ភ្នំពេញៈ ស្ត្រី​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅផ្ទះ​កាលពី​ថ្ងៃទី​ ២៣ វិច្ឆិកា​ នៅ ភូមិ-សង្កាត់​ត្រពាំងក្រសាំង​ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែល​សមត្ថកិច្ច​សង្ស័យ​ថា ប្តី​គាត់​ជា​អ្នក​សម្លាប់​រួច​ទៅ​ចង ក ខ្លួនឯង ដោយសារ​ទំនាស់​គ្រួសារ ខណៈ​ស្ត្រី​ ២ ​នាក់​ទៀត​ក៏ត្រូវ​ប្តី​ និង​សង្សារ​សម្លាប់​ដូចគ្នា​នៅ​ខេត្ត​ស្វាយរៀង​ និង​ខេត្តកណ្តាល​។

លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឡាង សៅលី អាយុ​ ៤១ ​ឆ្នាំ ​អាជីវករ លក់​សាច់ជ្រូក​។ រីឯ​ប្តី​ជា​ជនសង្ស័យ​ឈ្មោះ យុះ រាជវណ្ណទូច អាយុ​ ៤០​ ​ឆ្នាំ ​ជា​អ្នកកាប់ជ្រូក​ដែល​ពួកគេ​មាន​កូន​តូចៗ​ ៣ ​នាក់​។

លោក​ថា​៖ «​ករណីនេះ បើ​តាម​ពលរដ្ឋ​ជិតខាង​ថា គ្រួសារ​មួយ​នេះ​តែងតែ​ឈ្លោះ​គ្នា​។ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​មកពី​ទំនាស់​ក្នុង​គ្រួសារ​»​។

ទោះយ៉ាងណា​លោក ប៉ាល់ យុត្ថា នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ត្រពាំង​ក្រសាំង ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រួសារ​រងគ្រោះ​រស់នៅក្នុង​បុរី លឹមឈាងហាក់​។ ប៉ុន្តែ​មូលហេតុ​នៃ​អំពើ​ឃាតកម្ម និង​អត្តឃាត​ខ្លួន​នេះ សមត្ថកិច្ច​មិនបាន​ដឹង​ស៊ីជម្រៅ​ទេ សូម្បីតែ​សាច់ញាតិ​ជនរងគ្រោះ​ទាំង​ ២ ​នាក់​។ ​ប៉ុន្តែ​បើតាម​អ្នក​​ជិត​ខាង​ថា ប្តី​ប្រពន្ធ​ខាង​លើ​ឧស្សាហ៍​ឈ្លោះ​គ្នា​ញឹកញាប់ ។

លោក​បន្តថា តាម​ការធ្វើ​កោសល្យវិច័យ ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ថប់ដង្ហើម​ដែល​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា ជនសង្ស័យ​ជា​ប្តី​អាច​យក​ខ្នើយ​ខ្ទប់​ច្រមុះ​ពេល​ស្ត្រី​រងគ្រោះ​កំពុង​​ដេកលក់​។

លោក ប៉ាល់ យុត្ថា ប្រាប់​តាម​សម្តី​អ្នកជិតខាង​ថា នៅ​ម៉ោង​ប្រហែល​ ១០ ​យប់​ថ្ងៃទី​ ២២ វិច្ឆិកា គេ​បានឮ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​នោះ​ឈ្លោះ​គ្នា​។ ​មួយ​សម្ទុះ​​ធំ គេ​បាន​ឃើញ​ប្តី​ស្ត្រី​រងគ្រោះ បើក​ទ្វារ​ចេញ​ពី​ផ្ទះ លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រទះ​ឃើញ​បុរស​នោះ​ស្លាប់​ដោយ​ចងក ។ លោក​ប្រាប់​ថា​៖ «​ជន​ជា​ប្តី​ធ្លាប់​ប្រាប់​ប្រធានភូមិ​ថា គាត់​ជំពាក់លុយ​គេ​ច្រើន ហើយ​គាត់​ចង់តែ​ចងក​សម្លាប់​ខ្លួន​ទេ​»​។

បើតាម​លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ដែល​បាន​ធ្វើ​កោសល្យវិច័យ​ប្រាប់ថា សាកសព​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឡាង សៅលី ត្រូវ​បាន​ស្លាប់​ដោយ​ខ្ទប់​ដង្ហើម​បានន័យថា អ្នកដទៃ​ធ្វើឲ្យ​គាត់​ស្លាប់​។ នៅ​ទីកន្លែង​កើតហេតុ​លោក​មាន​ឃើញ​ខ្នើយ​មួយ ដោយឡែក​ប្តី​របស់​ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​ចងក ខ្លួនឯង​។

ដោយឡែក​នៅឯ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​ ២០ ​វិច្ឆិកា ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ផលិត​អំពូល​ភ្លើង​ម្នាក់​ត្រូវបាន​បុរស​ជា​សង្សារ​អារ ក សម្លាប់​ក្នុង​រោងចក្រ​នៅ​ភូមិ​ដើមពោធិ ឃុំ​កណ្តៀងរាយ ស្រុក​ស្វាយទាប​ ខេត្ត​ស្វាយរៀង​។

លោក គឹម សុជាតិ អធិការរង ស្រុក ស្វាយទាប ប្រាប់ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ខឹម ពិសាល អាយុ​ ២៤ ​ឆ្នាំ ត្រូវ​ជនសង្ស័យ​ឈ្មោះ​ នាង ក្រឹម អាយុ ២៥ ​ឆ្នាំ​ ជា​កម្មករ​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយ​គ្នា​សម្លាប់​ដោយ​យក​កាំបិត​អារ​ត្រង់​ថ្ពាល់​ខាងឆ្វេង និង​អារក ស្លាប់​នៅក្នុង​រោងចក្រ​ខាងលើ​។

លោក​បន្តថា លុះ​ដល់​ថ្ងៃទី​ ២២ វិច្ឆិកា គេ​បាន​ប្រទះ​ឃើញ​សាកសព​ជនសង្ស័យ​អណ្តែត​ទឹក​ក្នុង​រណ្ដៅ​ដី​​នៅក្នុង​ភូមិ ព្រៃ​គាវ ឃុំ​កំពង់ចក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​។

លោក​ថា​៖ «​ជនសង្ស័យ​ស្លាប់​មិនមែន​ទៅ​លោតទឹក​សម្លាប់ខ្លួន​ទេ តែ​គាត់​ទៅ​លាង​ឈាម​ប្រឡាក់​តែ​ប្រហែល​រអិល​ជើង​ក៏​ធ្លាក់ទឹក​លង់​ស្លាប់ទៅ​»​។

ករណី​ឃាតកម្ម​នេះ​ដែរ​នៅឯ​ខេត្ត​កណ្ដាល​វិញ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឃុត សុផល អាយុ​ ៤៦ ​ឆ្នាំ​ ដោយ​សង្ស័យថា​គាត់​បាន​កាប់​ប្រពន្ធ​ឈ្មោះ យ៉ាត ស្រីពៅ​ អាយុ​ ៤៩ ​ឆ្នាំ ដោយ​ប្រើ​វត្ថុ​មុត​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃ​ ២១ ​វិច្ឆិកា​ នៅ​ភូមិ​ត្រពាំងពុទ្រា ឃុំ​ទំនប់ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ នេះ​បើតាម​លោក ពេញ វុទ្ធី នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​​ពញាឮ​ប្រាប់​កាលពី​ម្សិលមិញ​។

លោក​បន្តថា៖ « ការសម្លាប់​នេះ​គ្មាន​រឿង​ប្រចណ្ឌ​អី​ទេ គ្រាន់តែ​ទំនាស់​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​»៕