ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបា​ន​ធ្វើ​លិខិត​ជា​ផ្លូវការ​ស្នើ​ឲ្យអាជ្ញា​ធរ​ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ៨៥ ​នាក់ ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​នៅ​ខេត្ត​ស្រះ​កែវ ខណៈ​ពួក​គេ​ត្រូ​វ​បាន​ចា​ប់​ឃុំខ្លួ​ន​អ​ស់ជា​ង​ ៣ ​ខែ។នេះ​បើ​​តាមមន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការ​ប​រ​ទេស​កម្ពុជា​។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​បន្ទាប់ពីសាច់​ញាតិ​របស់​ពួក​គេ​អំពា​វនាវ​ឱ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ជួយ​អន្ត​រាគមន៍​ទៅ​ភាគី​ថៃ​ដោយ​អះ​អាង​ថា​សមត្ថកិច្ច​ថៃ​ចាប់​អ្នកទាំងនោះដាក់​គុក​ជាង​ ៣ ខែ​មក​ហើយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កេ​ត សោ​ផាន់ បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា ​ស្ថាន​ទូត​កម្ពុជា​កាល​ពី​ថ្ងៃទី​ ៥ ខែ​​ សីហា​ បាន​ធ្វើ​លិខិត​ជា​ផ្លូវ​ការ​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​ថៃ​​ដោះ​លែង​ព​លករ​ខ្មែរ ​ទាំង ៨៥​ នាក់​នោះជា​បន្ទាន់​។

លោក​ថា៖​ «ស្ថាន​ទូត (កម្ពុជា) បាន​ធ្វើ​លិខិត​ជា​ផ្លូវ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​តា​មដែលអាច​ធ្វើ​ទៅបា​ន​ ហើយ​ខាង​ពន្ធនាគារ​សន្យា​ថា នឹង​ជួយ​ធ្វើ​រឿង​នេះ​ឲ្យ​បាន​ឆាប់»។

លោក​បាន​បន្តថា​ ក្រោយ​ពី​ទទួល​ព័ត៌​មាន​ពីការ​ចាប់​ខ្លួន​នេះមន្ត្រី​ស្ថាន​ទូត​បាន​ទាក់​ទង​ជា​មួយ​ប្រធា​ន​ពន្ធ​នា​គារ​​សួនភ្លូ​ដើម្បី​សួរ​រក​មូលហេតុ​ ហើយ​បន្ទាប់​ម​កប្រ​ធា​នពន្ធ​នា​គារថៃ​បានឲ្យ​មន្ត្រី​ស្ថានទូ​ត​ជួប​ ហើយ​ប្រាប់​ថា​ជា​ករណី​សង្ស័យ​រឿង​ជួញ​ដូរ​មនុស្ស​។

លោក​បាន​បន្ថែម​ថា៖ ​«ដោយ​ពិនិត្យ​ឃើញ​ថា ការ​ឃុំខ្លួន​លើស​ ៨៥​ ថ្ងៃ ទើ​បនៅ​ថ្ងៃ ​៣០ ​កក្កដា ​ឆ្នាំ​ ២០១៩ ​ស្ថាន​ទូត​កម្ពុជា​បាន​ជួប​ប្រ​ធាន​ពន្ធ​នាគារ​ម្តង​ទៀត។ គាត់ (ប្រធាន​ពន្ធ​នាគា​រ) ប្រាប់​ថា រឿង​នេះគាត់​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត ​ហើយ​បាន​រាយ​ការណ៍ជា​បន្ត​បន្ទាប់​ទៅថ្នា​ក់​លើ ​ហើយ​ក្រោយ​ជំនួប​លើកនេះ​គាត់​នឹង​រាយ​ការ​ណ៍ជា​បន្ទាន់​ទៅ​ថ្នាក់​លើ​ដោយ​បញ្ជាក់ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថាន​ទូត​កម្ពុជាហើយ នឹងផ្តល់​លទ្ធ​ផល​មក​ស្ថាន​ទូត ​(កម្ពុជា)​ វិ​ញ»។​

លោក ​ស៊ុំ ចន្ទ​គា មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស អាដ​ហុកប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​បានថ្លែងថា​ នៅតែ​មា​នអ្នកធ្វើ​ចំណាកស្រុក​ខុស​ច្បាប់​ទៅ​​ថៃ បើទោះ​ជា​​ពួកគេ​ប្រ​ឈ​មមុ​ខ​​នឹង​ការ​បាញ់ស​ម្លាប់ ធ្វើ​ទា​រុ​ណ​កម្មឬ​ការ​ចាប់​ដា​ក់ព​ន្ធនា​គា​រ​ក្ដី​។

លោក​ថា៖ «វា​មិនមាន​​អ្វី​ថ្មី​ទេ វា​កើតឡើ​ងដ​ដែលៗ​ចំពោះ​ប្រជា​ជន​កម្ពុជា។ យើង​ពុំមាន​យន្តការ​ច្បាស់​លាស់​ដើម្បី​ជួយ​ធ្វើ​ឲ្យពល​ករ​ឲ្យ​រួច​ផុតពី​ការធ្វើ​ទុក​បុកម្នេញ​ពី​អាជ្ញា​ធរ​ថៃ។ រាជ​រដ្ឋា​ភិបា​ល​ត្រូវមាន​យន្ត​ការ​​​ប​ង្ក​ភាព​ងាយ​ស្រួ​លដ​ល់​ពល​ករ​ខ្មែរ​ឲ្យ​ធ្វើ​ការ​នៅ​ស្រុក​គេ»​។

លោកប​ន្តថា អា​ជ្ញាធរ​កម្ពុជាក៏ត្រូវស្វែងរក​ចាប់ខ្លួនមេខ្យល់​ដែល​នាំ​ពលករខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ផងដែរ៕