ភ្នំពេញៈ ជាច្រើនទសវត្សរ៍កន្លងមក ការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានគេពិនិត្យឃើញមានតែបុរសប៉ុណ្ណោះដែលមានកាយសម្បទាស័ក្ដិសមនឹងការងារដែលប្រឈមគ្រោះថ្នាក់ខ្ពស់ដល់ជីវិតនេះ។ ប៉ុន្តែបច្ចុប្បន្នមានស្ត្រីជាច្រើនបាន និងកំពុងបម្រើការងារនេះ ហើយមានខ្លះជាអ្នកដឹកនាំបោសសម្អាត និងកម្ទេចគ្រាប់មិនទាន់ផ្ទុះផ្ទាល់ទៀតផង។
តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យស្ត្រីចូលបម្រើការងារក្នុងវិស័យនេះដោយស្មើភាពគ្នាជាមួយបុរស? ឆ្លើយតបនឹងចម្ងល់នេះ អ្នកស្រី សុភិន សុផារី នាយកប្រតិបត្តិអង្គការ Cambodia Self Help Demining (CSHD) ក៏ដូចជា មន្ត្រីជាបុគ្គលិកនារីឆ្នើមនៃអង្គការ Halo Trust Cambodia ផ្សេងទៀតបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្នុងសម័យទំនើបនេះ ស្ត្រី និងបុរសមានភាពស្មើគ្នាក្នុងគ្រប់កិច្ចការសង្គម ទោះកិច្ចការនោះប្រឈមបញ្ហាធ្ងន់ធ្ងរក៏ដោយ។ ការចាត់ទុកស្ត្រីជាមនុស្សទន់ខ្សោយមិនអាចបំពេញកិច្ចការនេះ ឬកិច្ចការនោះបានគឺជាការរើសអើងដ៏ធ្ងន់ធ្ងរដល់ស្ត្រីភេទ។
ប្រសូតចេញពីគ្រួសារកសិករក្រីក្រមួយក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប អ្នកស្រី សុភិន សុផារី ឱ្យដឹងថា អ្នកស្រីបានស្ម័គ្រចិត្តចូលបម្រើការងារនៅអង្គការ CSHD ដែលធ្វើការលើការដោះគ្រាប់មីនក្នុងឆ្នាំ ២០០៩ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅសាកលវិទ្យាល័យប៊ៀលប្រាយ ថ្វីបើឪពុកម្ដាយ និងបងប្អូនជំទាស់ក្ដី។
បន្ទាប់ពីខំបំពេញការងារតាមទីវាល និងការហ្វឹកហ្វឺនបន្ថែមលើជំនាញបោសសម្អាត និងកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ ៨ ឆ្នាំ អ្នកស្រីត្រូវបានជ្រើសតាំងជានាយិកាប្រតិបត្តិនៃអង្គការនេះតែម្ដង។ នេះបើតាមការអះអាងពីអ្នកស្រី សុភិន សុផារី។
អ្នកស្រីថា៖ «ក្ដីស្រមៃរបស់ខ្ញុំតាំងពីកុមារភាព គឺចង់ឃើញពលរដ្ឋកម្ពុជា ពិសេសកុមារតូចៗមានសុវត្ថិភាពរួចផុតពីគ្រោះថ្នាក់នៃគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
ដោយរំឭកពីរឿងអតីតកាលអ្នកស្រីបានប្រាប់ពីបុព្វហេតុដែលនាំចិត្តឱ្យចូលបម្រើការងារនេះថា កាលពីឆ្នាំ ១៩៩២ អ្នកស្រី និងមិត្តភក្ដិប្រុស-ស្រីបានប្រទះឃើញគ្រាប់មីន ១ គ្រាប់នៅចិញ្ចើមផ្លូវទៅសាលាបឋមសិក្សាក្របីរៀល ក្នុងភូមិកំណើត ខណៈអ្នកស្រីទើបមានអាយុ ៨ ឆ្នាំ និងមិនទាន់យល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន។ ពេលនោះអ្នកស្រី និងមិត្តភក្ដិ ២-៣ នាក់បម្រុងនាំគ្នាយកកំណាត់ឈើទៅជីកគាស់គ្រាប់មីននោះមកលេង ក៏ប៉ុន្តែសំណាងល្អមានមន្ត្រីយោធាម្នាក់បានមកដល់ហើយប្រាប់កុំឱ្យប៉ះពាល់វា។
អ្នកស្រី សុភិន សុផារី បានបន្ថែមថា លុះដល់ឆ្នាំ ១៩៩៧ អ្នកជិតខាងក្នុងភូមិអ្នកស្រី ១ គ្រួសារមានគ្នា ៧ នាក់បានជិះគោយន្តជាន់លើគ្រាប់មីនតោនបណ្ដាលឱ្យផ្ទុះស្លាប់ និងរបួសធ្ងន់ស្រាលទាំងអស់គ្នា។ ក្នុងឆ្នាំនោះក៏មានយុវជនម្នាក់ក្នុងភូមិបានរើសគ្រាប់មិនទាន់ផ្ទុះពីស្រែមកដំលេងនៅក្រោមផ្ទះធ្វើឱ្យផ្ទុះស្លាប់ខ្លួនឯង និងស្លាប់កុមារា ២ នាក់ផ្សេងទៀតផងដែរ។
អ្នកស្រី សុផារី បានថ្លែងថា៖ «ខ្ញុំពិតជាភ័យតក់ស្លុតណាស់នៅពេលនោះ ហើយតាំងពីនោះមក ខ្ញុំបានតាំងចិត្តថានឹងមិនឱ្យមានករណីបែបនេះកើតមានចំពោះអ្នកភូមិខ្ញុំទៀតទេ។ នេះជាហេតុផលដែលជំរុញឱ្យខ្ញុំត្រូវជម្នះចិត្តឪពុកម្ដាយ និងបងប្អូនមកបម្រើការងារនេះ»។
យ៉ាងណាក្ដីមិនមែនគ្រប់ស្ត្រីកម្ពុជាដែលបម្រើការងារក្នុងវិស័យនេះសុទ្ធតែមានការតាំងចិត្តពីកុមារភាពដូចអ្នកស្រី សុផារី នោះទេ។ ប៉ុន្តែក៏មានមូលហេតុផ្សេងដែលជំរុញឱ្យស្ត្រីចូលរួមក្នុងវិស័យនេះកាន់តែច្រើន ខណៈគិតមកត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំនេះ បុគ្គលិកដោះមីនជាស្ត្រីមាន ៦៤៧ នាក់ ក្នុងចំណោមសរុប ២ ៣០៩ នាក់នៅទូទាំងប្រទេសកម្ពុជា។
ចំណែកអ្នកស្រី រុន សុខតឿ អាយុ ៣០ ឆ្នាំជាបុគ្គលិកឆ្នើមនៃអង្គការ Halo Trust Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ដោយសារជីវភាពខ្វះខាតអ្នកស្រីបានឈប់រៀនត្រឹមថ្នាក់ទី ៤ ដើម្បីតាមឪពុកម្ដាយទៅធ្វើជាកម្មករនៅចម្ការដំឡូងមី និងចម្ការពោតនៅខេត្តប៉ៃលិន មុនចូលបម្រើការងារដូចសព្វថ្ងៃ។
អ្នកស្រី រំឭកថាក្នុងឆ្នាំ ២០១៤ មួយឆ្នាំមុនអ្នកស្រីចូលបម្រើការងារនេះ មិត្តភក្ដិស្រីអ្នកស្រី ឈ្មោះ សាលី បានរងរបួសធ្ងន់ ហើយស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យដោយសារជាន់មីនពេលដើររកជីកទំពាំងក្នុងព្រៃ។
ក្រោយជួបហេតុការណ៍នោះ អ្នកស្រី និងឪពុកម្ដាយក៏ត្រឡប់មករស់នៅក្នុងភូមិក្រូចថ្ម ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលជាស្រុកកំណើតវិញ។
អ្នកស្រីបញ្ជាក់ថា៖ «ស្ថានភាពគ្រួសារខ្ញុំពេលនោះលំបាកខ្លាំងណាស់ ព្រោះយើងគ្មានដីស្រែចម្ការសម្រាប់បង្កបង្កើនផលទេ»។
លុះដល់ឆ្នាំ ២០១៥ អង្គការ Halo Trust Cambodia បានជ្រើសរើសអ្នកស្រីឱ្យចូលបម្រើការងារនៅផ្នែកស្រាវជ្រាវរកគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយផ្ដល់ប្រាក់ខែសមរម្យ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។
អ្នកស្រីថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំរីករាយនឹងការងារនេះណាស់ ព្រោះវាជាការងារមនុស្សធម៌ដែលមានការទទួលស្គាល់ និងគាំទ្រជាអន្តរជាតិ ពិសេសគឺមានប្រាក់ខែសមរម្យល្អជាងធ្វើជាកម្មករចម្ការដំឡូងមី និងចម្ការពោត»។
ចំណែកអ្នកស្រី ម៉ៅ ចាន់ថុល អាយុ ៣២ ឆ្នាំប្រធានក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចល័តនៃអង្គការ Halo Trust Cambodia ក៏មានហេតុផលមិនខុសគ្នាប៉ុន្មានដែរ។ ក្នុងឆ្នាំ ២០១២ ចាន់ថុល បានស្ម័គ្រចិត្តចូលបម្រើការងារនេះ ដោយសារចង់ជួយរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ព្រោះអ្នកស្រីមិនបានរៀនសូត្រជ្រៅជ្រះទេ។ ម្យ៉ាងទៀតអ្នកស្រីក៏មិនចេះជំនាញអ្វីក្រៅពីធ្វើស្រែចម្ការដែរ។
អ្នកស្រីបានប្រាប់ថា ៦ ខែក្រោយការបណ្ដុះបណ្ដាលពីក្រុមជំនាញការជាតិ និងអន្តរជាតិអ្នកស្រីត្រូវបានបញ្ជូនឱ្យចុះស្រាវជ្រាវ និងកម្ទេចគ្រាប់មីននៅទីវាលផ្ទាល់។ នៅពេលរំឭកដល់សំឡេងផ្ទុះគ្រាប់នៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ (ក្នុងឆ្នាំ ១៩៧៩-១៩៩៧) ទីដែលអ្នកស្រីរស់នៅធ្វើឱ្យអ្នកស្រីតក់ស្លុតខ្លាំង ដូច្នេះការងារនេះវាពិតជាធ្ងន់ធ្ងរណាស់សម្រាប់ស្ត្រី។ ប៉ុន្តែដើម្បីជីវភាព អ្នកស្រីបានអត់ធ្មត់ធ្វើការដោយមិនហ៊ានប្រាប់ពីអារម្មណ៍ខ្លាចនេះដល់នរណាម្នាក់ឡើយ។
ប៉ុន្តែ ៣ ឆ្នាំក្រោយមក អ្នកស្រីក៏លែងខ្លាច ហើយបែរជារីករាយទៅវិញនៅពេលរាវរកឃើញ និងកម្ទេចគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះ។
អ្នកស្រីថ្លែងថា៖ «ការរកឃើញ និងកម្ទេចចោលនូវគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១ គ្រាប់វាធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំង ព្រោះវាបានជួយសង្គ្រោះពលរដ្ឋ យ៉ាងតិចម្នាក់ពីគ្រោះថ្នាក់...មិនមែនមានតែបុរសទេ ស្ត្រីក៏មានសមត្ថភាពបោសសម្អាត និងកម្ទេច គ្រាប់មិនទាន់ផ្ទុះបានដែរ»។
ដោយបានឆ្លងកាត់ការងារអស់ជាង ១០ ឆ្នាំ អ្នកស្រី ចាន់ថុល ត្រូវបានអង្គការ Halo Trust Cambodia ជ្រើសតាំងជាប្រធានក្រុមការងារស្រាវជ្រាវ និងកម្ទេចគ្រាប់ចល័ត។
កាលពីថ្ងៃទី ៨ ធ្នូ ឆ្នាំនេះ ចាន់ថុល បានដឹកនាំក្រុមការងារចុះទៅកម្ទេចគ្រាប់ប្រភេទ M-122mm ចំនួន ២ គ្រាប់ដែលត្រូវបានរកឃើញនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។
យ៉ាងណាក្ដី អ្នកស្រី ចាន់ថុល ថា បញ្ហាប្រឈមក៏មានចំពោះស្ត្រីក្នុងការងារនេះដែរ ពិសេសស្ត្រីដែលមានរដូវ និងមានគភ៌ដំបូង និងករណីចម្ការមីនក្នុងព្រៃជ្រៅ ផ្លូវពិបាកធ្វើដំណើរ និងក្នុងរដូវក្ដៅដីរឹងពិបាកធ្វើការ រីឯរដូវវស្សាដីទន់ជ្រាយក៏ជាឧបសគ្គផងដែរ។
ដោយសារសង្គ្រាមនៅកម្ពុជាមានដីស្រែចម្ការជាច្រើនត្រូវបានបោះបង់ចោល និងបានក្លាយជាដីព្រៃចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះ។ តាមទិន្នន័យពីអាជ្ញាធរមីន ពលរដ្ឋកម្ពុជាដែលបានស្លាប់ដោយសារគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគិតពី ឆ្នាំ ១៩៧៩ ដល់ដំណាច់ខែ វិច្ឆិកាឆ្នាំនេះមានសរុប ៦៤ ៩១៥ នាក់ ក្នុងនោះមានបុរស ៥៨ ៦៦៩ នាក់ ស្ត្រី ៦ ១៨៣ នាក់ និង ៦៣ នាក់ទៀតជាកុមារ។
ចំណែកការបោសសម្អាតចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំនេះសម្រេចបានលើផ្ទៃដីទំហំ ២ ១០២ ០៣៨ ៩២២ ម៉ែត្រការ៉េ ដោយប្រមូល និងកម្ទេចមីនប្រឆាំងមនុស្ស ១ ០៩៣ ៦៥១ គ្រាប់ មីនតោនចំនួន ២៥ ៤៥៧ គ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ២ ៨៧៥ ៨៧០ គ្រាប់។
ក៏ប៉ុន្តែបច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដីមិនទាន់បោសសម្អាតគិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំនេះសរុបមាន ២ ១៥៥ ៧១២ ៦០៧ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីចម្ការមីនមាន៨៣៥ ៦៨៨ ៦៤៨ ម៉ែត្រការ៉េ និងក្រឡាផ្ទៃដីចម្ការគ្រាប់បែកចង្កោម មានទំហំ ៧៤១ ៩៥៦ ០៨១ ម៉ែត្រការ៉េ ព្រមទាំងក្រឡាផ្ទៃដីចម្ការគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានទំហំសរុប ៥៧៨ ០៦៧ ៨៧៨ ម៉ែត្រការ៉េ។
ឯប្រតិបត្តិករបោសសម្អាតមីនមានចំនួន ៨ អង្គភាព រួមមានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC),កងវិស្វកម្មក្រសួងការពារជាតិ,HALOTrustCambodia,MAG,CSHD,NPA និង APOPO កំពុងបំពេញបេសកកម្មបោសសម្អាតផ្ទៃដីដែលនៅសេសសល់ ដើម្បីភាពសុខសានរបស់ពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា៕