
ស្ថានទូតកម្ពុជានៅកូរ៉េទទួលជំនួយម៉ាស់ និងបរិក្ខារពេទ្យពីមន្ទីរពេទ្យសាកលវិទ្យាល័យ កាលពីថ្ងៃទី ១១ មករា។ រូបថត ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ
ភ្នំពេញៈ ម៉ាស់ការពារជំងឺចំនួន ១០ ម៉ឺនម៉ាស់ និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនទៀតត្រូវបានមន្ទីរពេទ្យសាកលវិទ្យាល័យមួយឈ្មោះ Soonchunhyang University Hospital ប្រគល់ជូនប្រជាជនកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបង្ហោះសារលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី ១១ ខែមករាថា តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េមន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាស់ការពារជំងឺប្រមាណ ១០ ម៉ឺនម៉ាស់ (ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កម្ដៅចំនួន ១០ គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន ១០ ប្រអប់ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា។
បរិក្ខារទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលនឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា បន្ទាប់ពីបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន ៣០ ភាគរយនៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់រួមទាំងអ្នកដែលមិនមានធានារ៉ាប់រងសុខភាពក៏ដោយ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ១២ ខែមករា ម៉ាស់ការពារជំងឺឆ្លងចំនួន ៥ ម៉ឺនម៉ាស់ ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់ និងរស់នៅក្នុងប្រទេសកូរ៉េនេះផងដែរ។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា ម៉ាស់ទាំង ៥ ម៉ឺនម៉ាស់នេះស្ថានទូតនឹងចាត់ចែងផ្ញើជូនសហគមន៍ខ្មែរ តាមរយៈបណ្ដាសមាគមខ្មែរ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ និងលោកគ្រូ អ្នកគ្រូ មួយចំនួនដែលធ្វើការនៅតាមមជ្ឈមណ្ឌលគាំពារពលករ និងមជ្ឈមណ្ឌលគាំពារគ្រួសារអន្តោប្រវេសន៍នៅទូទាំងប្រទេសកូរ៉េ។
នៅប្រទេសកម្ពុជា តាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃ ១១ ខែមករា មិនមានរកឃើញអ្នកមានវីរុសកូវីដ ១៩ ទេ ខណៈដែលមានអ្នកជំងឺកូវីដ ១៩ ជាពលករមកពីប្រទេសថៃចំនួន ២ នាក់ បានជាសះស្បើយ ក្នុងនោះម្នាក់រស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានមកដល់ប្រទេសកម្ពុជាថ្ងៃទី ២៨ ខែធ្នូ និងម្នាក់ទៀតរស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកដល់ប្រទេសកម្ពុជាថ្ងៃទី ២៩ ខែធ្នូ។
ពួកគាត់បានព្យាបាលជាសះស្បើយបន្ទាប់ពីទទួលបានតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ លើក និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។ គិតត្រឹមថ្ងៃទី ១២ ខែមករា កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៩២ នាក់ក្នុងនោះអ្នកព្យាបាលជាសរុបចំនួន ៣៧៦ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦ នាក់។
ទន្ទឹមនឹងនេះដែរ យោងតាមមន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លោក លឹង សុផុន បានលើកឡើងនៅថ្ងៃទី ១១ ខែមករា ថា ពលករបរទេសដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសក្រៅ ដោយក្នុងនោះមានពលករខ្មែរផងដែរមានការព្រួយបារម្ភតាំងតែពីចុងខែធ្នូ ឆ្នាំ ២០២០ មកដល់ពេលនេះ។
លោកបានមានប្រសាសន៍តាមរយៈការផ្សាយបន្តផ្ទាល់របស់អង្គការសង់ត្រាល់ថា តាមរបាយការណ៍ក្រសួងសុខាភិបាលថៃក្នុងរយៈពេលប្រហែលជា ១០ ថ្ងៃ ក្នុងខែមករានេះមានពលករយើងចំនួន ១៥៧ នាក់បានឆ្លងវីរុសកូវីដ១៩ ដែលនេះជាចំនួនច្រើន ហើយការរីករាលដាលនៃជំងឺនេះមានល្បឿនលឿនមែនទែន។
លោក លឹង សុផុន បានបន្តថា មន្ត្រីស្ថានទូតបានចុះទៅជួយពលករនៅតាមខេត្តខ្លះ ឯខេត្តខ្លះទៀត គឺស្ថានទូតមិនបានចុះទៅដល់ទេដោយសារខាងមន្ត្រីមិនបានទទួលព័ត៌មានណាមួយពីពលករខ្មែរ។ ពលករខ្មែរនៅថៃមានការព្រួយបារម្ភទាក់ទងនឹងការដាច់ស្បៀងអាហារ និងពលករខ្លះរស់នៅទាំងមិនស្របច្បាប់ដែលធ្វើឱ្យពួកគាត់មានការបារម្ភពីការផ្លាស់ប្តូរពីកន្លែង ១ ទៅកន្លែង ១ ដែលផ្ទុយពីការប្រកាសរបស់ថៃ។
រហូតមកដល់ថ្ងៃទី ១២ ខែមករា ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ គឺមានប្រហែលជាង ១៣ ម៉ឺននាក់ ប៉ុន្តែពួកគេក៏ត្រូវបានអាជ្ញាធរកម្ពុជាដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលកម្ពុជាផងដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ជូ ប៊ុនអេង។
ពលករខ្មែរដែលបានចេញពីថៃមកកម្ពុជាវិញ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ ១៩ ចំនួន ២៧ នាក់ ខណៈរាប់រយនាក់កំពុងបន្តធ្វើចត្តាឡីស័ក និងច្រើនរយនាក់បានបញ្ចប់ចត្តាឡីស័ក៕