ភ្នំពេញៈ ដោយរងការចោទប្រកាន់នាពេលថ្មីៗនេះថាបានពឹងផ្អែករដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបកម្មករកាត់ដេរ ដែលធ្វើកូដកម្ម ដើម្បីការពាររោងចក្ររបស់ជនជាតិ កូរ៉េ ស្ថានទូត កូរ៉េខាងត្បូង នៅ ភ្នំពេញ បានវាយបកតបវិញ កាលពីថ្ងៃពុធដោយថ្លែងថា ការអះអាងនោះគឺមានចេតនាអាក្រក់ និងផ្អែកលើព័ត៌មានមិនពិត។
គួរឲ្យកត់សម្គាល់អ្នកតំណាងស្ថានទូតបានអះអាងថា មន្រ្តីកូរ៉េជួបតែតំណាងកងទ័ព និងនគរបាលនៅថ្ងៃសៅរ៍ប៉ុណ្ណោះ គឺក្រោយការបង្ក្រាបយ៉ាងឃោរឃៅមកលើបាតុករ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់ និងបង្ករបួសដល់មនុស្សរាប់សិបនាក់។ ទោះជាយ៉ាងណា ស្ថានទូតបានបដិសេធមិនធ្វើការថ្កោលទោសការសម្លាប់បាតុករនោះទេ។ ប៉ុន្តែខណៈស្ថានទូតបានលុបចោលសេចក្តីជូនដំណឹងអំពីសន្តិសុខ ជាបន្តបន្ទាប់ពីទំព័រ Facebook របស់ខ្លួន ដែលជាមូលហេតុនាំឲ្យមានការចោទប្រកាន់ក្នុងបណ្តាញផ្សព្វផ្សាយជាច្រើននោះសេចក្តីជូនដំណឹងនោះ បានផ្តល់ជាទស្សនៈអំពីការគិតរបស់រដ្ឋាភិបាល មុនពេលបង្ក្រាប និងមូលហេតុដែលរដ្ឋាភិបាលជ្រើសយកវិធីប្រុងប្រយ័ត្ននាពេលដំបូង។
ដោយបង្ហោះនៅថ្ងៃចន្ទ និងមានបំណងធានាជាថ្មី ចំពោះសុវត្ថិភាពរបស់ប្រជាជន និងក្រុមហ៊ុនកូរ៉េសេចក្តីជូនដំណឹងបានគូសបញ្ជាក់នូវចំណាត់ការ ដែលស្ថានទូតបានធ្វើចាប់តាំងពីសហជីព បានអំពាវនាវឲ្យធ្វើកូដកម្ម នៅថ្ងៃ ទី២៤ ខែ ធ្នូ ហើយបានផ្តល់សេចក្តីលម្អិតច្រើនអំពីកិច្ចប្រជុំរវាងមន្រ្តីការទូត និងមន្រ្តីរដ្ឋាភិបាលដែលជាធម្មតាគឺជាការសម្ងាត់។
កូរ៉េខាងត្បូង គឺជាអ្នកវិនិយោគធំបំផុតមួយនៅកម្ពុជា ហើយមានផលប្រយោជន៍សំខាន់ក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជា ដោយរោងចក្រកូរ៉េចំនួនប្រហែល ៦០ កំពុងប្រតិបតិ្តការនៅក្នុងប្រទេស កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតរួមមានការជួបប្រជុំជាមួយនឹងគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម មន្រ្តីក្រសួង ការបរទេស កងកម្លាំងប្រដាប់អាវុធ និងនគរបាល។ សេចក្តីជូនដំណឹងនោះបានឲ្យដឹងថា ក្នុងកិច្ចប្រជុំថ្ងៃទី ២៧ ខែ ធ្នូ ជាមួយនឹងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេស លោក Kim Han-soo ឯកអគ្គរដ្ឋទូតបានស្នើឲ្យរដ្ឋាភិបាល ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដើម្បីសុវត្ថិភាពក្រុមហ៊ុន កាត់ដេរកូរ៉េ។
ប៉ុន្តែ លោក អ៊ុច បូររិទ្ធ បានឆ្លើយតបថា រដ្ឋាភិបាលកំពុងជ្រើសយកវិធីសាស្រ្តប្រុងប្រយ័ត្ន ដោយសារតែ «សម្ពាធពីលោកខាងលិចលើបញ្ហាការពារសិទិ្ធមនុស្ស»។ នេះបើយោងតាមការបកប្រែសេចក្តីជូនដំណឹងដោយសហភាពសហជីពកូរ៉េ។ ទោះជាយ៉ាងណា លោក បូររិទ្ធ បានបន្ថែមថា រដ្ឋាភិបាលនឹងមិនបន្តព្រងើយកន្តើយលើស្ថានការណ៍នោះទេ ហើយនឹងឆ្លើយតបតាមវិធីផ្សេងក្នុងសប្តាហ៍បច្ចុប្បន្ននេះ។
ក្នុងពិធីជប់លៀងមួយ ដែលរៀបចំដោយលោកឯកអគ្គរដ្ឋទូត ដែលមានការចូលរួមពីមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់លោក Kim បានស្នើសុំជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលរកដំណោះស្រាយចំពោះកូដកម្ម។
បើយោងតាមការបកប្រែសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ជាការឆ្លើយតប លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីបានថ្លែងថា៖ «បទពិសោធពីការបង្ហូរឈាមក្រោមរបប ប៉ុល ពត មានន័យថា រដ្ឋាភិបាលកម្ពុជាត្រូវតែឆ្លើយតបស្ថានការណ៍បច្ចុប្បន្ន ដោយប្រុងប្រយ័ត្ន»។

សេចក្តីជូនដំណឹងនោះ បានបង្ហាញថា ស្ថានទូត ក៏បានសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងក្រសួងជាច្រើន ដើម្បីសម្តែងក្តីបារម្ភ ហើយស្នើឲ្យមានដំណោះស្រាយចំពោះស្ថានការណ៍តានតឹងនេះ។ «យើងជឿថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នាំឲ្យមានការពិចារណាស៊ីជម្រៅពីអាជ្ញាធររដ្ឋាភិបាល និងធ្វើឲ្យពួកគេឆ្លើយតបលឿន»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយពីស្ថានទូតហើយជាការអះអាងមួយដែលមន្រ្តីផ្នែកប្រឹក្សាយោបល់របស់ស្ថានទូត កូរ៉េខាងត្បូង Lee Hyung-jong កាលពីថ្ងៃពុធបានថ្លែងការពារដោយថាវាជា «បញ្ហានៃការយល់ខុសគ្នាតូចមួយ»។
មន្រ្តីរដ្ឋាភិបាល កូរ៉េ ក៏បានអមទៅជាមួយក្រុមតំណាងផ្នែកពាណិជ្ជកម្មផងដែរ ដើម្បីជួបជាមួយកម្លាំងប្រដាប់អាវុធដែលបន្ទាប់មកយោធាបានចាត់វិធានការពិសេសដើម្បីការពារក្រុមហ៊ុន កូរ៉េ នៅតំបន់ឧស្សាហកម្ម កាណាឌីយ៉ា។
ស្ថានទូតកាលពីថ្ងៃពុធបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ នឹងការពារយោធាបន្ទាប់ពីនោះបានធ្វើឡើងតែនៅថ្ងៃសៅរ៍ប៉ុណ្ណោះ មួយថ្ងៃបន្ទាប់ពីនគរបាលបានបើកការបាញ់ទៅលើកម្មករកាត់ដេរដែលធ្វើកូដកម្មនៅសួនឧស្សាហកម្មដែលមានក្រុមហ៊ុន កូរ៉េ ចំនួនពីរនៅទីនោះ។
អំពើហិង្សាកាលពីសប្តាហ៍មុនបានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅរោងចក្រ យ៉ាកជីន ដែលជាកម្មសិទ្ធិមួយផ្នែករបស់ កូរ៉េនៅក្នុងខណ្ឌដដែលនោះនៅពេលភាពតានតឹងបានផ្ទុះឡើងរវាងកងទ័ពឆត្រយោង ៩១១ និងក្រុមអ្នកតវ៉ា។
Hyung-jong បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «រហូតដល់ថ្ងៃ[សៅរ៍] ទី៤ មករា យើងមិនបានទាក់ទងទៅខាងយោធាទេ ហើយពិតណាស់ ព្រឹតិ្តការណ៍នោះបានកើតឡើងនៅថ្ងៃ ទី៣ ហើយនោះជាមូលហេតុដែលរោងចក្រ កូរ៉េ ជាច្រើនបារម្ភអំពី (ភាពចលាចល) នោះ»។
ស្ថានទូតកូរ៉េគ្រាន់តែបាន «ស្នើសុំឲ្យមានការជួយទូទៅ» និងមិនបានសុំវិធានការជាក់លាក់ណាមួយដែលត្រូវធ្វើឡើងដោយអាជ្ញាធរកម្ពុជាទេ។ អ្នកអាចយល់ស្របហើយថា ស្ថានទូតកូរ៉េ មិនស្ថិតនៅក្នុងឋានៈណាបង្ខំ ឬដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការយោធានោះទេ»។
លោក Hyung-jong បានបដិសេធមិនថ្កោលទោសការសម្លាប់ក្រុមអ្នកតវ៉ាដោយអាជ្ញាធរ ឡើយ។ «យើងមិនមានអត្ថាធិប្បាយអ្វីទាំងអស់អំពីចំណាត់ការឬផែនការ របស់រដ្ឋាភិបាលកម្ពុជា។ យើងគ្រាន់តែបារម្ភនិងចាប់អារម្មណ៍ចំពោះបញ្ហាសន្តិសុខសម្រាប់សហគមន៍កូរ៉េនិងក្រុមហ៊ុន កូរ៉េ»។
សហភាពសហជីពកូរ៉េ ដែលបានជួយតវ៉ានៅខាងក្រៅស្ថានទូតកម្ពុជាក្នុងទីក្រុង សេអ៊ូល ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានចោទប្រកាន់ក្រុមហ៊ុន កូរ៉េ និងរដ្ឋាភិបាលថា បានដើរតួនៅក្នុងការបង្ក្រាបការតវ៉ារបស់កម្មករកាត់ដេរ កម្ពុជា។
លោកស្រី Mikyung Ryu ប្រធានផ្នែកកិច្ចការអន្តរជាតិសម្រាប់សហភាពសហជីពកូរ៉េ បានថ្លែងថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែលស្ថានទូតបាននិយាយជាផ្លូវការថា ពួកគេបានដាក់សម្ពាធទៅលើរដ្ឋាភិបាល។ ពួកគេថែមទាំងបានទាក់ទងនគរបាលនិងយោធាកម្ពុជា»។
លោកស្រីថ្លែងបន្តថា៖ «ខ្ញុំគិតថា ប្រជាពលរដ្ឋកូរ៉េជាច្រើនបានឆ្លើយតប [តាមរយៈការបង្ហោះលើ] ថ្កោលទោសស្ថានទូត កូរ៉េ ហើយខ្ញុំគិតថា ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានចាក់ផ្សាយអំពីរឿងនេះ ហើយដូច្នេះពួកគេបានលុបវាចោលដើម្បីបំផ្លាញភ័ស្តុតាងផ្លូវការណ៍»។ «ជាមូលដ្ឋាន យើងអាចទាយថានៅពេលដំបូងពួកគេមិនដឹងថា វានឹងជាបញ្ហា»។
Hyung-jong ពីស្ថានទូតបានថ្លែងកាលពីថ្ងៃពុធថា សារនោះត្រូវបានយកចេញបន្ទាប់ពីវាបង្កឲ្យមានបញ្ហា។
លោក ជាម យៀប ប្រធានក្រុមប្រឹក្សាមិត្តភាព កូរ៉េ‑កម្ពុជា បានថ្លែងថា ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្តែងក្តីបារម្ភមកកាន់លោកនៅពិធីអាហារឆ្នាំថ្មី។ លោកបន្តថា៖ «ពួកគេគ្រាន់តែសូមឲ្យយើងដោះស្រាយបញ្ហាប៉ុន្តែ [វិធានការដែលត្រូវធ្វើឡើង] គឺមិនមាននៅក្នុងសំណើរបស់ពួកគេទេ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ថ្លែងថា ស្ថានទូតមួយចំនួនបានសម្ដែងក្តីបារម្ភរបស់ពួកគេក្នុងអំឡុងកូដកម្ម។
លោកថ្លែងបន្តថា៖ «កម្ពុជាមិនធ្វើអ្វីនៅក្រោមការបញ្ជារបស់នរណាម្នាក់ទេ លើកលែងតែទៅតាមច្បាប់ និងសមត្ថកិច្ចរបស់អាជ្ញាធរ។ ការវិនិយោគនិងទ្រព្យសម្បត្តិត្រូវតែការពារ»៕ TK/ PS
រាយការណ៍បន្ថែម ដោយ វង្ស សុខេង