ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​វៀតណាម​ សូម​អនុវត្ត​ទៅតាម​ច្បាប់​ការងារ និង​វិធាន​ចេញចូល​ប្រទេស​វៀតណាម បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​នេះ​ព្រមាន​ពី​ការបណ្តេញចេញ​ពលករ​បរទេស​ខុសច្បាប់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​វៀតណាម​។

ស្ថានទូត​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ១៧ ខែឧសភាថា ៖ «​រដ្ឋាភិបាល​វៀតណាម​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​ការបណ្តេញចេញ ចំពោះ​ពលករ​បរទេស​ខុសច្បាប់​កំពុង​ធ្វើការងារ​​នៅ​វៀតណាម​»​។ «​សូម​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ធ្វើការងារ ឬ​មាន​វត្តមាន​នៅ​វៀតណាម​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ច្បាប់​ការងារ និង​វិធាន​ស្តីពី​ការចូល និង​ចេញ​របស់​អាជ្ញាធរ​វៀតណាម​»​។

បើតាម​ស្ថានទូត​កម្ពុជា ក្រសួង​ការងារ យុទ្ធជន និង​សង្គមកិច្ច​វៀតណាម បានស្នើ​អាជ្ញាធរខេត្ត និង​ក្រុង ពិចារណា​លើ​ការបណ្តេញចេញ​ចំពោះ​ពលករ​បរទេស ដែល​គ្មាន​លិខិត​អនុញ្ញាត​ធ្វើការងារ​ត្រឹមត្រូវ ឬ​អ្នក​មិន​គោរព​តាម​វិធាន​ស្តីពី​ការចូល និង​ចេញ​។

ករណី​នេះ អាជ្ញាធរ​មូលដ្ឋាន និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នឹង​ពង្រឹង​ការត្រួតពិនិត្យ​លិខិត​អនុញ្ញាត​ការងារ និង​ចំនួន​ពលករ​បរទេស​នៅតាម​សហគ្រាស និង​គ្រឹះស្ថាន ដោយ​អនុវត្តតាម​នីតិវិធី ដើម្បី​ចៀសវាង​ការប្រើប្រាស់​ពលករ​ខុសច្បាប់​នៅ​វៀតណាម​។

ស្ថានទូត​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ នៅ​ទីនោះ​សូម​បន្ត​ថែរក្សា សុខភាព​ឱ្យ​បានល្អ ដោយ​អនុវត្ត​វិធានការ​ការពារ រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់​រក្សា​អនាម័យ និង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែឧសភា ថា កន្លងមក​អាជ្ញាធរ​វៀតណាម​បាន​ជូនដំណឹង​ និង​សហការ​ជាមួយ​ស្ថាន​តំណាង​កម្ពុជា​ក្នុង​ការបញ្ជូន​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ខុសច្បាប់​ត្រឡប់មក​កម្ពុជា​វិញ​។ លោក​ថ្លែងថា​៖ «​តែមាន​ករណី​បែបនេះ​តិចតួច​ប៉ុណ្ណោះ​»​។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ថ្លែងថា កម្ពុជា​មិនមាន​ពលករ​ធ្វើការ​នៅ​ប្រទេស​វៀតណាម​ទេ តែ​អាច​ជា​ប្រជាពលរដ្ឋ​។

សារព័ត៌មាន​វៀតណាម Viet Nam News ចុះផ្សាយ​ថ្ងៃទី​ ១៧ ខែឧសភា​បានឱ្យដឹងថា ស្របពេល​មាន​ការវិវឌ្ឍ​ដ៏ស្មុគស្មាញ​នៃ​ជំងឺ​រាតត្បាត​កូវីដ តំបន់​ជាច្រើន​នៅ​ទូទាំង​ប្រទេស​វៀតណាម កំពុង​ប្រឈម​នឹង​ស្ថានភាព​ដែល​ជនបរទេស​ចូលមក​វៀតណាម​ដោយ​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដែល​មិនស្រប​តាម​ច្បាប់​នៅ​មូលដ្ឋាន​។

ក្រសួង​ការងារ​យុទ្ធជន និង​សង្គមកិច្ច​វៀតណាម​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការត្រួតពិនិត្យ​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​ការងារ និង​បុគ្គល​ ឬ​ស្ថាប័ន​ណា​ដែល​ទទួល​ និង​ប្រើប្រាស់​ពលករ​ខុសច្បាប់​ក៏ដូចជា​ការរំលោភច្បាប់​ការងារ​។

Viet Nam News បាន​ស្រង់​សម្តី​រដ្ឋមន្ត្រី​ក្រសួង​ការងារ​វៀតណាម​ថា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធានាថា មិនមាន​ជនអន្តោប្រវេសន៍​បរទេស​ខុសច្បាប់​ត្រូវបាន​ជួល​ឱ្យ​ធ្វើការ​នៅក្នុង​ប្រទេស​វៀតណាម​។ អាជ្ញាធរ​មូលដ្ឋាន គួរ​ត្រួតពិនិត្យ​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ការចេញ​បណ្ណ​ការងារ​សម្រាប់​ពលករ​បរទេស​ស្របតាម​បទប្បញ្ញត្តិ​ និង​នីតិវិធី​មាន​ស្រាប់​៕