ព្រៃវែងៈ ស្ត្រី​ម្នាក់​ដែល​ចាក់​សម្លាប់​ប្តី​ខ្លួនឯង​ស្លាប់ ប្រព្រឹត្ត​នៅ​ភូមិ​ក្តារពុក ឃុំ​សេនា​រាជាឧត្តម ស្រុក​ព្រះស្តេច​កាលពី​ថ្ងៃទី​ ២៩ ​កញ្ញា ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តព្រៃវែង​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ហើយ​កាលពី​ថ្ងៃទី​ ៣០ ​កញ្ញា​។

លោក​ អ៊ុក ផាត នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ព្រៃវែង​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ស្ត្រី​ឈ្មោះ សោម ស៊ីម៉ាត់ ដែល​សម្លាប់​ប្តី​នោះ​ត្រូវ​ចោទ​ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា​ ២២៤ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​ ៣០ ​កញ្ញា ហើយ​ចៅក្រម​ស៊ើបសួរ​ឈ្មោះ ទែន សុនីតា ចោទ និង​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ​។

លោក​ថ្លែងថា​៖ «​ស្ត្រី​ម្នាក់​នេះ​គាត់​ត្រូវ​បាន​សមត្ថកិច្ច​របស់​ខ្ញុំ​ចាប់គាត់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ហើយ​ក្រោយ​កើតហេតុ គាត់​ក៏​មិនបាន​រត់គេចខ្លួន​ដែរ​»​។

បើតាម​មាត្រា​ ២២៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា ស្ត្រី​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​ត្រូវ​ផន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ​ទៅ​ ១៥ ​ឆ្នាំ បើ​អំពើ​នេះ​បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់​។

ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះដែរ ត្រូវបាន​លោក អ៊ុក អូន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​សេនារាជា រំឭក​ប្រាប់​តាម​សម្តី​សាក្សី​ពី​ម្សិលមិញ​ថា ស្ត្រី​ស៊ីម៉ាត់ និង​ប្តី​ជា​ជនរងគ្រោះ​ឈ្មោះ​ ប៊ុន លី អាយុ ៤៧ ​ឆ្នាំ​ ពួកគេ​មាន​កូន​ចំនួន​ ៣ ​នាក់​ប្រុស​ ២ ​នាក់​នៅក្នុង​បន្ទុក​។ ប៉ុន្តែ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​សុទ្ធតែ​ជា​មនុស្ស​ញៀន​ស្រា ស្រវឹង​ខួប ដែល​គ្មាន​នរណា​ប្រដៅ​នរណា​បានទេ​។

នៅមុន​ពេល​កើតហេតុ វេលា​ម៉ោង​ជាង​ ១១ ​ថ្ងៃត្រង់​ថ្ងៃទី​ ២៩ ​កញ្ញា ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​ផឹកស្រា​ស្រវឹង ហើយ​ទាស់​ពាក្យសម្តី​គ្នា​ដោយ​មាន​ប្រើ​ហិង្សា​វាយ​របស់របរ​នៅក្នុង​ផ្ទះ​ផង​។ ប៉ុន្តែ​ទោះជា​គ្រួសារ​ ១ ​នេះ​ឈ្លោះ​គ្នា​ក្តី​ក៏​អ្នករស់នៅ​ជិតខាង​មិនបាន​អើពើ​ជួយ​ឡើយ ព្រោះ​គេ​យល់​ថា វា​ជា​ទម្លាប់​របស់​គ្រួសារ​នេះ​ទៅហើយ​។

លោក​ អូន ប្រាប់​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​ថា ពេល​កំពុង​ឈ្លោះប្រកែក​គ្នា​នោះ ប្តី​របស់​គាត់​បាន​វាយ​គាត់​ដែរ ហើយ​ដោយសារ​តែ​គាត់​ខឹង​ក៏​ស្ទុះ​ទៅ​យក​ដែក​ដាប់​ដែលជា​ឧបករណ៍​សម្រាប់​ដាប់ថ្ម​ស៊ីម៉ងត៍​មានមុខ​ស្រួច​ចាក់​ត្រូវ​បំពង់ក​ប្តី​របស់​គាត់​ប្រកាច់​ស្លាប់​នៅ​នឹង​បរិវេណ​ផ្ទះកើតហេតុ​ទៅ​។ ក្រោយពី​សម្លាប់​ប្តី​ហើយ​គាត់​ក៏​មិនបាន​រត់គេចខ្លួន​ទៅណា​ទេ​។

លោក អ៊ុក អូន ប្រាប់ទៀត​ថា ក្រោយ​កើតហេតុ​ពលរដ្ឋ​នៅក្បែរ​នោះបាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​របស់លោក​។ នគរបាល​បាន​ពិនិត្យ​សាកសព​ជនរងគ្រោះ​ឃើញថា នៅ​ផ្នែក​ខាងមុខ​ក មាន​ស្នាម​ចាក់​នឹង​វត្ថុ​រឹង​មុត​ជ្រៅ​ ១ ​កន្លែង​។ បន្ទាប់មក​លោក​បាន​រាយការណ៍​ទៅ​អធិការ​នគរបាល​ស្រុក​ព្រះស្តេច ហើយ​លោក​អធិការ​ស្រុក​បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​ស្ត្រី​បង្ក​បទល្មើស​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ នគរបាល​ក្នុង​ថ្ងៃ​ដដែល​នោះ​។

ពាក់ព័ន្ធ​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​នេះ​ត្រូវ​បាន​លោក អំ សំអាត ​មន្ត្រី​បច្ចេកទេស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ​ពី​សប្តាហ៍​មុន​ថា បញ្ហា​ជាតិ​ស្រវឹង និង​ការញៀន​គ្រឿងញៀន​គឺជា​បញ្ហា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​។ លោក​ថ្លែងថា​៖ «​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​ខ្លះ​តែង​យល់ថា អំពើហិង្សា​ក្នុង​គ្រួសារ​គឺជា​រឿង​គ្រួសារ​របស់គេ ហើយ​មិន​ជួយ​គ្នា​អាហ្នឹង​ក៏មាន​បញ្ហា​ដែរ​»៕