ភ្នំពេញៈ ស្ថានទូត​កូវ៉ែត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​របស់​ខ្លួន និង​បាន​ជំរុញ​ជា​មុន​ឲ្យ​អ្នក​ទៅ​ធ្វើការ​នៅ​ទីនោះ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​នឹង​ការព្រមាន​ថា ប្រសិន​បើ​ធ្វើឲ្យ​មាន​កំហុស​ម្តង​ហើយ​ម្តងទៀត​នោះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ បើ​ទោះបី​ជា​នៅ​ពេល​នេះ​ពុំ​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​មួយ​នេះ​នៅ​ឡើយ​ក៏ដោយ​។

ប្រទេស​កម្ពុជា និង​ប្រទេស​កូវ៉ែត​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី ១៣ ខែ​មករា ឆ្នាំ​ ២០០៩ ក្នុង​វិស័យ​ផ្លាស់ប្តូរ​ហត្ថពលកម្ម ហើយ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោកស្រី ហ៊ីន ស៊ូពែហ៍ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ការងារ​នៃ​រដ្ឋ​កូវ៉ែត​កាលពី​ថ្ងៃទី​ ២៤-២៥ ខែ​តុលា ឆ្នាំ​ ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​បាន​ឯកភាព​ថា​នឹង​បញ្ជូន​ពលករ​ចំនួន​ ៥០០០ នាក់​ជា​លើក​ដំបូង​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូវ៉ែត នៅ​ក្នុង​ឆ្នាំ ២០១៩ ខាង​មុខ​នេះ​។

នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា លោក​ ហ្សាហឺ អេមប៊ី អេមអាល់ ខូរ៉េនិច ភារធារី​ស្ថានទូត​កូវ៉ែត​ប្រចាំ​នៅ​កម្ពុជា​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូវ៉ែត​។ លោក ហ្សាហឺ អេមប៊ី អេមអាល់ ខូរ៉េនិច បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​កម្ពុជា​មក​ធ្វើការ​នៅ​កូវ៉ែត​ហើយ​ខំប្រឹង​ធ្វើការ​។ សូម​ឲ្យ​គាត់​មាន​ភាពស្មោះត្រង់​នឹង​ការងារ​របស់​គាត់​។ កុំ​លួច​ដេក ហើយ​និយាយ​ថា​ហេតុអ្វី​អត់​បើក​ប្រាក់ខែ​ឲ្យ​យើង​។ បើ​សិន​ជា​អ្នក​មក​ធ្វើការ​ត្រូវ​តែ​មាន​ភាពស្មោះត្រង់​។ ត្រូវតែ​ធ្វើ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គោរព​ក្រុមហ៊ុន អ៊ីចឹង​ក្រុមហ៊ុន​នឹង​គោរព​អ្នក​វិញ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​៖ «​បើ​សិន​ជា​អ្នក ​(​ពលករ​) ​លួច​ខ្ជិល ដើរ​ទៅ​មក​អត់​ធ្វើការ បើ​សិន​ជា​បង្កើត​កំហុស​ដែល​គេ​បាន​បង្រៀន ម្តង​ហើយ​ម្តង​ទៀត អ៊ីចឹង​គេ​នឹង​ចាត់​វិធានការ​បណេ្តញចេញ​»​។ ទោះ​យ៉ាង​ណា​លោក ហ្សាហឺអេមប៊ី អេមអាល់ ខូរ៉េនិច បញ្ជាក់​ថា ប្រសិន​បើ​ពលករ​ទាំងនោះ​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច រំលោភបំពាន ឬ​បៀតបៀន ពួកគេ​អាច​រាយការណ៍​ទៅកាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូវ៉ែត​។

លោក​បញ្ជាក់​ថា​៖ «​ប្រទេស​នីមួយៗ​តែងតែ​មាន​បញ្ហា ប៉ុន្តែ​យើង​មិន​មើល​លើ​តែ​ផ្នែក​នៃ​បញ្ហា​នោះ​ទេ គឺ​យើង​ត្រូវ​មើល​ពី​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ដោះស្រាយ​បញ្ហា​? ក្រសួង​ការងារ​របស់​យើង ប្រទេស​កូវ៉ែត យើង​មាន​ទូត​របស់​ប្រទេស​កម្ពុជា​នៅ​កូវ៉ែត​។ អ្នក​អាច​ប្រាប់​ទូត​របស់​អ្នក និង​ធ្វើការ​ទាក់ទង​ទៅ​ក្រសួង​ការងារ​ ពួកគេ​នឹង​ជួល​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ និង​ដោះស្រាយ​បញ្ហា​»​។ លោក​អះអាង​ថា ច្បាប់​ការងារ និង​ច្បាប់​ផ្សេង​ទៀត​របស់​ប្រទេស​កូវ៉ែត​គឺ​សុទ្ធតែ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក​បាន​បញ្ជាក់​ថា​ជាទូទៅ​និយោជក​គឺជា​អ្នក​កាន់កាប់​​លិខិត​ឆ្លងដែន​របស់​ពលករ​។

ទាក់ទង​ទៅ​នឹង​ករណី​នេះ​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ប្រទេស​កូវ៉ែត​មាន​នីតិវិធី​របស់​គេ ហើយ​កម្ពុជា​ក៏​មាន​នីតិវិធី​របស់​ខ្លួន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ថា​៖ «​យើង​បញ្ជូន​ពលករ​យើង​ទៅ តែ​នៅ​ពេល​តម្រូវការ​របស់​កម្ពុជា​ទាំងអស់​ត្រូវ​បាន​សម្រេច ហើយ​យើង​ច្បាស់​ថា សុវត្ថិភាព សិទ្ធិ និង​អត្ថប្រយោជន៍​ពលករ​យើង គឺ​ត្រូវ​ការពារ​យ៉ាង​ល្អ​»​។

លោក មឿន តុលា ប្រធាន​អង្គការ​សង់ត្រាល់ ជា​អង្គការ​ដែល​ធ្វើការ​ជួយ​គាំពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​បាន​ថ្លែង​ថា អ្វី​ដែល​លោក​ចង់​ក្រើន​រំឭក​ដល់​ប្រទេស​ទាំង​ ២ ​គឺ​ត្រូវ​ពិនិត្យ​លើ​ផ្លូវ​ច្បាប់​ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​ច្បាប់​កម្មករ​ចំណាកស្រុក ថា តើ​មាន​ហើយ​ឬ​នៅ នៅក្នុង​ប្រទេស​កូវ៉ែត​? បន្ទាប់មក​កម្ពុជា​ត្រូវ​ពិនិត្យ​មើល​យន្តការ​ផ្សេងៗ​ថា​តើ​ប្រសិន​បើ​មាន​អំពើ​ហិង្សា ឬ​វិវាទ​ការងារ​កើតឡើង តើ​គេ​ដោះស្រាយ​យ៉ាង​ដូចម្តេច​? លោក​ តុលា បញ្ជាក់​ថា​៖ «​ប្រទេស​កម្ពុជា​ត្រូវ​ធានា​ថា យើង​មាន​សមត្ថភាព​ដើម្បី​តាមដាន និង​ជួយ​សង្គ្រោះ​ពេល​ពលករ​យើង​មាន​បញ្ហា​។ ខ្ញុំ​សូម​ផ្តល់​យោបល់​ថា គួរ​មាន​ការធ្វើ​គម្រោង​សាកល្បង​សិន ឧទាហរណ៍​ដូចជា​ត្រូវ​បញ្ជូន​ពលករ​ត្រឹម ១០០ នាក់​សិន​»៕