ភ្នំពេញៈ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុក​កាល​ពី​ម្សិលមិញ​ដោយ​បាន​អះអាង​ថា គ្មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ពាក់ព័ន្ធ នៅ​ក្នុង​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ ១៩៧០ នោះ​ទេ។

សាររបស់ស្ថាន​ទូ​ត​អា​មេ​រិក​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ជា​មួយ​អ្នក​ធ្វើ​អត្ថា​ធិ​ប្បា​យ​មួយ​ចំនួន​ដែល​បាន​សរសេរ​សារ​​បញ្ចេញ​មតិ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​ដោយ​​​បាន​យល់​ឃើញ​ថា​រដ្ឋាភិ​បាល​អាមេរិក​ជា​ដើម​ចម​ និង​ជា​អ្នក​រួម​ចំ​ណែក​ស្ថាប​និក​ឲ្យ​កើត​មាន​របប​ប្រល័យ​ពូជ​សាស​ន៍​ខ្មែរ​ក្រហម​។​

​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អា​មេរិក​បាន​សរ​សេរ​ថា​៖ ​«​យើង​សូម​ធ្វើ​ការ​កត់សម្គាល់​ថា​ សហ​រដ្ឋ​អា​មេរិក​មិន​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​រដ្ឋ​ប្រហារ​ដែល​នាំ​ឲ្យ​​លោក លន់ ​នល់​ ឡើង​កាន់​អំណាច​នោះ​ទេ។​ រហូត​មក​ដល់​ពេល​នេះ ​គ្មាន​ភ័ស្តុ​តាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋ​អា​មេរិក​ទេ។​ ផ្ទុយ​ទៅ​វិញ​ មាន​ភ័ស្តុ​តាងយ៉ាង​ច្រើន ដែល​បង្ហាញ​ថា ​រដ្ឋា​ភិ​បាល​ចិន​បានគាំ​ទ្រ​យ៉ាង​សកម្ម​ដល់​របប​ខ្មែរ​ក្រហម​ ពី​ឆ្នាំ ១៩៧៥ ​ដល់​ឆ្នាំ ១​​៩៧៩​ និង​ក្នុង​រយៈ​កាល​ក្រោយ​ពី​នោះ​មក​»។​

​សារ​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​សរសេរ​លើ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​​អាមេ​រិក​ប្រ​ចាំ​នៅ​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ទៀត​​ថា​៖ ​«​យើង​សូម​អំពាវ​នាវ​ឲ្យ​ប្រទេស​​ កម្ពុជា​ ប្រកាន់​ខ្ជាប់​នូវ​នយោ​បាយ​ការបរ​ទេស​ឯក​រាជ្យ អធិ​ប​តេយ្យ​ភាព​ និង​ប្រកប​ដោយ​តុល្យ​ភាព​ ដែល​រក្សា​បាន​នូវ​អនា​គត​របស់​ប្រទេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់​»។​

​ការ​ឆ្លើយ​តប​របស់​ស្ថាន​ទូត​អា​មេរិក​ប្រ​ចាំ​នៅ​ភ្នំ​ពេញ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​អា​ស​យ​ដ្ឋាន​ហ្វេស​ប៊ុក​របស់​អ្នក​សរសេរ​ចូល​មួយ​ចំនួន​ដូច​ជា​ឈ្មោះ​ មុនី​ ​ច័ន្ទ​ បាន​សរសេរ​ចូល​ទៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អា​មេរិក​ថា​៖​ «​បើ​គ្មាន​អាមេ​រិក​គាំ​ទ្រ​ លន់​ នល់​ ឲ្យ​​​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោ​ត្តម​សី​ហនុ​ ចេញ​ពី​អំ​ណាច​នៅ​ខែមីនា ​ឆ្នាំ​ ១​៩៧០ ​ទេ​ ក៏​កម្លាំង​ខ្មែរក្រ​ហម​មិន​រីក​ចម្រើន​ធំ​ធាត់​រហូត​ដល់​នាំ​យ​ក​ប្រទេស​កម្ពុជា​ទម្លាក់​ចូល​ទៅ​ក្នុង​របប​វាល​ពិឃាត​ប្រល័យ​ពូជ​សាសន៍ឯង​នោះ​ដែរ​។​ និយាយ​ជា​រួម​ អា​​មេរិ​ក ក៏​ជា​ដើម​ចម និង​ជា​អ្នក​រួម​ចំណែក​ស្ថាប​និក​ឲ្យ​ កើត​មាន​រប​ប​ខ្មែរ​ក្រ​ហម​ និង​វាល​ពិឃាត​នៅ​កម្ពុជា​មួយ​ចំណែក​ធំ​ដែរ​»​។​

​អា​ស​យ​ដ្ឋាន​មួយ​ទៀត​ឈ្មោះ​ Bong Kla​ បាន​លើក​ជា​សំណួរ​ថា​៖​ «​លន់ នល់​ ប្រើ​អាវុធ​ចិ​ន?»។​

ការ​បញ្ចេញ​មតិ​របស់ ​មុនី​ ច័ន្ទ​ ​ប្រហាក់​ប្រ​ហែល​ជា​មួយ​សុន្ទ​រ​ក​ថា​លោក ហ៊ុន​ ​សែន​ នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​មី​ទ្ទីង​រំឭក​ខួប​ទី​ ៤០ ​នៃ​ទិវា​ជ័យ​ជម្នះ​ ៧ ​ម​ក​រា​កាល​ពី​ថ្ងៃ​ ៧ ​ម​ក​រា ​ខែមុ​ននេះ​​បាន​ឲ្យ​ដឹ​ង​​ថា​​ គ្រោះ​មហន្ត​រាយ​របស់​ប្រទេស​ កម្ពុជា​ បាន​ចាប់​ផ្ដើម​ពី​រដ្ឋ​ប្រហារ​របស់​ពួក​ លន់​ ​នល់​ ​រំ​លំ​របប​សង្គម​រាស្ត្រ​និយម​នៅ​ថ្ងៃ​ទី​ ១៨​ ​ខែ​មីនា ឆ្នាំ​ ១៩៧០​ ​ដោយ​មាន​បរទេស​បញ្ជា​ពី​ក្រោយ​ដែល​បាន​រុញ​ទម្លាក់​កម្ពុជា​ពី​កោះ​សន្តិភាព​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ពេញ​ទំ​ហឹង​។ ​សង្គ្រាម​ពី​ឆ្នាំ ​១៩៧​០ ​ដល់ ​១៩៧៥ ​បាន​សម្លាប់​ប្រ​ជា​ជន​កម្ពុជា​ជិត​មួយ​លាន​នាក់។​ បន្ទាប់​ពី​សង្គ្រាម​ ៥ ​ឆ្នាំ​ប្រជាជន​កម្ពុជា​បាន​បន្ត​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​មួយ​ថ្មី​ទៀត​គឺ​របប​ប្រ​ល័យ​ពូជសាស​ន៍​ឯង​នៃ​របប​ប្រ​ជាធិ​បតេ​យ្យ ​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​កម្ពុ​ជា​ក៏​ដូច​ប្រ​វត្តិ​សាស្ត្រ​មនុស្ស​ជាតិ។

កាល​ពី​ថ្ងៃ​ទី​ ៣០​ ​ខែ​មក​រា ​កន្លង​មក​នេះ​ ស្ថាន​ទូត​អា​មេរិក​ក៏បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​ដែរ​ថា​ នៅ​ខួប​លើក​ទី​ ៤០​ នៃ​ខែ​មករា ជា​ប្រវត្តិ​សាស្ត្រ​នេះ​ ស្ថាន​ទូត​អា​មេរិ​ក​ សូម​ឧទ្ទិ​ស​ដល់​ជីវិ​ត​ប្រ​ជា​ជន​កម្ពុ​ជា​ ជាង ​២ ​លាន​នាក់​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ និងប្រជា​ជនដែលរស់​រាន​មាន​ជីវិត​ពី​របប​នេះ ​ប្រមាណ​ ៥ ​លាន​នាក់​ ដែល​ទទួល​រង​ការ​ឈឺ​ចាប់​ទាំង​ផ្លូ​វ​កាយ ​និង​ផ្លូវ​ចិត្ត​។​ ​

នៅ​ថ្ងៃ​ទី​ ១​៦ ខែ​ វិ​ច្ឆិ​កា ​ឆ្នាំ ​២០១៨ ​អង្គជំ​នុំ​ជម្រះ​វិ​សាម​ញ្ញ​ក្នុង​តុ​លា​ការ​កម្ពុជា បាន​ដាក់​ទោស​លើ​អតីត មេ​ដឹក​នាំ​ជាន់ ​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ២ ​រូប​គឺ ​នួន​ ជា​ និង​ ខៀវ​ សំ​ផន​ ពី​បទ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​ក​ម្ម​ប្រឆាំង​មនុស្ស​ជា​តិ និង​ការ​រំលោភយ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្យឺ​ណែ​វ​ ឆ្នាំ ​១៩៤៩។​

ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អា​មេរិក​ដ​ដែល​នេះ​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា​៖ ​«​សាល​ក្រម​ដាក់​ទោស​របស់​តុ​លា​ការ​នេះ​ មាន​ការ​ទទួល​ស្គាល់​ជា​លើក​ដំ​បូង​ថា ​ឧក្រិ​ដ្ឋកម្ម​នៃ​របប​ខ្មែរ​ក្រហម​ គឺ​ជា​អំពើ​ប្រល័យ​ពូជ​សាស​ន៍​ ដូច​ដែល​បាន​កំណត់​ និយមន័យ ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​។​ ​សាលក្រម​នេះ​គួរ​តែ​នាំ​ម​ក​នូវ​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​ស្វែង​រក​ការ​ពិត​ និង​អ្នក​ទទួល​ខុស​ត្រូវ​នៅកម្ពុ​ជា​ និង​ក្នុង​ប្រ​ទេសដទៃ​ទៀត​ ដែល​កំពុង​ខិត​ខំ​ផ្សះ​ផ្សា​ជា​មួយ​នឹង​អំពើ​យង់​ឃ្នង​ពី​អ​តី​ត​កាល​។​ ​វា​ក៏គួរ​តែ​ជា​ការ​ព្រ​មាន​ដ៏ខ្លាំង​មួយ​ដល់​រដ្ឋាភិបាល និង​ក្រុម​អ្នក​ប្រព្រឹត្ត​អំ​ពើ​ព្រៃ​ផ្សៃ ​ឬ​បំ​បាត់​សំឡេង​ប្រ​ជា​ជន​ ដែល​ថា​យុ​ត្តិ​ធម៌ អាច​ឈ្នះ​បាន​នៅ​ពេល​ដែល​យើង​ទាំង​អស់​រួម​គ្នា​ស្វែង​រក​តម្លា​ភាព​ ការ​ពិត​ ​និ​ង​កា​រ​ទទួល​ខុស​ត្រូវ​។​ វា​គឺ​ជា​រឿង​ដ៏​សំ​ខាន់​ណាស់​ដែល​យើង​ត្រូវ​ចង​ចំា​ដែរ​ថា​ ក្រុម​ខ្មែរ​ក្រហម​បាន​ពឹង​ផ្អែក​យ៉ាង​ងប់​ងុល​ទៅ​លើ​ម​ហា​អំណា​ច​ធំ​មួយ ដែល​មាន​ផល​ប្រយោ​ជ​ន៍​ខុស​ពី​ផល​ប្រ​យោជ​ន៍រ​បស់​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​»។

លោក​ ផៃ​ ស៊ី​ផាន​ ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​កាល​ពីម្សិល​មិញ​ បាន​ប្រតិ​កម្ម​ដោយ​រិះ​គន់​ស្ថាន​ទូត​អាមេ​រិ​ក​ចំពោះ​ការ​បង្ហោះ​រូប​ភាព ​លោក​ ប៉ុល​ ពត មេ​ដឹក​នាំ​ខ្មែរ ​និង​ លោក​ វ៉ាង ​តុង​សិន​ អតី​ត​អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ មជ្ឈិម​បក្ស​កុម្ម​នី​ស្ត​ចិន​ថា​ ជា​យុទ្ធនាការ​​ដែលដាក់​កំ​ហុសទៅ​លើ​ប្រទេស ​ចិន។

លោក​ ផៃ ​ស៊ីផា​ន ​​បាន​ថ្លែង​ថា៖ ​«​យើង​មិន​រណប​ជា​មួយ​ប្រទេស​ណា​ទេ​។​ ​យើង​សំណូមពរ​វិញ​ សហ​រដ្ឋ​អា​មេ​រិ​ក​គោ​រពអធិ​បតេយ្យ​ភាព​ និង​ឯក​រាជភាព​របស់​ក​ម្ពុជា​កុំ​លាប​ពណ៌​កម្ពុ​ជា​ថា​ ជា​រណ​ប​របស់​ប្រទេស​ណាមួយ​ ហើយ​ប្រទេស​ កម្ពុជា​ យើង​ធ្វើ​ជា​មិត្ត​ទាំង​អស់​ហើយ​មិន​យក​អ្នក​ណា​ជា​សត្រូវ​ទេ​ សូម្បី​តែប្រ​ទេស​អាមេរិក​ខ្លួន​ឯង​ក៏​កម្ពុ​ជា​សហ​ការ​ជាមួយ​គ្នា។​ កម្ពុជា​គ្រាន់​តែ​មាន​ទិស​ដៅ​មួ​យ​​ការ​ពា​រ​សន្តិភាព មិន​ត្រឹម​តែ​នៅក្នុ​​ង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទេ​ តែ​ថែម​ទាំង​តំបន់​ផង​ដែរ​»។

​លោក ​ផៃ​ ​ស៊ី​ផាន​ ​បាន​ថ្លែង​​ថា​ ការ​ដាក់​រូប​ភាព​ខ្មែរ​ក្រហម​ជា​មួយ​ចិន​គឺ​គ្រាន់​តែ​ជា​យុទ្ធ​នា​ការ​ដែល​ដាក់​កំហុស​ទៅ​លើ​ប្រ​ទេស​ចិន​តែ​ម្នាក់​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ការិ​យា​ល័​យ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​ណ៍​ផង​ដែរ​ដោយ​ស្វាគ​ម​ន៍​ក្នុង​តម្លៃ​ខ្ពស់​របស់​សហ​រដ្ឋ​អា​មេរិ​ក​ដែល​បាន​គាំ​ទ្រ​អង្គ​ជំ​នុំ​ជម្រះ​វិ​សា​ម​ញ្ញ​ក្នុង​តុលា​ការ​កម្ពុ​ជា​ដែល​បាន​កាត់​ទោស​លោក​ ​នួ​ន​ ​ជា​ និង ​ខៀវ ​សំ​ផ​ន​ ពី​បទ​​ប្រល័យ​ពូជ​សាស​ន៍​។​ ​ទោះ​បី​ជា​ប្រ​វត្តិ​សាស្ត្រ​ និ​ង​រួម​ជា​មួយ​អ្ន​ក​នយោ​បាយ​របស់​សហ​រដ្ឋ​អាមេ​រិក​ ​ក៏ដូច​ជា​បេក្ខ​ជន​ប្រ​ធានា​ធិប​តី​ទី ៤៥​ ក៏​ទទួល​ស្គាល់​ និង​ស្ដែង​នូវ​ការ​សោក​ស្ដាយ​ក្នុង​កិច្ច​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋអាមេរិ​ក​ដែល​បាន​ឈ្លាន​ពាន​ឯក​រាជ្យ​ ​អធិ​ប​តេយ្យ​ភាព ​និង​បូរ​ណ​ភាព​ទឹក​ដី​កម្ពុជា​ នៅ​សម័យ​កាល​ឆ្នាំ ​១៩៧០ ដ​ល់ ​១៩៧៥​ និ​ង​ការ​ជ្រៀត​ជ្រែក​នយោ​បាយ​ផ្ទៃ​ក្នុង​របស់​កម្ពុ​ជា​ ​ដែល​​បង្កើត​ឱ​កាស​ឲ្យ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច។

សេច​ក្ដី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​​ថា​៖ «​ក​ម្ពុ​ជា​ស្វាគ​ម​ន៍​រាល់​ប្រ​ទេស​ម​ហា​អំណាច​និង​ប្រ​ទេស​ជា​មិត្ត​ទាំង​អស់​ ​ទោះ​ប្រ​ទេស​នោះ​ស្ថិត​នៅ​ក្នុង​ភាព​គ្រប់​គ្រង​ឬ​ប្រ​ព័ន្ធ​នយោ​បាយ​ណា​មួយ​ក៏ដោយ ​ក្នុង​កិច្ច​ចូល​រួម​ជា​ដៃ​គូ​អភិ​វឌ្ឍ​ និង​ភាតរភាព​ចំ​ពោះ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជា​ពលរដ្ឋ​​កម្ពុជា​ក្នុង​កិច្ច​ជ្រើស​រើស​ និង​ធានា​ជោគ​វាស​នា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង»។​

​សេ​ច​ក្ដី​ថ្លែង​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ «​កា​រិ​យា​ល័​យ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​ ក្នុង​នាម​ប្រ​ជា​ជាតិ​ខ្មែរ​ទាំង​មូល ​សូម​អំ​ពាវ​នាវ​ដល់​ប្រ​ទេស​ជា​មិត្ត​ទាំង​អស់ ​មេ​ត្តា​ប្រាស​ចាក​ពី​កិច្ច​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដែល​ជា​ប្រ​ជា​ជាតិ​អធិបតេយ្យ​»។​

លោ​ក​ គិន​ ភា​ ប្រ​ធាន​វិទ្យា​ស្ថាន​ទំ​នាក់​ទំ​នង​អន្តរ​​ជាតិ​ក​ម្ពុ​ជា​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែ​ង​ថា​ តើ​ ប្រ​ទេស​ណា​មួយ​ដែល​ទៅ​ឈ្លាន​ពាន​គេ ​ហើយ​សរសេ​រឯក​សា​រផ្លូវ​ការ​ថា​ ខ្លួន​ទៅ​ឈ្លានពាន​គេ​ តើ​មាន​ដែ​រឬ​ទេ ​នៅ​ក្នុ​ង​ពិភ​ពលោក? ​គឺ​វា​អត់​មាន​ទេ​ប៉ុន្តែ​សកម្ម​ភាព​និង​ទង្វើ​​របស់​សហ​រដ្ឋ​អា​មេរិក​ និង​យុទ្ធសាស្ត្រ​របស់​សហ​រដ្ឋ​អាមេ​រិក​ គឺ​វា​បង្ហាញ​អំ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍​នៃ​ការ​ធ្វើ​រដ្ឋ​ប្រ​ហារ​។​

លោក​ ​ភា​ ​ថ្លែង​​​ថា​៖ ​«​មិន​បាច់​សួរ​ច្រើន​ទេ​យើង​មើល​ឥឡូវ​តើ​មាន​រណ្ដៅ​គ្រាប់​​បេ​របស់​សហ​រដ្ឋ​អា​មេរិក​ដែរ​ឬ​អត់​?​ កាកសំ​ណល់​អាវុធ​មិន​ទាន់ផ្ទុះ​ហើយ​ដែល​​ជា​កាកសំណល់​សង្គ្រាម​ថា​តើ​ជា​របស់​ចិន​ច្រើន​ជាង​ ឬ​សហ​រដ្ឋ​អា​មេរិក?»៕