ភ្នំពេញៈ ស្ត្រី​ចំនួន ៣២ នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ស៊ីឈ្នួល​ពពោះ​ជំនួស​នៅពេល​នេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅក្នុង​មន្ទីរពេទ្យ​នគរបាល​ ១៦ ឧសភា ដើម្បី​ងាយស្រួល​តាមដាន និង​ពិនិត្យ​សុខភាព​ពួកគេ ខណៈ​ស្ត្រី​ទាំង​នោះ​កំពុង​តែ​មាន​ផ្ទៃពោះ​។

បើ​តាម​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក សន កែវ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ត្រី​ខ្មែរ​ ៣២ នាក់​ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន និង​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរពេទ្យ ដើម្បី​ងាយស្រួល​តាមដាន​។

លោក​បញ្ជាក់​ថា​៖ «​ស្ត្រី ៣២ នាក់​គឺ​យើង​យក​គាត់​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​នគរបាល ១៦ ឧសភា​។ ចំពោះ​ករណី​នេះ​ផែនការ​បន្ត​ទៅ​មុខ​ទៀត ខ្ញុំ​មិន​ទាន់​ដឹង​ទេ ដោយសារ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ (​បទបញ្ជា​) ​នៅ​ឡើយ​»​។

លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្រៃ្តយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ថ្លែង​ថា ការឃុំ​ខ្លួន​ស្ត្រី​ទាំង​នោះ​ជា​ការ​សម្រេច​របស់​តុលាការ ហើយ​ថា​ស្ត្រី​ដែល​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​ទាំង​នោះ​គឺ​ដោយសារ​តែ​ពួកគាត់​មាន​បំណង​លក់​កូន​របស់​ខ្លួន​ដើម្បី​ប្រាក់​។

លោកស្រី​បញ្ជាក់​ថា​៖ «​អ្វី​ដែល​យើង​គិត​ជា​បឋម​ជនរងគ្រោះ​គឺជា​ទារក​នៅ​ក្នុង​ផ្ទៃ​។ ​យើង​បង្កើត​គាត់​មក បន្ទាប់មក​យើង​យក​គាត់​ទៅ​លក់ ដូច្នេះ​វា​អមនុស្សធម៌​ខ្លាំង​ណាស់​។ ផ្លូវ​ច្បាប់​មាន​ន័យ​ថា​អ្នក​ដែល​ពពោះ​ហ្នឹង គាត់​ផ្តល់​ទីកន្លែង​ និង​លាក់​ខ្លួន​ជនរងគ្រោះ​នៅ​ក្នុង​ពោះ​គាត់​។ ទីបំផុត​គាត់​នាំចេញ​យក​ទៅ​ឲ្យ​គេ​ហើយ​ដោះដូរ​ជា​លុយ ដូច្នេះ​វា​មិន​អាច​រួចផុត​ពី​ការចោទប្រកាន់​ទេ​»​។

លោកស្រី​បាន​បន្ថែម​ថា​ស្ត្រី​ទាំង​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​គឺ​ត្រូវ​តែ​ទទួលទោស​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ ហើយ​បើ​តាម​សាសនា​វិញ​ការ​ពពោះ​កូន​ដើម្បី​លក់​បែប​នេះ​ជា​អំពើ​បាប​។

លោកស្រី​បន្ត​ថា ប្រសិន​បើ​ពួកគាត់​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ទេ​នោះ​ស្ត្រី​ដទៃ​ទៀត​អាច​នឹង​យក​តម្រាប់​តាម​ពួកគាត់​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោកស្រី ប៊ុនអេង ​បញ្ជាក់​ថា​៖ «​យើង​ត្រូវតែ​ថែទាំ​គាត់ ដើម្បី​ឲ្យ​គាត់​ថែទាំ​កូន​បន្ត​ទៀត​។

ទោះ​យ៉ាង​ណា​ស្ត្រី​ដែល​កំពុង​ពពោះ គាត់​ត្រូវ​ឆ្លងកាត់​ការលំបាក​ផ្នែក​សុខភាព​ច្រើន ដូច្នេះ​យើង​ត្រូវការ​ការថែទាំ​គាត់​។ ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល យើង​មិន​ធ្វើ​ដូច​អ្នក​ទោស​ទូទៅ​ទេ ដោយសារ​គាត់​ជា​ស្ត្រី​ពពោះ ហើយ​យើង​បាន​និង​កំពុង​ថែទាំ​ពួកគាត់​យ៉ាង​ល្អ​»​។

កាលពី​ល្ងាច​ថ្ងៃ​ទី​ ៥ ខែ​កក្កដា ឆ្នាំ​ ២០១៨ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក កោ វណ្ឌី បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ស្ត្រី​ខ្មែរ​ ៣២ ​នាក់​ជា​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​សំណុំ​រឿង​ពពោះ​ជំនួស យក​កូន​លក់​ទៅ​បរទេស​។

លោក អ៊ី រិន ប្រធាន​ផ្នែក​រដ្ឋបាល​នៅ​សាលាដំបូង​រាជធានី​បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម កោ វណ្ឌី បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ខ្មែរ​ទាំង​នេះ​ពី​បទ ​«​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន​» និង​បទ «​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​» ​យោង​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យោង​តាម​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​ ២៩ ខែ​មិថុនា​ឆ្នាំ​ ២០១៨ លោក កោ វណ្ឌី ក៏​បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន បុរស​ចិន​ម្នាក់​ឈ្មោះ LlU QlANG អាយុ​ ៤៩ ​ឆ្នាំ ជា​មេការ​ និង​ស្ត្រី​ខ្មែរ​ចំនួន​​ ៤ ​នាក់​ទៀត​ដែល​ជា​មេការ​និង​ជា​អ្នក​បកប្រែ​ពី​បទ «​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន​» និង​បទ «​អន្តរការ​រវាង អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​» យោង​តាម​មាត្រា​ ១៦ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យោង​តាម​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​ដូច​គ្នា​នេះ​ដែរ​។

បើ​យោង​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តី​អំពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស ពួកគេ​ទាំង ៥ នាក់​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា​មានទោស​។ ពួកគេ​ទាំង​ ៥ ​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅក្នុង​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃទី ២១ ខែ​មិថុនា​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ខណ្ឌ​ឫស្សីកែវ​ពី​បទ​បង្កើត​ភ្នាក់ងារ​ស៊ីឈ្នួល​ពពោះ​ជំនួស​ខុសច្បាប់​ហើយ​ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​ក៏​បាន​រកឃើញ​ស្ត្រី​ចំនួន​ ៣២ ​នាក់ ខណៈ​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​។

លោកស្រី រស់ សុភាព​នាយិកា​អង្គការ​យេនឌ័រ និង​ការអភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC) ​មិន​គាំទ្រ​ចំពោះ​ការចាប់​ឃុំ​ខ្លួន​ស្ត្រី​ដែល​ស៊ីឈ្នួល​ពពោះ​ក្នុង​ពន្ធនាគារ​នោះ​ឡើយ​ដោយ​លោកស្រី​ថ្លែង​ថា​ស្ត្រី​ទាំង​នោះ​ក៏​ជា​ជនរងគ្រោះ​ដែរ​។ «​នៅពេល​ដែល​យើង​យក​ជនរងគ្រោះ​ (​ស្ត្រី​ស៊ីឈ្នួល​ពពោះ​) ​ទៅ​ដាក់​ពន្ធនាគារ​ដោយសារ​គាត់​ចរចា​ជាមួយ​អ្នក​ដែល​ផ្តល់​សេវា​ហ្នឹង ហើយ​ដោយសារ​គាត់​ក្រីក្រ​មែនទែន​គាត់​គ្មាន​ជម្រើស ហើយ​គាត់​មិន​ដឹង​ថា​ការ​ពពោះ​នេះ​ប៉ះពាល់​ជីវិត​ និង​សុខភាព​របស់​គាត់​...​គាត់​ធ្វើ​ដើម្បី​ជីវភាព​របស់​គាត់​»​។

លោកស្រី​បាន​បន្ថែម​ថា​ស្ត្រី​ទាំងនោះ​គ្មាន​បំណង​លក់​កូន​ទេ គឺ​ដោយសារ​តែ​ភាពក្រីក្រ ហើយ​ពួកគាត់​មិន​បាន​ដឹង​ថា ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​នេះ​គឺជា​អំពើ​ខុសច្បាប់​នោះ​ទេ ពីព្រោះ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​នេះ​។

លោកស្រី​ចោទ​សួរ​ថា​៖ «​តើ​កន្លែង​ណា​ (​ច្បាប់​ណា​) ​ដែល​ចែង​ថា​អំពើ​នេះ (​ស៊ីឈ្នួល​ពពោះ​ជំនួស​) វា​ខុស​ច្បាប់​...​គាត់​ដឹង​តែ​យក​លុយ​ហើយ​សម្រាប់​ពួកគាត់​លុយ ១ ​ម៉ឺន​ដុល្លារ​ច្រើន​ណាស់​»៕