ភ្នំពេញៈ ណារី​កំពុង​ដេក​នៅ​លើ​គ្រែ​ជិត​ទារិកា​ទើប​នឹង​កើត​ដែល​នាង​បាន​ស៊ី​ឈ្មួល​ពពោះ​។ នាង​ស្លៀក​សារុង ពាក់​អាវធំ​ដៃ​វែង និង​ពាក់មួក​គឺជា​សម្លៀកបំពាក់​ដែល​ស្ត្រី​កម្ពុជា​ទើប​ឆ្លង​ទន្លេ​រួច​តែងតែ​ស្លៀកពាក់​។

នាង​ដេក​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​នឹង​ស្ត្រី​ជាច្រើន​ដែល​ទើប​ឆ្លងទន្លេ​រួច​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​កាលពី​ដើម​ខែ​តុលា ឆ្នាំ​ ២០១៨ ​នេះ​។ ប៉ុន្តែ​មាន​តែ​ ណារី ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​អង្គុយ​យាម​នៅ​មុខ​បន្ទប់​របស់​នាង​។

ណារី ដែល​មាន​កូន​ ៣ ​នាក់​រួច​ទៅ​ហើយ​នោះ​មិន​បាន​ឆ្លងទន្លេ​តាម​ធម្មតា​ទេ​។ ណារី ​គឺជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ចំនួន ៣២ នាក់​ដែល​កាលពី​ដំបូង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​នាម​ជា​ជនរងគ្រោះ ប៉ុន្តែ​នៅ​ទីបំផុត​នាង​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​មុន​ការជំនុំជម្រះ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ខែ​កក្កដា ​ក្រោម​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លក់ ទិញ ឬ​ដោះដូរ​មនុស្ស​សម្រាប់​ការផ្ទេរ​ឆ្លង​ព្រំដែន និង ​ប្រព្រឹត្ត​ជា​អន្តរការី​រវាង​ឪពុក ម្តាយ​ស្មុំ​កូន និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អន្តរការី​រវាង​ឪពុកម្តាយ​ស្មុំ​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ ពី​ ១ ​ទៅ​ ៦ ​ខែ​។

ប៉ុន្តែ​ឥឡូវ​នេះ​ស្ត្រី​ទាំង ៣២ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ១៦ ឧសភា ជា​មន្ទីរពេទ្យ​នគរបាល​ដែល​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ ២០ ​ឆ្នាំ​។

ណារី ជា​កម្មការិនី​កាត់ដេរ​នៅ​ជាយ​រាជធានី​ភ្នំពេញ នាង​បាន​ដឹង​អំពី​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​តាមរយៈ​កម្មការិនី​កាត់ដេរ​ដូច​គ្នា​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ជាមួយ​នាង​ធ្លាប់​បាន​ស៊ីឈ្នួល​ពពោះ​ជំនួស ហើយ​ពួកគេ​រកប្រាក់​បាន​គ្រប់គ្រាន់ ដើម្បី​ទិញ​ដី និង​ផ្ទះ​។

ណារី បាន​និយាយ​ថា​កាល​នៅ​ធ្វើ​ជា​កម្មករ​រោងចក្រ នាង​អាច​រកប្រាក់​បាន​ប្រមាណ​តែ ១២០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ ខណៈ​ដែល​ប្តី​របស់​នាង​ជា​អ្នក​រត់​ម៉ូតូឌុប​។ នាង​ត្រូវ​បាន​គេ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ចំនួន​ ៩០០០ ដុល្លារ​អាមេរិក សម្រាប់​ការ​ស៊ីឈ្នួល​ពពោះ​បង្កើត​កូន​ឲ្យ​គេ​បាន​ម្នាក់​។

នាង​និយាយ​ថា​៖ «​ត្រឹម​ពេល​ឥឡូវ​នេះ​ខ្ញុំ​ទទួល​បាន​ប្រាក់​ប្រមាណ ២ ០០០ ដុល្លារ​ហើយ​ក្នុង​ ១ ​ខែៗ​​ពួកគេ​ឲ្យ​ប្រាក់​ខ្ញុំ ៣០០ ដុល្លារ​។ ដោយសារ​ខ្ញុំ​ក្រ ខ្ញុំ​បាន​ជំពាក់​ប្រាក់​បងប្អូន​ទើប​ខ្ញុំ​ស៊ីឈ្នួល​ពពោះ​។ យើង​អត់​មាន​ដី​រស់នៅ ខ្ញុំ​ចង់​មាន​ដី​ផ្ទាល់​ខ្លួន​សង់ផ្ទះ​»​។

លោក ជុំ ប្រសិទ្ធ ប្តី​របស់​ ណារី ដែល​ជា​អ្នក​រត់ម៉ូតូឌុប ឥឡូវ​នេះ​ត្រូវ​មើលថែ​កូន​ផង​ និង​ត្រូវ​រត់​ម៉ូតូឌុប​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​តែ​ម្នាក់​ឯង​ចាប់​តាំងពី​ ណារី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​។

លោក ប្រសិទ្ធ ឲ្យ​ដឹងថា ណារី បាន​និយាយ​ជាមួយ​លោក​នៅ​មុន​ពេល​សម្រេច​ចិត្ត​ស៊ីឈ្នួល​ពពោះ​។ «​នាង​បាន​ប្រាប់​ខ្ញុំ​អំពី​អ្នក​ស៊ីឈ្នួល​ពពោះ ខ្ញុំ​បាន​ប្រាប់​នាង​ឲ្យ​ប្រុងប្រយ័ត្ន ប៉ុន្តែ​ដោយសារ​យើង​ក្រីក្រ​ខ្លាំង យើង​ចង់​បាន​លុយ​ទិញ​ដី ...​។ យើង​ឃើញ​គេ​ធ្វើ​វា​បាន​លុយ​ច្រើន​ទិញ​ដី​ និង​ធ្វើ​ផ្ទះ​ថ្មី​។ ជា​អ្នក​រត់​ម៉ូតូឌុប ខ្ញុំ​មិន​អាច​រកលុយ​បាន​ច្រើន​ទេ បច្ចុប្បន្ន​គេ​មិន​សូវ​ចូលចិត្ត​ជិះ​ម៉ូតូឌុប​។ ខ្ញុំ​ជំពាក់​បងស្រី ២៥០០ ដុល្លារ​អាមេរិក​»​។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ លីន ដែល​ក៏​មាន​សាច់រឿង​ស្រដៀង​គ្នា​នឹង​អ្នកស្រី​ ណារី ផង​ដែរ​ដោយ​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព​គ្រួសារ​យ៉ាង​លំបាក នាង​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ ដើម្បី​ស៊ីឈ្នួល​ពពោះ​ បន្ទាប់ពី​អ្នក​នៅក្នុង​ភូមិ​របស់​នាង​បាន​ផ្តល់​យោបល់​ដល់​នាង​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នាង​ទើប​តែ​ទទួល​បាន​ប្រាក់​ ៥០០ ​ដុល្លារ​ប៉ុណ្ណោះ​។

លីន និយាយ​ថា​៖ «​អ្នក​ជិតខាង​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ស៊ីឈ្នួល​ពពោះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទទួល​បាន​ប្រាក់ ៩០០០ ​ដុល្លារ​។ ខ្ញុំ​បាន​ប្រាប់​ប្តី​របស់​ខ្ញុំ គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​ពពោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ប្រាក់​ដើម្បី​សង់ផ្ទះ​មួយ​នៅ​ដាច់​ដោយ​ឡែក ​ពី​ម្តាយ​របស់​ខ្ញុំ ហើយ​យើង​មិន​បាន​គិត​ល្អិតល្អន់​អំពី​បញ្ហា​នេះ​»​។

លីន បន្ត​ថា​៖ «​ឥឡូវ​នេះ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​នឹក​ប្តី​របស់​ខ្ញុំ និង​កូនស្រី​របស់​ខ្ញុំ​។ គាត់​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​ចាប់ខ្លួន ហើយ​គាត់​បាន​មក​សួរសុខទុក្ខ​ខ្ញុំ​ម្តង​»​។

លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​សម្ពាស​ កាលពី​ខែ​កញ្ញា ​ថ្លែង​ថា ករណី​នេះ​នៅ​តែ​បន្ត​កើតឡើង​។ «​ពួកគេ​សំណាង​ដែល​កូន​នៅក្នុង​ផ្ទៃ​របស់​ពួកគេ​នៅ​ឡើយ បើ​សូម្បី​ពួកគេ​ជា​ឧក្រិដ្ឋជន ពួកគេ​មិន​ត្រូវ​បាន​ដាក់​នៅក្នុង​កន្លែង​លំបាក ដោយសារ​យើង​ចង់​ថែទាំ​ទារក​ដែល​ជា​ជនរងគ្រោះ​នៅក្នុង​ផ្ទៃ​របស់​ពួកគេ​»​។

ស្ត្រី​ស៊ីឈ្នួល​ពពោះ​មួយ​ចំនួន និង​ប្តី​របស់​ពួកគេ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​សម្ភាស បាន​និយាយ​ថា​ពួកគេ​ចង់​ចិញ្ចឹម​កូន​ដែល​ពួកគេ​បាន​ពពោះ​នោះ ដោយសារ​ពួកគេ​បារម្ភ​ថា​ពួកគេ​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ២០ ឆ្នាំ​ប្រសិន​បើ​ពួកគេ​មាន​បំណង​នាំ​យក​កូន​ទាំងនោះ​ទៅ​ឲ្យ​ឪពុកម្តាយ​ដែល​ចង់​បាន​កូន​នោះ​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​។

ណារី បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​នឹង​ពិបាក ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​មើលថែ​កូន​នេះ បើ​មិន​ដូច្នោះ​ទេ​ច្បាប់​នឹង​ចោទប្រកាន់​យើង​។ នៅពេល​កូនស្រី​របស់​ខ្ញុំ​ធំ​ឡើង យើង​មិន​អាច​លាក់​នាង​បាន​ទេ ដោយសារ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​ដែល​ខ្ញុំ​រស់នៅ គេ​គ្រប់​គ្នា​ដឹង​ថា ខ្ញុំ​ស៊ីឈ្នួល​ពពោះ​»​។

លីន ក៏​និយាយ​ដែរ​ថា​៖ «​ខ្ញុំ​នឹង​មិន​ឲ្យ​កូន​នេះ​ទៅ​នរណា​នោះ​ទេ ខ្ញុំ​នឹង​ចិញ្ចឹម​កូន​នេះ​ដោយ​ខ្លួនឯង មិន​ថា​ពួកគេ​ឲ្យ​លុយ​ខ្ញុំ​ប៉ុន្មាន​នោះ​ទេ​។ ខ្ញុំ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​កូន​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​ឲ្យ​កូន​នេះ​ទៅ​អ្នកដទៃ ខ្ញុំ​អាច​ត្រូវ​បាន​គេ​ចោទប្រកាន់​ទៅ​តាម​ច្បាប់​ និង​ជាប់​ពន្ធនាគារ ២០ ​ឆ្នាំ​»​។

ប្តី​របស់​ ណារី បាន​ថ្លែង​ថា​៖ «​យើង​មិន​ប្រាប់​កូនស្រី​របស់​យើង យើង​ស្រឡាញ់​នាង​ដូច​កូន​យើង​។ ខ្ញុំ​និយាយ​មិន​ចេញ​ទេ​។ វា​ប្រាកដ​ជា​លំបាក​សម្រាប់​យើង​ហើយ ដូច្នេះ​យើង​ត្រូវ​ខំ​ធ្វើការ​ទ្វេដង​។ មិន​ថា​លំបាក​យ៉ាង​ណា​ទេ យើង​ត្រូវតែ​តស៊ូ​។ ខ្ញុំ​ភ័យខ្លាច​ថា នៅ​ពេល​យើង​ចិញ្ចឹម​នាង​ធំ​ឡើង​ពួកគេ​មក​យក​នាង​វិញ​»​។

ប្តី​អាយុ ៣៦ ឆ្នាំ​ម្នាក់​ទៀត​ឈ្មោះ​ ជុំជួន ដែល​ក៏​ជា​អ្នក​រត់ម៉ូតូឌុប​ហើយ​ប្រពន្ធ​របស់​គាត់​ដែល​ជា​កម្មករ​រោងចក្រ​បាន​ស៊ីឈ្នួល​ពពោះ​បាន​ ៤ ​ខែ​បាន​និយាយ​ថា​លោក​នឹង​ចិញ្ចឹម​កូន​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​មិន​ប្រាប់​កូន​នេះ​អំពី​ប្រវត្តិ​របស់​នាង​ទេ ហើយ​ប្រសិន​បើ​យើង​មិន​ប្រាប់​គេ គ្មាន​នរណា​ម្នាក់​ដឹង​ទេ មិនមែន​រាល់​កូន​ទាំងអស់​សុទ្ធ​តែ​មាន​មុខ​មាត់​ដូច​ឪពុកម្តាយ​របស់​ពួកគេ​នោះ​ទេ​។ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ដឹង​ទេ ដោយសារ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ឈឺចាប់ វា​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ក្មេង​នោះ​ទេ​»​។

លោកស្រី ប៊ុនអេង បាន​ថ្លែង​ថា​រដ្ឋាភិបាល​ព្យាយាម​ធ្វើឲ្យ​ស្ត្រី​ទាំងអស់​នោះ​អាច​មាន​សិទ្ធិ​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​។ «​យើង​ត្រូវ​បង្រៀន​សង្គម​ឲ្យ​ទទួល​យក​ថា ស្ត្រី​ជា​ម្តាយ​នៃ​កូន​នោះ​មិន​ត្រូវ​រំឭក​អំពី​បញ្ហា​ដទៃ​។ ប៉ះពាល់​ ឬ​មិន​ប៉ះពាល់ វា​អាស្រ័យ​ទៅ​លើ​អ្នក​ខ្លួនឯង កូន​ប្រាកដ​ជា​ប៉ះពាល់​អារម្មណ៍​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ពួកគេ​រស់នៅ​ជាមួយ​ម្តាយ​របស់​ពួកគេ ហេតុអ្វី​អ្នក​លំបាក​ខ្លាំង​?»​។

លោក Rodrigo Montero ទីប្រឹក្សា​ផ្នែក​យេនឌ័រ​នៅ​អង្គការ UNDP បាន​ឆ្លើយ​តាម​អ៊ីមែល​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​។

លោក​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​គួរ​អនុវត្ត​ដោយ​គិត​អំពី​អត្ថប្រយោជន៍​របស់​កូន​ជា​ធំ​។ នោះ​មាន​ន័យ​ថា​ស្ត្រី​ទាំងនេះ​មិន​អាច​ត្រូវ​បាន​បង្ខំ​ឲ្យ​មានកូន ប្រសិន​បើ​វា​មិនមែន​ជា​អត្ថប្រយោជន៍​កូន​ជាធំ​។ ក្មេង​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​ការស្រឡាញ់ និង​ទទួល​បាន​ការថែទាំ​សមស្រប និង​ការផ្គត់ផ្គង់​សម្រាប់​ការអភិវឌ្ឍ​របស់​ពួកគេ​»​។

លោកស្រី ប៊ុនអេង បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១ ខែ​តុលា​ថា​កូន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ចំនួន​ ៩ ​នាក់​បាន​កើត​រួច​ហើយ ហើយ​សំបុត្រ​កំណើត​ត្រូវ​បាន​ធ្វើ​ដោយ​គ្រួសារ​របស់​ស្ត្រី​ស៊ីឈ្នួល​ពពោះ​។ លោកស្រី​បញ្ជាក់​ថា ស្ត្រី​ទាំងនោះ​គឺជា​ម្តាយ​របស់​កូន​ទាំង​នោះ​នៅ​ក្នុង​សំបុត្រ​កំណើត​។

ទោះ​យ៉ាង​ណា​សាច់ញាតិ​ម្នាក់​ក្នុង​ចំណោម​សាច់ញាតិ​របស់​ស្ត្រី​ស៊ីឈ្នួល​ពពោះ​បាន​អះអាង​ថា ពួកគេ​មិន​ទាន់​បាន​ធ្វើ​សំបុត្រ​កំណើត​សម្រាប់​កូន​នោះ​នៅ​ឡើយ​ទេ​។

អ្នក​នាំពាក្យ​ក្រសួង​កិច្ចការនារី​លោក ប៉ុន ពុទ្ធបូរី បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា ក្រសួង​មិន​អាច​ផ្តល់​ជំនួយ​ណា​មួយ​ដល់​ស្ត្រី​ទាំង​នោះ​ទេ​។

លោក​បន្ត​ថា​៖ «​ជាមួយ​ករណី​ចាប់​ខ្លួន​នេះ យើង​ពិត​ជា​អាណិត ប៉ុន្តែ​យើង​មិន​បាន​ផ្តល់​ជំនួយ​ណា​មួយ​ទេ ប៉ុន្តែ​យើង​មាន​ដៃគូ​របស់​យើង​ដែល​ឧបត្ថម្ភ​ពួកគេ​។ និយាយ​ឲ្យ​ត្រង់​ទៅ វា​ពិតជា​សំណួរ​លំបាក​ឆ្លើយ​... ហើយ​យើង​អត់​មាន​ច្បាប់​អំពី​វា​។ យើង​បាន​ជួបប្រជុំ​អន្តរក្រសួង​នៅ​ពេល​ករណី​នេះ​កើតឡើង​ដើម្បី​ការពារ​អត្ថប្រយោជន៍​កូន​។ យើង​ចង់​ពិនិត្យ​ឲ្យ​ច្បាស់​ថា ស្ត្រី​ទាំង​នោះ​​ពិតជា​ជនរងគ្រោះ​នៃ​ការចាញ់​បោក​គេ​ ឬ​ដើម្បី​លុយ​»​។

ស្ត្រី​ស៊ីឈ្នួល​ពពោះ និង​ប្តី​របស់​ពួកគេ​និយាយ​ថា ពួកគេ​ចង់​ជួបជុំ​គ្រួសារ​វិញ​។

លោក​ ជុំ ជួន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ពិបាក​ចិត្ត​ណាស់​ដែល​ឃើញ​ប្រពន្ធ​របស់ខ្ញុំ​រស់នៅ​ទី​នោះ​ (​កន្លែង​ឃុំ​ខ្លួន​) ​ដោយ​មិន​មាន​សេរីភាព​។ ខ្ញុំ​ចង់​ឃើញ​នាង​មាន​សេរីភាព​នាពេល​ឆាប់ៗ​។ នាង​ប្រាប់​ខ្ញុំ​ថា នាង​ដេក​មិន​លក់ ដោយសារ​នាង​គិត​ច្រើន​។ នាង​ថា​វា​ចង្អៀត និង​មាន​មនុស្ស​ច្រើន​នៅ​ទី​នោះ ហើយ​កូន​យំ វា​ថ្លង់​ណាស់​»៕ PS

(​ឈ្មោះ​ត្រូវ​បាន​ប្តូរ ដើម្បី​ការពារ​អត្តសញ្ញាណ​ខណៈ​ករណី​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នៅ​ឡើយ​)​។