កំពង់ស្ពឺៈ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជូន​ស្ត្រី​ស្រវឹងខួប​ម្នាក់​ដែល​សង្ស័យ​ប្រើ​ពូថៅ​កាប់សម្លាប់​ប្តី​ដែល​ស្រវឹងខួប​ដូចគ្នា ទៅ​តុលាការខេត្ត​កាលពី​ម្សិលមិញ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៧ ​តុលា​នៅ​ភូមិ​ថ្មី ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច​។

លោក សម សាក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​ មាឃ ស្រី អាយុ ៤០ ​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ជំនាញ​បញ្ចប់​នីតិវិធី​សាកសួរ​ និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​។

ស្ត្រី​សង្ស័យ​បាន​លែងលះ​គ្នា​ជាមួយ​ប្តី​ដើម​យូរហើយ ហើយ​បាន​យក​ជនរងគ្រោះ​ជា​ប្តី​ប៉ុន្តែ​ចាប់តាំងពី​បាន​គ្នា​មក ជនរងគ្រោះ​សន្យា​ជាមួយ​គាត់​ថា​នឹង​ចែកទ្រព្យ​សម្បត្តិ​ខ្លះ​ឲ្យ​ទៅ​គាត់ តែ​គាត់​មិនបាន​ចែក​ដូច​អ្វីដែល​សន្យា​ទេ​។ ជនរងគ្រោះ​តែងតែ​បង្កជម្លោះ​ជាមួយ​គាត់​រហូត មិន​តែ​ប៉ុណ្ណោះ​ពេល​ឈ្លោះ​គ្នា​ម្តងៗ ប្តី​របស់គាត់​តែងតែ​ដេញ​គាត់​មិន​ឲ្យ​នៅផ្ទះ​ជាមួយ​ទេ​ហេតុដូច្នេះ​គាត់​ក៏​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​។

លុះ​នៅ​ថ្ងៃទី​ ១៧ ​តុលា ស្ត្រី​សង្ស័យ​គិតថា​នឹង​សម្លាប់​ប្តី​គាត់​ឲ្យ​បាន​មុន​ហើយ​គាត់​ក៏​ទិញ​ស្រាស ២០០ ​រៀល​ផឹក​។ បន្ទាប់ពី​ផឹកស្រា​ហើយ គាត់​បាន​យក​ពូថៅ​កាន់​ឡើង​ទៅ​លើផ្ទះ ខណៈ​ជនរងគ្រោះ​កំពុង​ដេក កាប់​រហូត​ស្លាប់​តែម្តង​។

លោក​ សាយ ប៊ុនថន អធិការនគរបាល​ស្រុក​ភ្នំស្រួច​ថ្លែង​កាលពី​ថ្ងៃ​ ១៨ ​ខែតុលា​ថា ប្តី​ដែល​ជា​ជនរងគ្រោះ​ឈ្មោះ​ ជា សុះ ​អាយុ​ ៥២ ​ឆ្នាំ​។ ពួកគេ​គ្មាន​កូន​ជាមួយ​គ្នា​ទេ​។

លោក​ប្រាប់ថា​៖ «​ស្ត្រី​សង្ស័យ​ គឺ​សមត្ថកិច្ច​របស់ខ្ញុំ​ឃាត់ខ្លួន​តាំងពី​ថ្ងៃ​កើតហេតុ​មក​ម្ល៉េះ ប៉ុន្តែ​កាលនោះ​ខ្ញុំ​គ្រាន់តែ​ប្រើពាក្យ​ថា ហៅ​សាកសួរ​ទេ​។ គាត់​ទើប​ឆ្លើយ​សារភាព​នៅ​ថ្ងៃទី​ ១៨ ​តុលា ហើយ​យើង​ក៏​ឃាត់ខ្លួន​គាត់​តែ​ម្តង​ទៅ​»​។

លោក ប៊ុនថន រៀបរាប់​ប្រាប់​តាម​សម្តី​ស្ត្រី​សង្ស័យថា អ្នក​ទាំង​ ២ ​នាក់​នេះ​ជា​មនុស្ស​ញៀន​ស្រា​ស្រវឹង​ខួប​ដូចគ្នា​។ ​ចាប់​តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មក​នៅពេល​ជនរងគ្រោះ​ស្រវឹងស្រា​ម្តងៗ​គឺ​គាត់​តែងតែ​ដេញ​ស្ត្រី​សង្ស័យ​ចេញពី​ផ្ទះ​ហើយ​ស្ត្រី​សង្ស័យ​ពេល​ខ្លះ​ក៏​មិនបាន​ដេក​ផ្ទះ​ដែរ​ព្រោះ​បើ​ចូល​ផ្ទះ​ត្រូវ​ប្តី​វ៉ៃ​។ ដោយសារ​តែ​ប្តី​ចេះតែ​ដេញ​ប្រពន្ធ​ (​ស្ត្រី​សង្ស័យ​) ​នេះហើយ​ទើប​បាន​ជា​ស្ត្រី​សង្ស័យ​មាន​គំនុំ​។

លុះ​នៅ​ម៉ោង​ប្រមាណ​ជាង​ ៧ ​យប់​ថ្ងៃទី​ ១៧ ​តុលា ខណៈ​ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំង​ដេកលក់​មិនដឹង​ខ្លួន​ស្រាប់តែ​ស្ត្រី​សង្ស័យ​យក​ពូថៅ​កាប់​សំពង​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ ជនរងគ្រោះ​ត្រូវ​ស្ត្រី​សង្ស័យ​កាប់​ត្រូវ​ចិញ្ចើម ខាងឆ្វេង​ ១ ​កន្លែង​ត្រូវ​គុម្ពត្រចៀក​កញ្ចឹងក​។

លោក​បន្តថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ផ្ទះ​កើតហេតុ និង​ប្រមូលបាន​ព័ត៌មាន​ និង​បាន​សាកសួរ​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ ទើប​សន្និដ្ឋាន​ជាបឋម​ថា ករណី​នេះ​អាចជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​ជនរងគ្រោះ​ជា​អ្នក​សម្លាប់​។ ដូច្នេះ​សមត្ថកិច្ច​បាន​អនុវត្ត​ទៅតាម​ជំនាញ​រហូត​ដល់​មាន​ការចាប់​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​៕