បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចកាលពីព្រឹកម្សិលមិញបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅច្រកព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ ខណៈដែលតុលាការបានចេញដីកាតាមចាប់ខ្លួនសកម្មជនគណបក្សនេះចំនួន ៣ នាក់ផ្សេងទៀតពីបទ «រួមគំនិតក្បត់» ក្នុងការចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលជាមួយលោក សម រង្ស៊ី។
លោក ថេង ជាង អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំបានថ្លែងកាលពីម្សិលមិញថា ក្រោយពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្ស ៣ នាក់ដែលរួមមាន ទី១ ស៊ឹម ស៊ាងឡេង ភេទប្រុស ទី២ យ៉ែម វណ្ណណែត ភេទស្រី និងទី៣ មាន ឡា ភេទស្រីពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបន្តថាកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ក្នុងចំណោមជនសង្ស័យ ៣ នាក់ខាងលើ នៅច្រកព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកម្សិលមិញ។
លោកបានបញ្ជាក់ថា៖ «នេះគឺជាការអនុវត្តរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការចាប់ខ្លួនខាងលើនេះ ហើយទាក់ទងនឹងលទ្ធផលនៃការអនុវត្តដីកាហ្នឹង យើងមិនទាន់ទទួលបានរបាយការណ៍ ឬសំណុំរឿងពីសមត្ថកិច្ចនៅឡើយ ដោយសារតែសមត្ថកិច្ចមិនទាន់បញ្ជូនមនុស្សមកដល់»។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងថា កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានចាប់ខ្លួនឈ្មោះ មាន ឡា នៅច្រកព្រំដែនប៉ោយប៉ែត ហើយបានប្រគល់ទៅកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី។ លោកបញ្ជាក់ថា៖ «គេមិនទាន់បញ្ជូនទៅពន្ធនាគាទេ ដោយសារតែសមត្ថកិច្ចខេត្តត្បូងឃ្មុំ គេទុកសាកសួរ ១ ថ្ងៃ ឬ ២ ថ្ងៃ»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តដែលចុះផ្សាយកាលពីថ្ងៃទី ៤ ខែ តុលា បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានសម្រេចធ្វើការចោទប្រកាន់លើជនទាំង ៣ នាក់នេះពីបទរួមគំនិតក្បត់តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ជនឈ្មោះ ស៊ីម ស៊ាងឡេង ឈ្មោះ ឃឹម វណ្ណណែត ឈ្មោះ មាន ឡា និងបក្ខពួកបានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ»។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការ «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់» នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទរួមគំនិតក្បត់ដែលត្រូវផ្តន្ទាទោសពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ទន្ទឹមនឹងនេះដែរចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ ៥៤ ឆ្នាំ ពាក់ព័ន្ធការចូលរួមគំនិតក្បត់ និងការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ៤ ខែតុលា។
សេចក្តីប្រកាសបញ្ជាក់ថា៖ «សូមបញ្ជាក់ជូនថា ដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន»។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សារ៉ាត់ ធ្វើឡើងបន្ទាប់ពីលោកបានផ្តល់បទសម្ភាសដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩ ថារូបលោកបានកៀរគរប្រជាពលរដ្ឋដែលចំណាកស្រុកទៅប្រទេស ថៃ ឱ្យទៅចូលរួមទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី។
កាលពីខែកញ្ញាកន្លងទៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ១៣ នាក់ ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ»។
ការចាប់ខ្លួន និងការចេញដីកាចាប់ខ្លួនជាបន្តបន្ទាប់នេះធ្វើឡើងក្រោយពីលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរឲ្យចូលរួមគាំទ្រដំណើរវិលត្រឡប់ចូលកម្ពុជាវិញរបស់លោក និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩៕