
ស្ត្រីម្នាក់ក្នុងចំណោម ២ នាក់ ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរបញ្ឈប់ការបង្ហោះសារមិនពិតលើហ្វេសប៊ុក។ រូបថត រដ្ឋបាលសាលាខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យៈ ស្ត្រីពីរនាក់ដែលជាពលករត្រឡប់មកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័កនៅក្នុងវិទ្យាលយ័ តេជោសែនសំរោង ខេត្តឧត្តរមានជ័យ បានធ្វើការសុំទោសជាសាធារណៈដល់រាជរដ្ឋាភិបាល ក្រោយពីមន្ត្រីសុខាភិបាលខេត្ត បានជួបសន្ទនាដើម្បីស្វែងរកការពិតរឿងដែលស្ត្រីទាំង ២ នាក់នោះបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកពីការឧបត្ថមអាហារនិងសម្ភារមិនសមរម្យ។
លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងលោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្ត បានចុះជួបស្ត្រីទាំង ២ នាក់ សាកសួរដោយផ្ទាល់ចំពោះការបង្ហាះវីដេអូដដែលពួកគាត់បានលើកឡើង។
នៅចំពោះមុខ ស្ត្រីឈ្មោះ ដន ចាន់ធូ និងបងស្រីរបស់នាងឈ្មោះ ដន ចាន់ធី នៅថ្ងៃទី ០៤ ខែមករា បានធ្វើការសុំទោសចំពោះអ្វីដែលពួកគាត់បានធ្វើមកនោះ គឺដោយសារការនឹករលឹកដល់ក្រុមគ្រួសាររបស់ពួកគាត់ និង ការចង់ត្រលប់ទៅកាន់គេហដ្ឋានផងដែរ ទើបពួកគាត់បានបង្ហោះសារនិងថតជាវីដេអូទាំងនោះតែម្តង។
ស្ត្រីឈ្មោះ ដន ចាន់ធូបាននិយាយថា៖ «ការថតវីដេអូនិងបង្ហោះតាមបណ្តាញសង្គមនេះ គឺពួកខ្ញុំបង្ហោះលេងទេ មិនមានចេតនាណាមួយវាយប្រហារដល់ថ្នាក់ដឹកនាំខេត្ត និង ក្រុមការងារនោះឡើយ។ តាមពិតកន្លែងបានផ្តល់អាហារល្អ បាយមិនមែនឆៅ មិនមែនប្រហុកដូចកាលដែលខ្ញុំបានលើកឡើងដូចថ្ងៃមុនទេ»។
នៅក្នុងហ្វេសប៊ុករបស់ស្ត្រីឈ្មោះ ដន ចាន់ធូ ដែលបានផុសកាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ បានសរសេរថា «សួស្តីឆ្នាំ ២០២១! មើលគេសុខសប្បាយ តែចំណែកខ្ញុំ ៤ នាក់បងប្អូន និង កូនវិញ បានស៊ីបាយគុក ១៤ ថ្ងៃ»។
ទាក់ទងនឹងការចោទប្រកាន់នេះ លោក ជា ពិសិដ្ឋ បានធ្វើការបដិសេដចំពោះការលើកឡើងរបស់ពលករនេះ។
លោកបានមានប្រសាសន៍ថា ៖ «ការចោទនេះជារឿងមិនពិត មិនសមហេតុផលដូចអ្វីដែលគាត់បាននិយាយនោះទេ។ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចបានផ្តល់អាហារចំនួន៣ពេលទៅដល់ពលករទាំងអស់ដែលបានស្នាក់នៅធ្វើចត្តាឡីស័កនេះ ព្រមទាំងមានការពិនិត្យ និងថែទាំសុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ផងដែរ»។
ពលករខ្មែរមួយរូបដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឧត្តរមានជ័យ បាននិយាយថា លោកពេញចិត្តចំពោះវិធានការរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ ដើម្បីការពារកុំឱ្យមានការរីករាលដាលជំងឺកូវីដ ១៩ នេះទៅដល់សមាជិកក្រុមគ្រួសាររបស់គាត់។
លោកថា ៖ «យើងមកពីឆ្ងាយ យើងមិនដឹងថាយើងមានវីរុសកូវីដឬអត់ ទើបអាជ្ញាធរតម្រូវឱ្យពួកយើងធ្វើចត្តាឡីស័ក ១៤ ថ្ងៃនេះ»។
ពលករូបនេះបានបន្តថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ពលករទទួលបានសម្ភារៈមួយចំនួនដូចជាមុង ភួយ និងអាហារ៣ពេលផងដែរ។
គួរបញ្ជាក់ផងដែរ ពលករខ្មែរបានវិលត្រលប់មកពីប្រទេសថៃចូលមកតាមបណ្តាខេត្តចំនួន៧នៅជាប់នឹងព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីប្រទេសថៃផ្ទុះនូវការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍។ គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ មកដល់ពេលនេះពលករចន្លោះពី ៥ ០០០ ទៅ ៦ ០០០ នាក់ បានត្រលប់មកប្រទេសកំណើតវិញ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ ក្រសួងមិនបានរកឃើញមានអ្នកវិជ្ជមានកូវីដ ១៩ ទេ។ គិតត្រឹមថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៣៨២ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២០ នាក់។ ពលករខ្មែរដែលបានត្រលប់មកពីប្រទេសថៃ ត្រូវបានធ្វើតេស្តរកឃើញមានជំងីកូវីដ ១៩ ចំនួន ១៧ នាក់៕