The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី ២ នាក់​ស្លាប់ ​និង​បុរស​ម្នាក់​របួស​ ក្នុង​អំពើ​ឃាតកម្ម

ស្ត្រី ២ នាក់​ស្លាប់ ​និង​បុរស​ម្នាក់​របួស​ ក្នុង​អំពើ​ឃាតកម្ម

Content image - Phnom Penh Post
នគរបាល​សួរ​ចម្លើយ​ជន​សង្ស័យ​សម្លាប់​ប្រពន្ធ​​។ សហការី

ស្ត្រី ២ នាក់​ស្លាប់ ​និង​បុរស​ម្នាក់​របួស​ ក្នុង​អំពើ​ឃាតកម្ម

បាត់ដំបង/កំ​ពង់ចាមៈ ​ស្ត្រី​ ២​ នាក់​បាន​ស្លាប់ ​និង​បុរស​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ក្នុង​អំពើ​ឃាត​កម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​កំពង់ចាម​កាល​ពី​ម្សិលមិញ។​

​លោក ​ផាន់​ វណ្ណី ​អធិ​ការ​ស្រុក​បា​ណន់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ាន​ ​សុភា​ ​អាយុ​ ៣៧ ឆ្នាំ​ ត្រូវ​បាន​បុរស​ជា​ប្ដី​កាប់​ដោយ​កាំ​បិត​ខ្វែវ​ស្លាប់​ ​នៅ​ក្នុង​​ភូមិ​ចម្ការ​អូរ ​ឃុំ​ក​ន្ទឺ​ ២​ ​ស្រុក​បា​ណន់ ​ខេត្ត​បាត់​ដំបង​។​ បុ​រ​ស​ជា​ប្ដី​ឈ្មោះ​ យឿត​ រឿត​ អាយុ​ ៣៣ ​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត។​

​លោក ​វណ្ណី​ បាន​អះ​អាង​ដោយ​យោង​តាម​សេ​​ច​ក្ដី​រាយ​ការណ៍​ជំហាន​ដំបូង​​ពី​ប្រជាពល​​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ បុរស​ជា​ប្ដី​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​មនុស្ស​ញៀន​ថ្នាំ​ ​ប៉ុន្តែ​ការ​ធ្វើ​តេស្ត​ទឹកនោម​ ​បាន​បង្ហាញ​​ថា​ជន​សង្ស័យ​គ្មាន​សារធាតុ​ញៀន​នោះ​ទេ។

​លោក​វណ្ណី​ បាន​បញ្ជាក់​ថា​៖​ «​យោង​តាម​ការ​សាក​សួរ​ក្នុង​ជំហាន​បឋម​នេះ សមត្ថ​កិច្ច​យើង​សន្និ​ដ្ឋាន​ថា​ ​ករណី​មនុស្ស​ឃាត​ខាងលើ​​នេះ​ គឺ​បណ្ដាល​មក​ពី​ភ្លើង​​ប្រចណ្ឌ»។​

​លោក​បាន​អះ​អាង​ថា​ ជនសង្ស័យ​បាន​សារ​ភាព​នៅ​ចំ​ពោះ​មុខ​សមត្ថ​កិច្ច​កំ​ហឹង​សម្លាប់​ប្រពន្ធ​នេះ​កើត​ឡើង​ក្រោយ​ពី​បាន​ដឹង​ថា​ប្រ​ពន្ធ​បាន​ព្យាយាម​លែងលះ​គ្នា​ដើម្បី​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង​ទៀត។​

​លោក​ ​​វណ្ណី​ បាន​ថ្លែង​ថា​ ជនសង្ស័យ​ជា​ប្ដី​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​​ក​សាង​សំណុំ​រឿង​ចោទប្រកាន់​ពី​បទ ​«​មនុស្ស​ឃាត​ដោយ​ចេត​នា»​ និង​បាន​​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​ក​ម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ ដើ​ម្បី​ចំណាត់​ការ​បន្ត​តាម​នីតិវិធី។ ​

​ករណី​ឃាត​កម្ម​ដោយ​ឡែក​មួយ​ទៀត​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ជា​មួយ​គ្នានេះ​ដែរ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ដោយ​ស្ត្រី​ម្នាក់​ស្លាប់​និង​បុរ​ស​ម្នាក់​របួស​ធ្ងន់​ ព្រោះ​​រង​ការ​វាយ​ប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ។​

​លោក ​ប៉ាក់ ​ជាតិ​ អធិ​ការ​ស្រុក​ស្ទឹង​ត្រង់​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ ​ហ៊ី ​ធារិន អាយុ​ ២៤ ​ឆ្នាំ ជា​គ្រូ​បង្រៀន​ភាសា​​កូរ៉េ​នៅ​មជ្ឈ​មណ្ឌល​ភាសា​កូ​រ៉េ​សេ​អ៊ូល ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ និង​មានលំនៅ​ភូមិ​អណ្ដូង​ច្រុះ​ ឃុំ​អំពិល ​ស្រុក​កំពង់​សៀម ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ចាប់​រំលោភ​រួចវាយ​សម្លាប់​នៅ​ក្នុង​ទីធ្លា​សាលា​បឋម​សិក្សា​ហ៊ុន ​ណេង។​ ​​

ចំណែក​បុរស​ជា​សង្សា​ររបស់​នាង​ឈ្មោះ ​ម៉ៅ ​សុខ​មិញ ​អាយុ ​២១ ឆ្នាំ​ ដែល​មាន​លំ​នៅ​ក្នុង​ភូមិ​ព្រែក​បា​រាំង ​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ត្រូវ​ជន​មិន​ស្គាល់​​មុខ​វាយ​ឲ្យ​រង​របួស​ធ្ងន់​ និង​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។​ ​លោក​ អះ​អាង​ថា ​នៅ​កន្លែង​កើត​ហេតុ​ សព​ស្ត្រី​បាន​ស្លាប់​ដោយ​សភាព​អាក្រាត​កាយ។​ ​

​លោក​ ​ជាតិ​ ​ថ្លែង​ថា​៖​ «​សមត្ថ​កិច្ច​យើង​សន្និ​ដ្ឋាន​ក្នុង​ជំហាន​ដំបូង​ថា​ ស្ត្រីរ​​ង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ច្រើន​នាក់​ ​ចាប់​រំលោភ​រួច​ទើប​វាយ​សម្លាប់​ជា​ក្រោយ។​ ចំណែក​បុរស​ជា​សង្សា​រទំនង​ជា​ត្រូវ​ក្រុម​ជន​ដៃ​ដល់ ព្រួត​គ្នា​វាយ​​ឲ្យ​ស​ន្លប់​ ​គ្រា​ដែល​គាត់​ព្យាយាម​ចូល​ជួយ​ស្ត្រី​ជា​សង្សារ»។

លោក​ ឯម​ កុសល ​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ កម្លាំង​សមត្ថ​កិច្ច​កំពុង​បន្ត​ស្វែង​រក​​នូវ​អត្ត​សញ្ញាណ​ក្រុម​ជន​ប្រ​ព្រឹត្តបទ​ល្មើស​ទាំង​នោះ ​ដើម្បី​ចាប់​ខ្លួន​ពួក​គេទៅ​ប្រគល់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕​

អត្ថបទគួរចាប់អារម្មណ៍