ភ្នំពេញៈ អង្គទូតបរទេសជាច្រើនបានកោតសរសើរកម្ពុជាដោយចាត់ទុកកម្ពុជាជាប្រទេសដំបូងគេបង្អស់ ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់សហគមន៍ការទូតនៅប្រទេសកម្ពុជា។ ស្ថានទូតទាំងនោះបានសរសេរលិខិតថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Covishield របស់ក្រុមហ៊ុន AstraZeneca ដល់មន្ត្រីទូត។
តាមរយៈលិខិតចុះហត្ថលេខាកាលពីថ្ងៃទី ១ ខែមេសា របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ ប្រមុខការទូតរូបនេះជម្រាបពីការថ្លែងអំណរគុណពីសំណាក់អង្គទូតនានានៅប្រទេសកម្ពុជា ចំពោះការយកចិត្តទុកដាក់ និងការផ្តល់នូវការចាក់វ៉ាក់សាំងដល់មន្ត្រីរបស់ខ្លួន។
លោក ប្រាក់ សុខុន បានឱ្យដឹងថា៖ «ស្ថានទូតប្រ៊ុយណេប្រចាំកម្ពុជាដែលជាប្រធានអង្គទូតប្រចាំកម្ពុជា និងអង្គទូតនានាដូចជា បារាំង វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យសហគមន៍ការទូតប្រចាំកម្ពុជាទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca (Covishield)»។
តាមរយៈកំណត់ទូតរបស់ស្ថានទូតប្រ៊ុយណេប្រចាំកម្ពុជាបានលើកឡើងថា ស្ថានទូតប្រ៊ុយណេជឿជាក់ថា កម្ពុជាជាប្រទេសដំបូងគេបង្អស់ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈដែលវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សុខុន ក្នុងលិខិតផ្ញើជូនលោក ហ៊ុន សែន។
យោងតាមស្ថានទូតប្រ៊ុយណេប្រចាំប្រទេសកម្ពុជាដែលផ្ញើលិខិតទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី ២៤ ខែមីនា បានសម្តែងនូវអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់នូវការចាក់វ៉ាក់សាំងការពារកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់សហគមន៍ការទូតក្នុងប្រទេសកម្ពុជា។
ស្ថានទូតនេះបញ្ជាក់ថា៖ «គ្មាននរណាម្នាក់មានសុវត្ថិភាពបានទេ ដរាបណាមនុស្សគ្រប់គ្នាមិនមានសុវត្ថិភាព។ ក្នុងអំឡុងពេលដ៏ពិបាកនេះហើយជាការពិតចំពោះប្រសាសន៍របស់ឯកឧត្តម (លោក ហ៊ុន សែន) ដែលបានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសតូចមួយ តែមានបេះដូងធំ។ យើងពិតជាអរគុណណាស់»។
ចំណែកឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ELDEEN HUSAINI MOHD HASHIM បានសរសេរលិខិត ១ ច្បាប់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ ដោយបានថ្លែងអំណរគុណអស់ពីដួងចិត្ត និងយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំពោះរាល់ជំនួយក្នុងការចាក់វ៉ាក់សាំងដល់មន្ត្រីស្ថានទូតម៉ាឡេស៊ី និងសមាជិកគ្រួសាររបស់ពួកគេកាលពីថ្ងៃទី ២៤ មីនា ឆ្នាំ ២០២១។
លោកលើកឡើងថា៖ «ដំណើរការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅយ៉ាងរលូន និងរៀបចំបានល្អ។ ខ្ញុំពិតជាសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សប្បុរសរបស់លោក ហើយយើងទន្ទឹងរង់ចាំទទួលការចាក់វ៉ាក់សាំងនេះក្នុងដូសទី២ ទៀតតាមការកំណត់»។
ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីបានសម្តែងនូវអំណរគុណដល់លោក ហ៊ុន សែន និងក្រសួងការបរទេសចំពោះការរៀបចំ និងការសម្របសម្រួល ឥតឈប់ឈរនៅទូទាំងដំណើរការនៃការចាក់វ៉ាក់សាំងការពារកូវីដ ១៩ សម្រាប់បុគ្គលិកការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមទាំងសមាជិកគ្រួសារ និងបុគ្គលិកមូលដ្ឋានផងដែរ។
លិខិតស្ថានទូតសរសេរថា៖ «ស្ថានទូតសូមកោតសរសើរចំពោះការផ្តល់វ៉ាក់សាំងនេះដែលឆ្លុះបញ្ចាំងពីការខិតខំ ប្រឹងប្រែងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈការផ្តល់ការចាក់វ៉ាក់សាំងនេះ ប្រទេសកម្ពុជាបានធ្វើជាគំរូដ៏ល្អមួយដែលសហគមន៍អន្តរជាតិគួរតែសហការ និងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត»។
ជាមួយគ្នានេះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ នៅទូទាំងប្រទេសក្នុងគោលការណ៍ស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១ ដល់ទី ៤ ខែមេសាក្រសួងសុខាភិបាលបានឱ្យដឹងថា មនុស្សចំនួន ១៤០ ៧៧៣ នាក់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ស៊ីណូហ្វាក់។
ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅទូទាំងប្រទេស (គ.វ.ក-១៩) បានណែនាំ និងបញ្ជាដាច់ខាតទៅដល់ប្រធានអនុគណៈកម្មការចំពោះកិច្ចនៅតាមក្រសួងនីមួយៗមិនត្រូវអនុញ្ញាតយកបុគ្គលិកផ្សេងក្រៅពីមន្ត្រីរាជការស៊ីវិលដែលស្ថិតក្នុងក្រសួងសាមីមកចាក់វ៉ាក់សាំងទេ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «ដូចក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានចាក់លើសចំនួនដែលក្រសួងនេះបានស្នើសុំមក ដែលនេះជាបញ្ហាដែលយើងមិនមានវ៉ាក់សាំងសម្រាប់ផ្តល់ជូនអ្នកចាក់លើកទី២។ ប្រសិនបើក្រសួងនីមួយៗចេះតែយកបុគ្គលផ្សេងដែលមិនមែនជាបុគ្គលិករបស់ខ្លួនមកចាក់នោះ ធ្វើឱ្យចំនួនវ៉ាក់សាំងដែលយើងគ្រោងផ្តល់ឱ្យមន្ត្រីរាជការនោះមិនមានវ៉ាក់សាំងគ្រប់ចំនួនទេ»។
លោកស្រីបន្តថា វាជារឿងធំណាស់ដែលប្រធានអនុគណៈកម្មការទាំងអស់ត្រូវយកចិត្តទុកដាក់ ដោយសារវ៉ាក់សាំងមានតែ ១,៥ លានដូស ដែលគោលដៅត្រូវចាក់គឺសម្រាប់តែ ៧៤៥ ០០០ នាក់ទេ។
លោកស្រីថា៖ «ប្រសិនបើប្រធានស្ថាប័នមិនអនុវត្តទៅតាមគោលដៅដែលបានដាក់ចេញគឺសុំប្រធានអនុគណៈកម្មការនីមួយៗនេះត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ព្រោះយើងមិនត្រូវចេះតែយកអ្នកនេះ ឬអ្នកនោះមកចាក់នោះទេ»៕
វីដេអូ៖