
ស្ត្រីសង្ស័យប្លន់សម្លាប់យាយម្នាក់នៅខេត្តសៀមរាបកាលពីថ្ងៃទី ៤ ធ្នូ។ រូបថត ប៉ូលិស
សៀមរាបៈ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមកំពុងសាកសួរស្ត្រីសង្ស័យម្នាក់ ក្រោយពីចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី ៧ ខែធ្នូ ក្នុងករណីសម្លាប់យាយអាយុ ៧១ ឆ្នាំម្នាក់ ប្លន់យកទ្រព្យសម្បត្តិកាលពីថ្ងៃទី ៤ ធ្នូ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
អធិការនគរបាលស្រុកសូទ្រនិគមលោក ទេព ចាន់ណា ឱ្យដឹងពីម្សិលមិញថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈពេលកំពុងសម្ងំក្នុងផ្ទះស្ថិតនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ១៣ និង ៣០ នាទី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ពិតជាបានវាយសម្លាប់ប្លន់យាយអាយុ ៧១ ឆ្នាំ កាលពីថ្ងៃទី ៤ ខែធ្នូ ពិតមែនដោយយកចបជីកដងដែកវាយក្បាលជនរងគ្រោះ។
លោក ចាន់ណា ថ្លែងថា៖ «បើតាមចម្លើយសារភាពរបស់ជនសង្ស័យគឺជនដៃដល់បានដឹងថា យាយនោះមានលុយ ហើយតាមដានយាយរហូតដល់កន្លែងគាត់ជីកដំឡូងនៅវាលស្រែក្បែរកន្លែង គាត់ចងគោ ក៏លួចវាយពីក្រោយ។ តែវាយមិនចំគោលដៅត្រូវយាយនោះតបតវិញ រហូតប្រតាយប្រតប់គ្នាជនសង្ស័យដណ្តើមជំនីក [ចបជីក] បានវាយសម្លាប់តែម្តង»។
លោក ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបឱ្យដឹងថាមកដល់រសៀលថ្ងៃទី ៨ ធ្នូ សមត្ថកិច្ចកំពុងបន្តសួរចម្លើយ និងប្រមូលភ័ស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមនៅឡើយ។ ប៉ុន្តែបើតាមរបាយការណ៍សារភាពជាបឋមនោះ គឺទ្រព្យសម្បត្តិដែលជនសង្ស័យប្លន់បានមានលុយខ្មែរជាង ២ លានរៀល ចំណែកមាសបានបាត់ទ្រង់ទ្រាយដើមមិនដឹងច្បាស់ថា មានទម្ងន់ប៉ុន្មានទេ។
លោក សុខា ថ្លែងថា៖ «ក្រោយប្លន់បាន ជនសង្ស័យបានយកមាសដែលជាប្រភេទមាសសន្លឹកទៅផ្ញើគេម្នាក់ក្នុងភូមិជាមួយគ្នា។ ឥឡូវសមត្ថកិច្ចរកឃើញហើយក្រោយពិនិត្យឃើញថា មាសសន្លឹកនោះបាត់ភាពដើមមិនទាន់អាចសន្និដ្ឋានបានថា ប៉ុន្មានទេ ខណៈលុយខ្មែរត្រូវជនសង្ស័យសារភាពថា មាន ២ លាន ៨០ ម៉ឺន»។
ទោះយ៉ាងណានៅរសៀលថ្ងៃម្សិលមិញ លោក សុខា ប្រាប់ថា សំណុំរឿងនេះលោកនៅមិនទាន់អាចបញ្ជាក់បានច្បាស់នៅឡើយទេ ព្រោះសំណុំរឿងស្ថិតក្នុងនីតិវិធីសួរនាំក្នុងដៃសមត្ថកិច្ចមិនទាន់បានបញ្ជូនមកពេញលេញទេ។
លោក អ៊ី វិន មេប៉ុស្តិ៍រដ្ឋបាលតាយ៉ែក ឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យបានស្នាក់នៅផ្ទះធ្វើដូចសមត្ថកិច្ចមិនបានដឹងរឿង។ ប៉ុន្តែក្រោយបើកការស៊ីបអង្កេត ទើបឈានដល់កំណត់មុខសញ្ញា ហើយហៅជនសង្ស័យមកសួរនាំរហូតដឹងច្បាស់ថាជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសពិតមែន។
បើតាមលោក អ៊ី វិន នៅថ្ងៃទី ៤ ខែធ្នូ វេលាម៉ោង ៧ ព្រឹក ជនរងគ្រោះបានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ។ ពេលត្រឡប់មកពីបុណ្យវិញ ប្រហែលម៉ោង ៩ ព្រឹកបានដឹកគោយកទៅចងនៅស្រែរបស់ខ្លួននៅខាងកើតភូមិដាក់ផ្កា (ម្តុំកន្លែងកើតហេតុ) ចម្ងាយប្រហែល ២ គីឡូម៉ែត្រ។
លុះដល់ម៉ោង ១៤ និង ៣០ នាទីក៏ជិះកង់ទៅមើលគោ និងរើសកួរស្រូវនៅឯស្រែនៅចំណុចត្រពាំងរូងដដែល។ លុះដល់ម៉ោង ១៩ យប់ កូនមិនឃើញម្ដាយត្រឡប់មកផ្ទះ ក៏ប្រាប់បងប្អូនអ្នកជិតខាងឱ្យជួយរកម្ដាយនៅកន្លែងចងគោនោះ ក៏ឃើញជនរងគ្រោះនៅនឹងគុម្ពោធព្រៃក្នុងវាលស្រែ ដោយឃើញស្លាកស្នាមរបួសថ្ពាល់ខាងឆ្វេង និងឈាមជាច្រើន ពេលនោះក្រុមគ្រួសារក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ពេលទៅដល់មន្ទីរពេទ្យបង្អែកស្រុក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង៕