ភ្នំពេញ៖ ស្ត្រី២នាក់​​ទៀត​ បាន​ទទួលមរណភាព​ ​ដោយសារ​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃ​ទី​១​ខែ​មេសា​ ឆ្នាំ​២០២១​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​​ដោយ​សារ​ជំងឺ​​​ឆ្លង​ដ៏​កាច​សាហាវ​​នេះ​បាន​​កើន​​ឡើង​ដល់១៦នាក់​ហើយ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ក្រសួង​សុខាភិបាល ​នៅ​រសៀល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បាន​ឲ្យ​ដឹងថា ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​កូវីដ​ពីរ​ករណី​នេះ កើត​ឡើងលើ​ស្ត្រីជន​ជាតិខ្មែរ​អាយុ៧០ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៧ឆ្នាំ។

យោ​ង​តាមរបាយ​ការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត បាន​ឱ្យ​ដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៧០ឆ្នាំ រស់នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ បាន​ស្លាប់ ​ដោយ​សារ​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃទី០១ ខែមេសា វេលា​ម៉ោង ០៦:៤០នាទី​ព្រឹក។

ចំណែក​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ទៀត​ អាយុ ៦៧ឆ្នាំ​ ដែល​រស់នៅ​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូន​ពេញ ​បាន​ស្លាប់ នៅ​ថ្ងៃទី០១ ខែ​មេសា វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក។

ក្រសួង​បាន​បញ្ជាក់​បន្ថែមថា ករណី​ស្ត្រីជន​ជាតិខ្មែរ​អាយុ ​៧០ឆ្នាំ ត្រូវ​បាន​បញ្ជាក់ ថា​ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដែល​លទ្ធផល​ទទួលបាន​ពី​មន្ទីរ​ពិសោធន៍​ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​អ្នកជំងឺ​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល ​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺ​មាន​ស្ថានភាព​ហត់​ខ្លាំងនិង​​ធ្ងន់​ធ្ងរ តម្រូវឱ្យ​គ្រូពេទ្យ​ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ដោយ​អ្នកជំងឺ​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ផង។

ទោះបី​ក្រុម​គ្រូពេទ្យ​ បាន​ខិតខំ​ព្យាបាល​ ដោយ​យកចិត្ត​ទុក​ដាក់​ តាម​ល​ក្ខ​ណៈ​បច្ចេកទេស​យ៉ាងណាក៏ដោយ ក៏​មិនអាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​បាន ហើយ​គាត់​បាន​​ទទួល​មរណ​ភាព​។

ក្រសួង​បញ្ជាក់​ទៀត​ថា ចំណែក​ករណី​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៧ឆ្នាំ ត្រូវបាន​បញ្ជាក់ថា ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ១៩នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២១ ដែល​លទ្ធផល​ទទួលបាន​ពី​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​អ្នកជំងឺ​ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ មិត្តភាព​ខ្មែរ-សូ​វៀត នៅ​ថ្ងៃ​ដដែល។

ក្រសួង​បន្តថា ដោយ​សារ​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ តាំងពី​ដំបូង​ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ប្រើប្រាស់ ម៉ាស៊ីន​ជំនួយ​ដង្ហើម​​ដើម្បី​ជួយសង្គ្រោះ និង​ខិតខំ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ តាម​ល​ក្ខ​ណៈ​បច្ចេកទេស​យ៉ាងណាក៏ដោយ ក៏​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់​បាន​ទទួល​មរណ​ភាព​​នៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលា​ម៉ោង ១០:៣០ នាទី​ព្រឹក។

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ៖ «ការសន្និ​ដ្ឋាន​របស់​ក្រុមគ្រូ​ពេទ្យ ករណី​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៧០ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ ដោយសារ​ស្ត្រី​​រូបនេះ ​មាន​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម​ប្រចាំកាយ រួមទាំង​មាន​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់​​ធ្ងរ​​ស្រួច​ស្រាល់​ និង​រលាក​សួត​សងខាង​ធ្ងន់ធ្ងរ ដោយ​សារ​វីរុស​កូ​វីដ១៩។ ឯ​ករណី​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៧ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ ដោយ​សារ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ស្រួច​ស្រាល់​ និង រលាក​សួត​សងខាង​ធ្ងន់​ធ្ងរ ដោយសារ​វីរុស​កូ​វីដ​១៩»៕

សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ស្តី​ពីការ​​ទទួល​មរណ​ភាព ​របស់​ស្ត្រី​ខ្មែរទាំង​២រូប​ នៅ​ថ្ងៃ​ទី​១​ ខែ​មេសា ឆ្នាំ​២០២១។