ភ្នំពេញៈ ស្ត្រីសង្ស័យម្នាក់ ដែលបានសម្លាប់ស្រ្តីមេម៉ាយម្នាក់ រួចកាត់ដៃ កាត់ជើង ពន្លះសាច់ជាបំណែកៗពីដងខ្លួន ហើយយកទៅបោះចោល ក្នុងទឹកទន្លេសាប ម្តុំផ្សារកណ្តាលដោយសារតែរឿងគំនុំជំពាក់ប្រាក់ស្ត្រីរងគ្រោះជាង ៤ លានរៀល ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានកាលពីយប់ថ្ងៃទី ១០ ខែ មិថុនា ហើយកាលពីម្សិលមិញ សមត្ថកិច្ចបាននាំស្ត្រីសង្ស័យទៅបង្ហាញកន្លែងទម្លាក់ចោលសាកសពនៅមាត់ទន្លេ។ នេះបើតាមកូនស្រីទោលរបស់ស្ត្រីរងគ្រោះ។
យុវតីម្នាក់ឈ្មោះ ពេជ្រ ស៊ាវម៉ី មានអាយុ ១៧ ឆ្នាំ រៀននៅថ្នាក់ទី ៨ នៃសាលាវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដែលជាកូនទោលរបស់ស្រ្តីរងគ្រោះ បានរៀបរាប់ប្រាប់ពីម្សិលមិញថា ម្តាយរបស់នាង ឈ្មោះ គឹម យ៉ានាង អាយុ ៤០ ឆ្នាំ ជាជាងអ៊ុតសក់ នៅផ្សារចាស់។
នៅមុនថ្ងៃបាត់ខ្លួន គឺកាលពីថ្ងៃចន្ទទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ម្តាយនាងត្រូវបានស្រ្តីល្មើស ហៅទៅលេងផ្ទះនៅម្តុំផ្សារកណ្តាល ម្តុំគុកតេ ៣ ចាស់។
ម្តាយនាងបានបបួលកូនជាងអ៊ុតសក់ទៅជាមួយដែរ រហូតដល់ពេលល្ងាចទើបម្តាយនាងត្រឡប់មកផ្ទះវិញ ដោយបានយកទាំងកូនតូចម្នាក់របស់ស្រ្តីល្មើសមកជាមួយផង។
នាងបន្តថា លុះព្រឹកឡើង វេលាម៉ោងប្រហែល ១០ នៅថ្ងៃទី ៣ មិថុនា ម្តាយនាង បានជិះម៉ូតូកូនទាដឹកកូនស្រ្តីល្មើសទៅប្រគល់ឲ្យម្តាយគេវិញ ហើយម្តាយរបស់នាងក៏បាត់ដំណឹងតាំងពីថ្ងៃនោះមក។ បន្ទាប់ពីម្តាយបាត់ខ្លួនមក គឺនាងបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលជ័យជំនះ ក្នុងខណ្ឌដូនពេញ ហើយក៏បានប្រកាសតាមបណ្តាញសង្គមស្វែងរកម្តាយរហូតដល់ថ្ងៃសមត្ថកិច្ចចាប់ខ្លួនស្រ្តីសង្ស័យបាន។
លោក ធន់ កៅនី នាយប៉ុស្តិ៍សង្កាត់ជ័យជំនះ កាលពីម្សិលមិញបានបដិសេធធ្វើអធិប្បាយ ដោយឆ្លើយថា ជាប់ប្រជុំ។
កូនស្រ្តីរងគ្រោះបន្តថា ម្តាយរបស់នាងបានប្រកបរបរអ៊ុតសក់នៅផ្សារចាស់អស់រយៈពេលពី ៧ ទៅ ៨ ឆ្នាំមកហើយ ហើយស្រ្តីល្មើសបានរាប់អានជាមួយម្តាយនាងប្រហែលជាង ២ ឆ្នាំ ដោយក្នុងអំឡុងពេលស្គាល់គ្នានោះស្រ្តីល្មើសបានជំពាក់លុយម្តាយរបស់នាងសរុបជាង ៤ លានរៀល។
កូនស្រ្តីរងគ្រោះបញ្ជាក់ថា៖ «ស្រ្តីនោះគាត់ជំពាក់លុយម៉ាក់ខ្ញុំខ្ទង់ជាង ២ ឆ្នាំមកនេះ។ ខ្ញុំសព្វថ្ងៃរស់នៅតែ ២ នាក់ម៉ាក់ខ្ញុំទេ ឯប៉ាខ្ញុំគាត់ស្លាប់ចោលខ្ញុំជាង ១០ ឆ្នាំមកហើយ ហើយពេលនេះម្តាយខ្ញុំត្រូវគេសម្លាប់ចោលខ្ញុំទៀត»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថមិនអាចទាក់ទងសុំអធិប្បាយបានទេ។
បើតាមមន្ត្រីកងរាជអាវុធហត្ថ ដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ស្រ្តីដៃដល់បានសម្លាប់ស្ត្រីរងគ្រោះ រួចហើយបានយកកាំបិតកាត់សាកសពជាបំណែកៗ ច្រកដាក់ស្បោងខ្មៅ ហើយយកទៅបោះចោលនៅច្រាំងទន្លេក្នុងខណ្ឌដូនពេញ៕