ភ្នំពេញៈ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានអះអាងថា ការធ្វើរដ្ឋប្រហារនៅកម្ពុជាក្នុងឆ្នាំ ១៩៧០មិនជាប់ទាក់ទងអាមេរិកទេ តែថា ជាប់ពាក់ព័ន្ធនឹងក្រុមចារកម្មរបស់អាមេរិក (CIA) ខណៈក្រសួងការពារជាតិកម្ពុជាលើកឡើងថា អាមេរិកបានជាប់ពាក់ព័ន្ធរដ្ឋប្រហារនេះជាអ្វីដែលអ្នកវិភាគថាជាការសាចទឹកដាក់គ្នារវាងមហាអំណាចទាំង ២ ហើយខ្លះថាប្រហែលត្រូវឲ្យមានការសរសេរប្រវតិ្តសាស្ត្រឯករាជ្យ។
ការលើកឡើងរបស់ស្ថានទូតចិននេះបានធ្វើឡើងនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ១ កុម្ភៈ ដោយបានសរសេរថា អាមេរិកមិនជាប់ទាក់ទងនឹងការនៅពីក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ទេ ប៉ុន្តែបានអះអាងថា ក្រុមចារកម្មអាមេរិកបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដោយមានទាំងរំលេចរូបភាពទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះរបស់អាមេរិក និងរូបគ្រាប់បែកជាច្រើនគ្រាប់ផងដែរ។
ហ្វេសប៊ុករបស់ស្ថានទូតចិនបានបញ្ជាក់ថា៖ «ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជាបានលើកឡើងជាសាធារណៈថាប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហារសម័យ លន់ នល់ នៅ កម្ពុជាកាលពីដើមទសវត្សរ៍ទី ៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមរ៉ាំរៃអស់រយៈពេលយ៉ាងយូរនោះមិនមានទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែទាក់ទងនឹង”CIA”»។
ទាក់ទិននឹងបញ្ហានេះកាលពីថ្ងៃ ១ កុម្ភៈ ដដែលនោះ ក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយបានលើកឡើងដែរថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃដែលផ្តើមចេញពីរដ្ឋប្រហារគាំទ្រដោយអាមេរិកក្នុងឆ្នាំ ១៩៧០។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «ព្រះរាជាណាចក្រកម្ពុជាធ្លាប់រងគ្រោះដោយវត្តមានកងទ័ពបរទេសនៅលើទឹកដីបានធ្វើឲ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាពមិនចង់ឱ្យប្រវត្តិសាស្រ្តនេះវិលមកជាថ្មីគ្រាដែលប្រទេសកំពុងមានសន្តិភាពពេញលេញនោះឡើយ»។
ការអះអាងរបស់ស្ថានទូតចិននិងក្រសួងការពារជាតិកម្ពុជានេះបានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាលើកឡើងកាលពីថ្ងៃទី ៣១ មករា ថា អាមេរិកមិនជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនៅកម្ពុជាក្នុងឆ្នាំ ១៩៧០ ប៉ុន្តែបែរជាថា មានភ័ស្តុតាងពីការគាំទ្រយ៉ាងសកម្មរបស់រដ្ឋាភិបាលចិនដល់របបខ្មែរក្រហម។
ហ្វេសប៊ុកស្ថានទូតអាមេរិកបានសរសេរថា៖ «យើងសូមធ្វើការកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចទេ។ រហូតមកទល់ពេលនេះ គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ផ្ទុយទៅវិញមានភ័ស្តុតាងយ៉ាងច្រើន ដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក»។
លោក សុខ សុគន្ធ អ្នកវិភាគម្នាក់ដែលកំពុងរស់នៅអាមេរិកបានបង្ហាញការងឿងឆ្ងល់ថាហេតុអ្វីបានជាស្ថានទូតអាមេរិករិះគន់ចិនរឿងជាប់ពាក់ព័ន្ធក្នុងរបបខ្មែរក្រហម ខណៈឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជាមិនទាន់តែងតាំងនិងមិនបានជួបមន្ត្រីជាន់ខ្ពស់កម្ពុជាផង ហើយថាតើមន្ត្រីការបរទេសមួយណាដែលបញ្ជាឲ្យមន្ត្រីស្ថានទូតអាមេរិកនិយាយបែបនេះនិងក្នុងចេតនាអ្វី?
លោកបានបញ្ជាក់ថា៖ «ខ្ញុំហាក់បីដូចជា មិនយល់ទាល់តែសោះថា ម៉េចបានជាស្ថានទូតអាមេរិកាំងចេញវាចានៅពេលឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកពុំទាន់បានមកជួបរាជការខ្មែរ ដូច្នេះហើយការដែលស្ថានទូតអាមេរិកចេញវាចាដូច្នោះគឺជាចំណុចមួយដែលមិនយល់ទាល់តែសោះថា តើការបង្កើតបញ្ហានេះ មានចេតនាដូចម្តេច...?»។
លោកបានចាត់ទុកការឆ្លើយឆ្លងគ្នារវាងស្ថានទូតអាមេរិកនិងស្ថានទូតចិនថា ជាល្បែងវាយប៉េងប៉ុងក្រោមតុ ហើយថាការអះអាងបែបនេះហាក់ដូចជាចង់បង្កទំនាស់វោហារស័ព្ទរវាងប្រទេសខ្លួនជាមួយប្រទេសចិន លើទឹកដីកម្ពុជា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងកាលពីម្សិលមិញថា នេះការបង្ហោះសារបាចទឹកដាក់គ្នារវាងអាមេរិក និងចិន ពាក់ព័ន្ធជាមួយនឹងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ ១៩៧០។
លោក ភា ថ្លែងថា៖ «វាជារឿងមិនល្អទាល់តែសោះដែលមហាអំណាចទាំង ២ យកបញ្ហាកម្ពុជាទៅជាវោហារស័ព្ទនយោបាយដើម្បីយុទ្ធសាស្ត្ររបស់ ខ្លួន។ ជាការពិតសហរដ្ឋអាមេរិកពិតជាមានការជាប់ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហាទម្លាក់សម្តេចឪ នៅឆ្នាំ ១៩៧០ ដែលមិនអាចបដិសេធបានទេ។ ជាសកម្មភាព និងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅក្នុងរបបគ្រប់គ្រងនៅកម្ពុជានៅចន្លោះ ឆ្នាំ ១៩៧០ និង ១៩៧៥»។
យ៉ាងណាក្ដី លោកថា ប្រទេសចិនក៏បានជាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមប្រល័យពូជសាសន៍ដែរដោយសារបានគាំទ្រខ្មែរក្រហមតាំងពីឆ្នាំ ១៩៧៥ រហូតដល់ដួលរលំទៅវិញ ហើយបន្តគាំទ្ររបបនេះទៀតពោលគឺលោកថា មហាអំណាចទាំង ២ សុទ្ធតែមានការជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ ១៩៧៩ ដែលបានបង្កវិនាសកម្ម ការឈឺចាប់ និងសោកនាដកម្ម។
លោកបញ្ជាក់ថា៖ «សូមមហាអំណាចទាំង ២ នេះ កុំដើរជាន់ដានប្រវត្តិសាស្ត្រតទៅទៀតហើយសូមយកអ្វីដែលល្អសម្រាប់ប្រជាជនកម្ពុជាកុំយកសោកនាដកម្មឬវិនាសកម្មឬអំពើប្រល័យពូជសាសន៍សម្រាប់ប្រជាជនខ្មែរ»។
ជាថ្មីម្ដងទៀត ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់តាមអុីមែលកាលពីម្សិលមិញថា វាគ្មានភ័ស្តុតាងបញ្ជាក់ថាសហរដ្ឋអាមេរិកជាប់ទាក់ទងនឹងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ មកកាន់អំណាចនោះទេ ប៉ុន្តែបានអះអាងថាអាមេរិកបានជួយដោះស្រាយមរតកសង្គ្រាមរបស់ខ្លួននៅកម្ពុជា។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា៖ «តាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាយូរ និងមានសារៈសំខាន់ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាលក្ខណៈមនុស្សធម៌រួមមាន ការបោសសម្អាតមីនរាប់ម៉ឺនគ្រាប់ដែលផលិតក្នុងប្រទេសចិន និងដែលបានសម្លាប់និងធ្វើឲ្យរងរបួសប្រជាជនកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយនោះ!»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបទៀតបានលើកឡើងតាមហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា នេះគ្រាន់តែជាការលើកឡើងដដែលៗប្រឆាំងនឹងសហរដ្ឋអាមេរិកស្រដៀងនឹងសៀវភៅរបស់ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ ដែលមានចំណងជើងថា «សង្រ្គាមរបស់ខ្ញុំប្រឆាំងនឹងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក»។
ដោយសារបណ្ដាប្រទេសកុម្មុយនីស្តបានជ្រោមជ្រែងព្រះអង្គ ខណៈព្រះអង្គត្រូវបាន លោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងហើយកងទ័ពកុម្មុយនីស្តវៀតណាមនិងពួកខ្មែរក្រហមជាសម្ព័ន្ធមិត្តពួកគេ បានបើកការវាយប្រហារផ្ដួលរំលំរបបរបស់ លន់ នល់ ក្នុងប្រទេសកម្ពុជា។
លោកថា៖ «ប្រហែលជាវាតម្រូវឲ្យមានការរៀបចំនូវក្រុមអ្នកប្រវត្តិសាស្រ្តឯករាជ្យមួយដើម្បីស្វែងរកការពិតទាំងមូលអំពីមូលហេតុជាច្រើននៃសង្រ្គាមពីឆ្នាំ ១៩៧០ដល់ ១៩៧៥ នៅកម្ពុជាដើម្បីធ្វើយ៉ាងណាបញ្ចប់ភាពមិនចុះសម្រុងគ្នាអំពីមូលហេតុទាំងនេះ»។
ដោយឡែកកាលពីថ្ងៃទី ៣១ ខែមករាការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសមួយដោយបង្ហាញជំហរថា ប្រទេសកម្ពុជាស្វាគមន៍រាល់ប្រទេសមហាអំណាចនិងប្រទេសជាមិត្តទាំងអស់ទោះប្រទេសនោះស្ថិតក្នុង ប្រព័ន្ធនយោបាយណាមួយក៏ដោយក្នុងកិច្ចចូលរួមជាដៃគូអភិវឌ្ឍន៍និងភាតរភាពចំពោះសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋកម្ពុជាក្នុងកិច្ចជ្រើសរើស និងធានាជោគវាសនារបស់ខ្លួនដោយខ្លួនឯង។
សេចក្តីប្រកាសនោះបញ្ជាក់ថា៖ «ក្នុងនាមប្រជាជាតិខ្មែរទាំងមូលសូមអំពាវនាវដល់ប្រទេសជាមិត្តទាំងអស់ មេត្តាប្រាសចាកពីកិច្ចការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជាដែលជាប្រជាជាតិអធិបតេយ្យ»។
ឆ្លើយតបនឹងរបាយការណ៍ការិយាល័យរបស់ប្រធានកិច្ចការសម្ងាត់អាមេរិកាំង (Office of the Director of National Intelligence) ដែលបានវាយតម្លៃការគំរាមកំហែងជាសកលប្រចាំឆ្នាំ ២០១៩ ដែលថា កម្ពុជាកំពុងរអិលធ្លាក់ចូលទៅក្នុងរបបផ្តាច់ការនិយមនោះ ក្រសួងការពារជាតិកម្ពុជាក៏បានប្រកាសថ្កោលទោសផងដែរដោយបានច្រានចោលនិងបានចាត់ទុកថាមានចរិតញុះញង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានិងបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជនជាតិនិងអន្តរជាតិ។
បើតាមសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា៖«ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសនិងច្រានចោលទាំងស្រុងចំពោះរបាយការណ៍ញុះញង់គ្មានមូលដ្ឋានវិទ្ធង្សនារបស់មន្ទីរចារ-កម្មជាតិសហរដ្ឋអាមេរិក»។
នៅពេលទាក់ទងសុំការបញ្ជាក់បន្ថែម មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា មិនបានឆ្លើយតបទេ គិតត្រឹមម៉ោងចេញផ្សាយកាលពីល្ងាចម្សិលមិញ៕