ភ្នំពេញ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​សារធាតុ​ពិនិត្យ​រក​មើល​​មេរោគ​កូវីដ ​១៩​ អាច​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​អង្គារ ​(យប់​មិញ) ​ដែល​អាច​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស ​២ ០០០ ​នាក់។ ​យោង​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​។​

ស្ថានទូត​ចិន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​សរសេរ​លើ​ហ្វេសប៊ុក​ស្ថានទូត​ថា​៖ ​«​តាម​ការ​ប៉ាន់ស្មាន​ទុក​មុន ​នា​រាត្រី​ថ្ងៃ ​១៧ មីនា​ ​សារធាតុ​ Detection Reagent​ ជំងឺ​​វីរុស​កូវីដ ​១៩ ​សម្រាប់ ​២ ០០០ ​នាក់​ ដែល​ជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើង​ហោះហើរ​ ​ហើយ​ជំនួយ​សារធាតុ​ទាំង​នេះ​នឹង​ត្រូវ​បាន​ទទួល​ដោយ​ក្រសួង​សុខាភិបាល​​នៃ​ប្រទេស ​កម្ពុជា​»​។​

ស្ថានទូត​ចិន​បន្ត​ថា ​ប្រទេស ​ចិន ​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ​ ម៉ាស់​វេជ្ជសាស្រ្ត ​និង​សម្ភារ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ ​និង​ព្រម​ទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​​វីរុស​កូវីដ ១៩ ​ជូន​ចំពោះ​ភាគី​​កម្ពុជា​។​

មន្ត្រី​ស្ថានទូត​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ​បុគ្គលិក​សុខាភិបាល​អាច​ប្រើប្រាស់​សារធាតុ​ ​Detection Reagent ​សម្រាប់​ធ្វើ​តេស្ត​រក​មើល​ថា​ ​តើ​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កូវីដ ​១៩ ​ឬ​អត់?​ ដោយ​ប្រើ​រយៈពេល​ខ្លី។ ​លោក​មិន​អត្ថាធិប្បាយ​បន្ថែម​ដោយ​ស្នើ​ឲ្យ​រង់ចាំ​ព័ត៌មាន​លម្អិត​នៅ​លើ​ផេច​របស់​ស្ថានទូត​។​

លោក​ ​កុយ​ ​គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ថ្លែង​ថា ​លោក​មិន​មាន​ព័ត៌មាន​អំពី​ជំនួយ​របស់​ចិន​នេះ​ទេ ​ដោយ​ស្នើ​ឲ្យ​សួរ​ទៅ​ក្រសួង​សុខាភិបាល​។​ ​ចំណែក​លោក​ ​ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ​និង​ លោកស្រី​ ​ឱ​ ​វណ្ណឌីន​ អ្នក​នាំពាក្យ​​ក្រសួង​សុខាភិបាល ​និង​ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ ​លោក​ ​លី​ ​សុវ៉ាន់​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​កាល​ពី​ម្សិលមិញ​។​

លោក ​ឯម​ ​សុវណ្ណារ៉ា​ ​អ្នក​វិភាគ​នយោបាយ​បាន​ឲ្យ​ដឹង​ថា​ ការ​ជួយ​របស់​ចិន​ដល់​កម្ពុជា​​​នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រឹងមាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ​១៩​ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ក៏​បាន​ជួយ​គាំទ្រ​ក្នុង​ទឹក​ប្រាក់ ​២ លាន​ដុល្លារ ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​​​

លោក​ថ្លែង​ថា៖ ​«​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ ក្នុង​ខណៈ​ពេល​ដែល​ជំនួយ​លើ​បញ្ហា​ក្នុង​ការ​ទប់ស្កាត់​កូវីដ ​១៩ ​នេះ ​ពី​មុន​មាន​ពី​អាមេរិក បាន​ជួយ ​២ ​លាន​។​ ​បើ​ចិន​ជួយ​ទៀត​ដល់​កម្ពុជា​ទៀត​ ដែល​កម្ពុជា​មាន​កម្រិត​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នោះ ​ខ្ញុំ​គិត​ថា​ អាច​ជួយ​ទប់ស្កាត់​ ​និង​ការពារ​កម្ពុជា​បាន​ច្រើន។​ ​វា​អាច​​បង្ហាញ​ដល់​អន្តរជាតិ​ថា ​[ចិន]​ ជា​មិត្ត​ដែក​ថែប ជួយ​យក​អាសា​គ្នា​»​៕​