ភ្នំពេញៈ ក្នុងពេលឆាប់ៗនេះ សាស្ត្រាចារ្យច្បាប់ សិទិ្ធមនុស្សអន្តរជាតិ ជនជាតិអង់គ្លេសម្នាក់ អាចនឹងត្រូវតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទិ្ធមនុស្សប្រចាំកម្ពុជា ដែលនឹងក្លាយជាស្ត្រី ទី១ ដែលកាន់តំណែងដ៏សំខាន់នេះ។
លោកស្រីសាស្ត្រាចារ្យ Rhona Smith ដែលធ្វើការនៅសាកលវិទ្យាល័យ Northumabria ហើយជាសាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ នៅកម្ពុជានេះ ត្រូវបានណែនាំដោយក្រុមពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ កាលពីខែមុនសម្រាប់តំណែងនេះ។
លោក Joachim Ruecker ប្រធានក្រុមប្រឹក្សាសិទិ្ធមនុស្ស នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួនជាផ្លូវការ ដែលផ្អែកលើអនុសាសន៍របស់ក្រុមពិគ្រោះយោបល់និងការពិគ្រោះយោបល់បន្ថែមទៀត នៅ ថ្ងៃទី២៧ ខែមីនា ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំបច្ចុប្បន្នរបស់ក្រុមប្រឹក្សា។ ប្រសិនបើត្រូវបានតែងតាំង លោកស្រី Smith នឹងក្លាយជាប្រេសិតស្ត្រី ទី១ របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ បុរសចំនួន ៥ នាក់ ត្រូវបានតែងតាំងជាបន្តបន្ទាប់គ្នា ក្នុងតួនាទីនេះ ចាប់តាំងពីអង្គការសហប្រជាជាតិបានបង្កើតអ្នកតំណាងពិសេស ដើម្បីឃ្លាំមើលសិទិ្ធមនុស្សនៅកម្ពុជា ក្នុង ឆ្នាំ១៩៩៣ មក។
លោក ស៊ូរីយ៉ា ស៊ូប៊ែរឌី សាស្ត្រាចារ្យច្បាប់ ជនជាតិនេប៉ាល់ ដែលបច្ចុប្បន្នកាន់តំណែងនេះ នឹងត្រូវបញ្ចប់ពីតំណែង បន្ទាប់ពីបានធ្វើការអស់រយៈពេល ៦ ឆ្នាំកន្លងមក។ លោកស្រី Smith អាយុ ៤៥ ឆ្នាំ បានធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវិទ្យាស្ថាន Raoul Wallenberg ជាទីប្រឹក្សាឯករាជ្យ ក្នុងកម្មវិធីកសាងសមត្ថភាពក្នុងវិស័យអប់រំ និងយុតិ្តធម៌។ ក្រុមពិគ្រោះយោបល់បានថ្លែងថា ពួកគេស្ងើចសរសើរចំពោះចំណេះដឹងជ្រៅជ្រះរបស់លោកស្រីអំពីប្រទេសកម្ពុជា និងទំនាក់ទំនងទូលំទូលាយរបស់លោកស្រីជាមួយនឹងភាគីពាក់ព័ន្ធកម្ពុជា។
គួរកត់សម្គាល់ផងដែរថា លោកស្រីបានបង្ហាញក្នុងអំឡុងបទសម្ភាសនូវចក្ខុវិស័យច្បាស់លាស់ទាក់ទងនឹងរបៀបដែលប្រេសិតសិទិ្ធមនុស្ស ចូលរួម និងកសាងកិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយនឹងរដ្ឋាភិបាល។
ក្នុងអ៊ីមែលកាលពីម្សិលមិញ លោកស្រី Smith បានថ្លែងថា លោកស្រីមានកិត្តិយសណាស់ ដែលត្រូវជាប់ឈ្មោះក្នុងបញ្ជីបេក្ខជនសម្រាប់តួនាទីនេះ ប៉ុន្តែ លោកស្រីបានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀតទេ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនដឹងពីគំនិតបច្ចុប្បន្នរបស់ក្រុមប្រឹក្សាទេ ក្រៅពីរបាយការណ៍របស់ក្រុមពិគ្រោះយោបល់...ហើយវានឹងមិនស័ក្តិសមទេដែលខ្ញុំនិយាយមុនសេចក្តីសម្រេចណាមួយនោះ»។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីម្សិលមិញ បានថ្លែងថា វានឹងជាការវិវត្តវិជ្ជមាន ប្រសិនបើលោកស្រី Smith ត្រូវបានតែងតាំង បើគិតពីជនរងគ្រោះភាគច្រើន ដោយសារតែការរំលោភសិទិ្ធមនុស្សនៅកម្ពុជា គឺជាស្ត្រី និងកុមារ។
លោកស្រី លើកឡើងថា៖ «ឧទាហរណ៍ បញ្ហាដីធ្លី ការជួញដូរមនុស្ស និងអំពើហិង្សាមកលើស្ត្រី។ ជនរងគ្រោះគឺជាស្ត្រី ហើយមានបញ្ហាយេនឌ័រនៅទីនេះ។ ខ្ញុំរីករាយណាស់ ដែលលោកស្រីអាចជាបេក្ខជន»។
ឆ្លើយតបនឹងថា តើប្រេសិតសិទ្ធិមនុស្សជាស្ត្រីអាចប្រឈមនឹងការរិះគន់ផ្អែកលើយេនឌ័រពីមន្ត្រីរដ្ឋាភិបាលកំពូល ដែលលោកស្រីធ្លាប់ជួបប្រទះពីមុននោះឬយ៉ាងនោះ? តំណាងរាស្ត្ររូបនេះបញ្ជាក់ថា លោកស្រីមិនគិតថា វាជាបញ្ហាទេ។ «ខ្ញុំគិតថា យើងបានរៀនសូត្រមេរៀនមួយ។ ខ្ញុំមិនព្រួយបារម្ភពីចំណុចនេះទាល់តែសោះ»៕