រមូលផ្តុំដោយគ្មានច្បាប់អនុញ្ញាតប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ការកកស្ទះចរាចរណ៍ ជាពិសេសក្រុមស្ត្រីបានប្រើហិង្សាលើសន្តិសុខខណ្ឌដែលបណ្តាលឱ្យរងរបួស ២ នាក់ដោយការគប់ទឹកសុទ្ធ គប់នឹងស្បែកជើងកែង ក្រញៅ និងគប់ដុំថ្មជាដើមទៅលើសមត្ថកិច្ច។
លោក ហម សុនរិទ្ធិ មេធាវីការពារក្តីជនជាប់ចោទបានអះអាងក្នុងបន្ទប់សវនាការថាភ័ស្តុតាងរបស់ដើមបណ្តឹងមិនមានភាពច្បាស់លាស់ និងមិនស៊ីចង្វាក់ទៅនឹងហេតុការណ៍នៅឆ្នាំ ២០១១ ឡើយ។
លោកគូសបញ្ជាក់ថា៖ «បន្ទាប់ពីស្តាប់សាក្សីបំភ្លឺដែលជាសមត្ថកិច្ច និងសំណុំរឿងមកខ្ញុំមិនឃើញជារូបភាពដែលកូនក្តីខ្ញុំបានជេរប្រមាថក៏ដូចជាវីដេអូដែលបានបញ្ចាំងនៅទីនេះក៏មិនមានដែរហើយភ័ស្តុតាងដែលយកមកដាក់បន្ទុកកូនក្តីខ្ញុំគឺនៅមានធាតុខ្សោយណាស់»។

«ទាក់ទងនឹងរូបថតវិញខ្ញុំបានពិនិត្យឃើញថាគឺខុសទៅនឹងព្រឹត្តិការណ៍ដែលមានក្នុងអង្គហេតុដោយរូបថតអ្នករងគ្រោះនេះដាក់ថាថ្ងៃ ១ ខែ ៥ ឆ្នាំ ២០១៦ ដូច្នេះសុំចៅក្រមពិចារណាថាភ័ស្តុតាងលើសំណុំរឿងហ្នឹងមែន ឬមិនមែនម្យ៉ាងទៀតក្នុងរូបថតមួយចំនួនដូចជាមិនមែននៅក្នុងសកម្មភាពនៃថ្ងៃកើតហេតុឡើយ»។
យ៉ាងណាក៏ដោយលោកថានឹងប្តឹងទៅសាលាឧទ្ធរណ៍ក្នុងពេលឆាប់ៗនេះ។ លោកថា៖ «ខ្ញុំគិតថាក្នុងសេចក្តីសម្រេចនេះនៅខ្វះភ័ស្តុតាងដាក់បន្ទុកទាក់ទងនឹងអំពើដែលគេចោទកូនក្តីខ្ញុំថាបានប្រព្រឹត្តហើយខ្ញុំនឹងពិភាក្សាជាមួយកូនក្តីក្នុងការប្តឹងឧទ្ធរណ៍យើងនៅមានរយៈពេល ១ ខែតែមិនទាន់កំណត់ថ្ងៃប្តឹងទេ»។
ក្នុងសវនាការស្ត្រីបឹងកក់ដែលមានវត្តមានបានអះអាងដូចៗគ្នាថាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ និងស្នើឱ្យតុលាការទម្លាក់ការចោទនោះ។
អ្នកស្រី ទេព វន្នី ប្រាប់ចៅក្រមថា៖ «ខ្ញុំឆ្លើយដដែលៗអត់បានប្រព្រឹត្តហិង្សាទេខ្ញុំអត់ទទួលស្គាល់ការចោទហ្នឹងទេសូម្បីក្នុងរូបថត និងវីដេអូចាក់ផ្សាយរូបណាឃើញខ្ញុំប្រើហិង្សា»។
ឯចំពោះអ្នកស្រី បូ ឆវី បានថ្លែងថា៖ «ពួកខ្ញុំគ្មានសមត្ថភាពណាប្រើហិង្សាលើសមត្ថកិច្ចទេបើប្រើហិង្សាមែនខ្ញុំមិនបានមកឈរនៅនេះទេគេចាប់ដាក់គុកយូរហើយ»។
ដោយឡែកអ្នកស្រី គង់ ចន្ថា ថ្លែងដែរថា៖ «ខ្ញុំអត់បានប្រើហិង្សាលើសមត្ថកិច្ចទេមានតែសមត្ថកិច្ចប្រើហិង្សាលើពួកខ្ញុំ ពួកខ្ញុំទៅទាមទារឱ្យដោះស្រាយដីធ្លីតែមួយគត់»។
អ្នកស្រីបានប្រាប់អ្នកសារព័ត៌មានក្រោយពីចេញសវនាការថា៖ «ការកាត់ក្តីឱ្យខ្ញុំមានទោស ៦ ខែគឺអត់មានយុត្តិធម៌សម្រាប់ពួកខ្ញុំសោះព្រោះអ្វីដែលខ្ញុំទាមទារគឺចង់ជួបអាជ្ញាធរដើម្បីដោះស្រាយបញ្ហាដីធ្លី តែអត់មានដំណោះស្រាយមានតែប្រើអំពើហិង្សា និងចាប់ពលរដ្ឋដាក់ពន្ធនាគារអ៊ីចឹងខ្ញុំនឹងដាក់បណ្តឹងទៅឧទ្ធរណ៍ទាមទារយុត្តិធម៌»។
អ្នកស្រីបន្ថែមថា៖ «នេះជាការលាបពណ៌ព្រោះអីអ្នកស្រី ទេព វន្នី គេទិញមិនលក់គំរាមមិនខ្លាចដល់អ៊ីចឹងគេប្រើវិធីនេះហើយព្យាយាមចោទអ្នកបឹងកក់ម្តងហើយម្តងទៀតអ្នកបឹងកក់មិនមែនជាគណបក្សប្រឆាំងទេ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ ដែលបានចូលរួមស្តាប់សវនាការថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងនាមជាតំណាងរាស្ត្រថាអ្នករងគ្រោះដីធ្លីរហូតដល់ជាប់ចោទ និងជាប់ឃុំក្នុងពន្ធនាគារគឺជារឿងមួយប៉ះពាល់ដល់សិទ្ធិស្ត្រីដែលជាភេទទន់ខ្សោយ។ តែ
លោកស្រីថា៖ «ខ្ញុំនឹងទាក់ទងជាមួយគណៈកម្មការស៊ីដ អង្គការសហប្រជាជាតិផ្នែកស្រី្តប្រចាំកម្ពុជាដើម្បីឱ្យគាត់ពិចារណាករណីនេះដាក់សម្ពាធទៅរដ្ឋាភិបាលដែលជារឿងអយុត្តិធម៌ធ្ងន់ធ្ងរសម្រាប់អ្នកស្រី ទេព វន្នី និងស្រ្តីដទៃទៀត»។
ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ដែលបានចូលរួមស្តាប់សវនាការយល់ឃើញថាការផ្តន្ទាទោសនេះគឺជាគំនាបដល់សហគមន៍ដីធ្លី។
លោកថា៖ «អ្នកបឹងកក់សកម្មក្នុងការទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអ៊ីចឹងខ្ញុំគិតថានេះជាការដាក់សម្ពាធដាក់គំនាបសម្រាប់អ្នកបឹងកក់ហើយបើយើងនិយាយពីឫសគល់នាំឱ្យចាប់ខ្លួនកើតចេញពីបញ្ហាដីធ្លីបើសិនយើងពន្លឿនការដោះស្រាយដីធ្លីដល់ពលរដ្ឋខ្ញុំគិតថាមិនមានការតវ៉ានោះទេ»។
ក្នុងអំឡុងពេលសវនាការនោះមានស្រី្តបឹងកក់ប្រមាណ ៣០ នាក់បានឈរស្រែកមុខតុលាការដោយបានលើកបដាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីផ្សេងទៀតព្រមទាំងបានធ្វើពិធីបន់ស្រន់ដោយដាក់បណ្តាសាដល់មន្ត្រីប្រព្រឹត្តពុករលួយធ្វើជាសំពៅ រូបទីងមោង យមបាល និងយមទូតឱ្យទទួលកម្មផលដែលខ្លួនបានប្រព្រឹត្តខណៈដែលមានសន្តិសុខខណ្ឌ និងកម្លាំងសមត្ថកិច្ចឈរការពារប្រមាណ ៤០ នាក់៕