ភ្នំពេញៈ មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ប្រមាណ ៧ ​ភាគរយ​ធ្លាប់​បាន​ឆ្លងកាត់​ការរម្លូតកូន ដោយ​ក្នុង​នោះ ៤០ ​ភាគរយ​នៃ​ការរម្លូតកូន​គឺ​បាន​ធ្វើឡើង​ដោយ​អ្នក​ដែល​ពុំមាន​ជំនាញ និង​មិន​ស្របច្បាប់ ដែល​អ្នក​ជំនាញ​ជំរុញ​ឲ្យ​ស្ត្រី​ត្រូវ​ស្វែងរក​សេវា​រម្លូត​ប្រកប​ដោយ​សុវត្ថិភាព​។

ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ក្នុង​សិក្ខាសាលា​តម្រង់ទិស​ស្តីអំពី «​បណ្តាញ​សារព័ត៌មាន និង​ការកសាង​សមត្ថភាព ដើម្បី​កាត់បន្ថយ​ការមាក់ងាយ​ជុំវិញ​ការរម្លូត​» ដែល​មាន​រយៈពេល ៣ ​ថ្ងៃ​ នៅ​សណ្ឋាគារ​សាន់វេ​។

កម្មវិធី​នេះ​រៀបចំ​ដោយ​អង្គការ​រ៉ាក់​ទទួល​បាន​ការគាំទ្រ​ដោយ​មូលនិធិ​សកម្មភាព​រម្លូត​ដោយ​សុវត្ថិភាព​ក្នុង​គោលបំណង​លើក​កម្ពស់​ឥរិយាបថ​ចូលរួម​កាត់បន្ថយ​ការមាក់ងាយ និង​រើសអើង ជាពិសេស​អ្នកផ្តល់​សេវា​រម្លូត ស្ត្រី​ដែល​ស្វែងរក និង​ទទួល​បាន​សេវា​រម្លូត​។

លោកស្រី ឆាយ ស្វែង​ជាអាទិ៍ ប្រធាន​សមាគម​ឆ្មប​កម្ពុជា និង​ជា​ប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​នៃ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា នៅ​ទូទាំង​ពិភពលោក ស្ត្រី​ជាង ២១ លាន​នាក់​ បាន​ធ្វើការ​រម្លូត​កូន​ដោយ​មិនមាន​សុវត្ថិភាព​។ លោក​ថា ក្នុង​នោះ​មាន​ស្ត្រី​ជិត ៥ ​ម៉ឺន​នាក់​បាន​ស្លាប់ ចំណែក​ស្ត្រី​ប្រមាណ ៥ ​លាន​នាក់​បាន​ទទួល​រង​នូវ​ពិការភាព​រយៈពេល​ខ្លី ឬ​អចិន្រៃ្តយ៍ បន្ទាប់ពី​ទទួល​បាន​សេវា​រម្លូត​មិនបាន​ត្រឹមត្រូវ​។

លោកស្រី​បន្ត​ថា​៖ «​សម្រាប់​កម្ពុជា​វិញ​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ស្ត្រី ៧ ភាគរយ​នៃ​ស្ត្រី​ស្ថិតក្នុង​វ័យ​បន្តពូជ​ធ្លាប់​បាន​ធ្វើការ​រម្លូត​កូន​ដោយ​ក្នុងនោះ​មាន​ប្រមាណ ៤០ ភាគរយ​នៃ​ការ​រម្លូតកូន​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ដែល​ពុំ​មាន​ជំនាញ និង​មិន​ស្របច្បាប់​»​។

លោក ពេជ្រ សុធី អនុប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា យោង​តាម​ច្បាប់​កម្ពុជា ការរម្លូតកូន​គឺ​មិន​ខុសច្បាប់​នោះទេ​។ ប៉ុន្តែ​គ្រប់​ស្ត្រី​ទាំងអស់​ត្រូវ​ស្វែងរក​សេវា​រម្លូត​ប្រកប​ដោយ​សុវត្ថិភាព​ដែល​មាន​ការអនុញ្ញាត​ដោយ​ក្រសួង​សុខាភិបាល ដើម្បី​ឲ្យ​ប្រាកដ​ថា ស្ត្រី​ដែល​ឆ្លងកាត់​ការរម្លូតកូន​មាន​សុខភាព​ល្អ ចៀសវាង​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​។

លោក​បាន​បញ្ជាក់ថា​៖ «​ការរម្លូតកូន​មិនមែន​ជា​វិធីសាស្ត្រ​នៃ​ការពន្យារ​កំណើត​នោះទេ កុំ​ច្រឡំ​។ ប៉ុន្តែ​គ្រប់​ស្ត្រី​ទាំងអស់​អាច​មាន​សិទ្ធិ​ការពារ​ដោយ​ច្បាប់​ក្នុង​ករណី​ដែល​ពួកគេ​មាន​កូន​ដោយ​ចៃដន្យ មិនមាន​ផែនការ​ចង់​យក​កូន ឬ​កត្តា​សុខភាព​មិន​អំណោយផល ឬ​ទទួលរង​ការរំលោភ​ដែល​អាច​ស្វែងរក​សេវា​រម្លូត​ប្រកប​ដោយ​សុវត្ថិភាព​។ យើង​មិន​ហាមឃាត់​ការរម្លូតកូន​ទេ តែ​យើង​ហាមឃាត់​កន្លែង ឬ​ឆ្មប​មិន​មាន​ច្បាប់​អនុញ្ញាត​ដែល​ផ្តល់​សេវា​ដល់​ស្ត្រី ដោយ​ខុសច្បាប់​»​។

លោក សុធី បាន​ឲ្យ​ដឹង​ទៀតថា ការរម្លូតកូន​មិនមែន​ជា​អំពើ​បាប​នោះ​ទេ ដោយសារ​ប្រជាជន​កម្ពុជា​នៅ​គោរព​តាម​ជំនឿ​សាសនា ដូច្នេះ​ទើប​ពួកគេ​យល់​ថា ការសម្លាប់​ភាវៈរស់​គឺ​បាប ហើយ​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​រហូត​មក ខណៈ​ដែល​ការរម្លូតកូន​នេះ​គឺ​ស្របច្បាប់​តាំងពី​ឆ្នាំ​ ១៩៩៧ និង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​កាលពី​ឆ្នាំ ២០០២​។

លោក​បន្ត​ថា ការរម្លូត​ដោយ​សុវត្ថិភាព និង​ស្របច្បាប់​គឺ​ស្ត្រី​ត្រូវ​មាន​ផ្ទៃពោះ​យ៉ាង​តិច ១២ សប្តាហ៍ ចំណែក​ការមាន​ផ្ទៃពោះ​ដែល​មាន​រយៈពេល​លើស​ពី​នេះ​គឺ​ត្រូវ​មាន​មូលហេតុ​សមស្រប ហើយ​ទាំង​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ សុទ្ធតែ​អាច​ផ្តល់​សេវា​ក្នុង​ការរម្លូត​កូន​ឲ្យ​តែ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល និង​ច្បាប់​អនុញ្ញាត​។

លោកស្រី កុច នារតី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា ការរម្លូតកូន​មិនមែន​ជា​រឿង​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ ហើយ​ស្ត្រី​ទាំងអស់​គួរតែ​ស្វែងរក​សេវា​រម្លូត​កូន​ប្រកប​ដោយ​សុវត្ថិភាព និង​ចៀសវាង​ទៅ​ស្វែងរក​កន្លែង​រម្លូតកូន​ដោយ​លួចលាក់​។ ការខ្មាសអៀន​បាន​ធ្វើឲ្យ​ស្ត្រី​កម្ពុជា សម្រេច​ចិត្ត​ស្វែងរក​សេវា​រម្លូត​ដោយ​គ្មាន​សុវត្ថិភាព ជាពិសេស​នោះ​ការជ្រើសរើស​ការប្រើប្រាស់​ថ្នាំ​រម្លូត​ដែល​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។

លោកស្រី នារតី បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរ​តួនាទី​សំខាន់​ធ្វើឲ្យ​ស្ត្រី​កម្ពុជា​បាន​យល់ដឹង​អំពី​បញ្ហា​រម្លូត និង​ហ៊ាន​ស្វែងរក​សេវា​សុខភាព​ផ្លូវភេទ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ការផ្សព្វផ្សាយ​នេះ​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​អាវុធ​មុខ​ ២ ​ឲ្យ​សោះ ដែល​​បង្ហាញ​ថា ការរម្លូតកូន​ទៅ​ជា​រឿង​ពន្យារកំណើត​ទៅវិញ ធ្វើឲ្យ​គាត់​យល់ច្រឡំ ហើយ​ពេល​មាន​កូន​ទៅ​រម្លូតៗ មាន​ពេទ្យ​គេ​ចាំ​ជួយ និង​មាន​ច្បាប់​ទៀត​ដែល​នេះ​នឹង​ក្លាយ​ទៅ​ជា​រឿង​មួយ​ផ្សេង ព្រោះ​ការរម្លូតកូន​ញឹកញាប់​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​»៕