
ភ្នំពេញៈ ស្រ្តី ដែលត្រូវបានល្បួងទៅរៀបការនៅចិនត្រូវបានលក់បន្តទៅឲ្យហាង ម៉ាស្សា។ មេខ្យល់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានបន្ទាប់ពីព្យាយាមចាកចេញពីប្រទេសជាមួយនឹងស្រ្តីកម្ពុជា ហើយអនីតិជនត្រូវបានដោះលែងពីផ្ទះសំណាក់ នៅភ្នំពេញ បន្ទាប់ពីយល់ព្រមរៀបការជាមួយនឹងអ្នកមិនស្គាល់នៅចិន។
ប្រភេទករណីទាំងនេះ សុទ្ធតែបានផ្សាយក្នុងសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំនេះដោយរឿងមួយចំនួនទើបតែចុះផ្សាយប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរឿងទាំងនេះ ជាឧទាហរណ៍អំពីអ្វីដែលអាជ្ញាធរ និងអង្គការមិនមែនរដ្ឋាភិបាលថា វាជានិន្នាការគួរឲ្យព្រួយបារម្ភ។ ករណីទាំងនេះបង្ហាញថា ស្រ្តីកម្ពុជាជាច្រើននាក់ត្រូវបានល្បួងដោយមេខ្យល់ទៅចិន តាមពាក្យសន្យារៀបការ ឬមានការងារប្រាក់ខែខ្ពស់ហើយអ្នកខ្លះត្រូវបានបង្ខំឲ្យរៀបការ ដែលគេមិនបានរំពឹងទុក ឬត្រូវបានលក់ទៅឲ្យធ្វើជាទាសករផ្លូវភេទ ឬតាមផ្ទះ។
លោក ប៉ុល រិទ្ធី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅក្រសួង មហាផ្ទៃ បានថ្លែងថា៖ «វាជាបញ្ហាធំសម្រាប់កម្ពុជា ហើយយើងកំពុងខិតខំជួយសង្គ្រោះស្រ្តីទាំងនោះ ដែលគេបោកប្រាស់។ ប្រជាជនយើងនៅតែត្រូវបានគេបោកប្រាស់ ព្រោះតែយើងខ្វះចំណេះដឹង និងព័ត៌មានថា តើអ្វីខ្លះដែលជាការបោកប្រាស់ ចំណែកឯអ្នកខ្លះដឹង ប៉ុន្តែគេនៅតែប្រថុយ»។
ចំពោះប្អូនស្រីរបស់អ្នកស្រី កែវ វីរៈ ដែលមានអាយុ ២៨ ឆ្នាំ ការប្រថុយមិនមែនជាអ្វីដែលគាត់បានគិតទេ ពេលគាត់ទាក់ទងឈ្មួញកណ្តាលរៀបការ នៅដើមឆ្នាំនេះ បន្ទាប់ពីគាត់មើលឃើញថា មិត្តភក្តិរបស់គាត់ម្នាក់រកបានប្តីល្អនៅចិន។ អ្នកស្រី វីរៈ បានថ្លែងកាលពីចុងសប្តាហ៍មុនថា៖ «ប៉ុន្តែគាត់មិនសំណាងដូចមិត្តភក្តិដែលការជាមួយនឹងប្តីល្អជនជាតិ ចិន នោះទេ»។ អ្នកស្រី វីរៈ បន្តថា បន្ទាប់ពីឈ្នួញកណ្តាល ជ្រើសរើសប្តីឲ្យហើយ ក្នុងពេលដ៏ខ្លីគាត់បានទូរស័ព្ទមកប្អូនប្រុសនៅ កម្ពុជា ដោយប្រាប់អំពីការទទួលរងការវាយដំជារៀងរាល់ថ្ងៃ។ អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំបានដាក់ពាក្យបណ្តឹងទៅអង្គការសិទិ្ធមនុស្ស និងនគរបាល ដើម្បីយកប្អូនស្រីមកវិញ បន្ទាប់ពីឈ្មួញកណ្តាលនៅចិនបានទាមទារប្រាក់ ៣០០០ ដុល្លារសម្រាប់ការវិលត្រឡប់របស់ប្អូនស្រីខ្ញុំ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំមិនមានប្រាក់ទេ ហើយគេបានលក់ប្អូនស្រីខ្ញុំទៅឲ្យបុរសម្នាក់ទៀត»។
ប្អូនស្រីរបស់អ្នកស្រី វីរៈ បានវិលត្រឡប់មក កម្ពុជា វិញ កាលពីខែមុន បន្ទាប់ពីមានការចាប់ខ្លួនឈ្មួញកណ្តាលម្នាក់នោះ។
លោក រិទ្ធី ថ្លែងថា ការបង្ក្រាបនោះ គឺជាផ្នែកមួយនៃការជំរុញដោយចេតនាដោយនគរបាលក្នុងការតម្រង់រកឈ្មួញកណ្តាល ដែលមានមូលដ្ឋាននៅកម្ពុជា។ លោកបន្តថា៖ «ពេលខ្លះ វាពិបាកសម្រាប់យើង។ មេខ្លោងអាចនៅទីនេះប៉ុន្តែ ករណីភាគច្រើន កើតឡើងនៅចិនហើយវាត្រូវការពេលវេលាក្នុងការសម្របសម្រួលការស៊ើបអង្កេតជាមួយនឹងអាជ្ញាធរនៅទីនោះ»។ លោកបញ្ជាក់ថា៖ «ប៉ុន្តែយើងតែងតែព្យាយាមផ្សព្វផ្សាយព័ត៌មាន និងអប់រំប្រជាជនក្នុងសង្គម ចៀសវាងកុំឲ្យគេបោកប្រាស់»។
ទោះជាយ៉ាងណា ចំពោះអ្នកខ្លះ លទ្ធភាពមានជីវិតល្អប្រសើរជាសារមួយ ដែលឮខ្លាំងជាងការអប់រំ។ កាលពីខែ ឧសភា អ្នកស្រី រាម សុខលី អាយុ ៣៧ ឆ្នាំ បានទទួលប្រាក់ ៥០០ ដុល្លារពីមេខ្យល់ដើម្បីបញ្ជូនកូនស្រីអាយុ ២២ ឆ្នាំទៅ ចិន ដើម្បីរៀបការជាមួយនឹងបុរសដែលអ្នកស្រីមិនដែលបានជួប។ អ្នកស្រីបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា៖ «កូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ការរៀបការជាមួយបុរសចិននឹងមានន័យថា នាងអាចផ្ញើប្រាក់មកយើងបានច្រើន។ ពេលនាងទៅដល់ទីនោះហើយប្រាប់ខ្ញុំថា នាងមានប្តី ខ្ញុំមានអារម្មណ៍ដូចខ្ញុំលក់កូនអ៊ីចឹងព្រោះខ្ញុំត្រូវការប្រាក់»។
បើទោះបីជាអំពើហិង្សាមិនមែនជាបញ្ហាចំពោះកូនស្រីរបស់អ្នកស្រីក៏ដោយ ក៏ប៉ុន្តែ អ្នកស្រី សុខលី បានស្នើសុំជំនួយពីអង្គការមិនមែនរដ្ឋាភិបាលដើម្បីឲ្យកូនស្រីគាត់អាចវិលត្រឡប់មកប្រទេស កម្ពុជា វិញ។
លោក ហ៊ុយ ពេជ្រសុវណ្ណ មន្រ្តីកម្មវិធីនៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បានថ្លែងថា រឿងក្តីដែលអង្គការរបស់លោកបានធ្វើការនៅក្នុងឆ្នាំនេះ ពាក់ព័ន្ធនឹងក្មេងស្រី ដែលបានទៅចិន ដោយជឿជាក់ថា ពួកគេមានការងារល្អរង់ចាំពួកគេ។ លោកបញ្ជាក់ថា៖ «បញ្ហាចម្បងគឺភាពក្រីក្រ និងភាពអត់ការងារធ្វើ។ [ប្រាក់ឈ្នួល] ទាបណាស់នៅកម្ពុជា។ ខ្ញុំមិនបានជួបអ្នកណាម្នាក់ជាមុន ដែលដឹងថា គេនឹងរៀបការនោះទេ។ គេទទួលបានពាក្យសន្យាថា មានប្រាក់ខែខ្ពស់ និងការងារល្អ ដើម្បីជួយគ្រួសារពួកគេ។ ពេលគេទៅដល់ ពួកគេត្រូវបាននាំទៅដាក់នៅផ្ទះមនុស្សប្រុស»។ លោក ពេជ្រ សុវណ្ណ បានថ្លែងថា ករណីទាំងនេះ រាប់ទាំងករណីមួយដែលបានរាយការណ៍ក្នុងកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍មុនដែលស្រ្តីពីរនាក់ត្រូវបានបង្ខំឲ្យទៅរៀបការ នៅ ស៊ាងហៃ នោះ បានកើនឡើងនាឆ្នាំនេះ។ លោកបន្តថា៖ «ខ្ញុំមិនចាំតួលេខច្បាស់ទេ ប៉ុន្តែមានករណីច្រើនថែមទៀត»។
លោកឲ្យដឹងទៀតថា ពេលស្រ្តីដឹងថា ខ្លួននៅក្នុងស្ថានការណ៍ទាំងនេះ ជាញឹកញាប់ ពួកគេទទួលរងអំពើហិង្សា។ លោកបន្តថា៖ «វាពិតជាពិបាក។ ដំបូង ជនរងគ្រោះមិនដឹងអំពីទីតាំងរបស់ខ្លួន។ គេមិននិយាយចិន ឬអង់គ្លេស។ យើងបានស្នើក្រសួង ការបរទេសនិងស្ថានទូតនៅចិនជួយ ប៉ុន្តែខ្ញុំមិនគិតថា គេបានជួយនោះទេ»។ «ម្យ៉ាងទៀត មន្រ្តីមួយចំនួនគិតថា ជនរងគ្រោះដឹងជាមុនថា ពួកគេនឹងរៀបការជាមួយនឹងជនជាតិចិន ...ដូច្នេះ គេមានក្តីបារម្ភតិចតួច»។
កាលពីខែ មេសា នគរបាល បានចុះបង្ក្រាបនៅផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌ ពោធិ៍សែនជ័យ ហើយបានជួយរំដោះស្រ្តី និងក្មេងជំទង់ ៨ នាក់ដែលបានចុះឈ្មោះទៅរៀបការនៅចិន។
លោក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានថ្លែងពេលនោះថា ពួកគេ «បានប្រឈមនឹងគ្រោះថ្នាក់ ដែលពួកគេអាចត្រូវគេជួញដូរឲ្យទៅធ្វើការជាទម្ងន់»។
ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍ រវាងស្រ្តីកម្ពុជា និងជនបរទេសក៏មានលក្ខណៈស្មុគស្មាញផងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០០៨ រដ្ឋាភិបាល បានហាមឃាត់ជនបរទេស មិនឲ្យរៀបការជាមួយនឹងស្រ្តីកម្ពុជា បន្ទាប់ពីកូរ៉េខាងត្បូង បានចេញទិដ្ឋាការសម្រាប់អាពាហ៍ពិពាហ៍ចំនួន ១៧៥៩ នៅ កម្ពុជា ក្នុងឆ្នាំ ២០០៧ ដែលកើនឡើងពីចំនួន ៧៤ កាលពីឆ្នាំ ២០០៤ ហើយមានរបាយការណ៍ស្ដីអំពីការរំលោភបំពាន។ ការហាមឃាត់ត្រូវបានលុបចោលនៅដើមឆ្នាំ ២០០៩ ប៉ុន្តែ ក្នុងឆ្នាំ ២០១១ រដ្ឋាភិបាល បានប្រកាសការរឹតត្បិតថែមទៀតគឺប្តីជនបរទេស ត្រូវតែមានអាយុតិចជាង ៥០ ឆ្នាំ និងរកប្រាក់ចំណូលបាន ២៥៥០ ដុល្លារ ក្នុងមួយខែ។
ការរឹតត្បិតទាំងនោះ ត្រូវបានរៀបរាប់ ដោយអង្គការមិនមែនរដ្ឋាភិបាលថា ជាការរើសអើង ចំពោះជនបរទេស ប៉ុន្តែ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេស បានថ្លែងកាលពីសប្តាហ៍មុនថា វិធានការទាំងនោះនៅតែអនុវត្តដដែល ហើយបានជួយកាត់បន្ថយការរៀបការដោយបង្ខំ និងការកេងប្រវ័ញ្ច។
លោក កែវ ធា បានថ្លែងថា ក្នុងឆ្នាំនេះ មន្រ្តីរបស់លោក បានធ្វើការចុះបង្ក្រាបក្នុងទ្រង់ទ្រាយធំៗចំនួន ៥ លើក លើមេខ្យល់ ប៉ុន្តែលោកមិនបានដឹងទេថា តើជនរងគ្រោះប៉ុន្មាននាក់ត្រូវបានជួយសង្គ្រោះនោះទេ។
លោក គួង បានថ្លែងថា លោកមិនបានដឹងថា តើករណីបង្ខំរៀបការពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជានៅចិន បានកើនឡើងក្នុងឆ្នាំនេះទេ ប៉ុន្តែលោកបន្ថែមថា អាជ្ញាធរ បានតម្រង់លើមេខ្យល់ជាពិសេសនៅ កម្ពុជា «តាមករណី»។ លោកបន្តថា៖ «រហូតមកដល់ពេលនេះ រដ្ឋាភិបាល បានចាប់ខ្លួនមេខ្យល់។ យើងក៏បានសង្គ្រោះស្រ្តីកម្ពុជា ពេលគេមានបញ្ហានៅចិន ហើយបានរកយុត្តិធម៌ឲ្យ»។
លោក គួង បានច្រានចោលការលើកឡើងដែលថា ក្រសួង ការបរទេស មិនបានយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ ហើយបានបន្ថែមថា កម្ពុជាកំពុងសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៅចិន។ លោកថ្លែងថា ប៉ុន្តែ នៅតែមានបញ្ហាប្រឈម។ «ពេលខ្លះ គេទៅចិន [តាមទិដ្ឋាការទេសចរណ៍] ហើយមេខ្យល់បានបោកប្រាស់ពួកគេ»។
តំណាងស្ថានទូតចិននៅភ្នំពេញ ដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីរឿងនេះ បានថ្លែងថា មន្រ្តីបានដោះស្រាយរឿងក្តីមួយ នាពេលថ្មីៗនេះ។ «យើងលើកទឹកចិត្តពួកគេ [គ្រួសារជនរងគ្រោះ] ទូរស័ព្ទទៅស្ថានកុងស៊ុលនៅ ចិន»។ មន្រ្តីដទៃទៀតនៅស្ថានទូតបានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ៕ TK