ក្រុង​ហ្សឺណែវ៖ ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​នៃ​​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ​ទស្សនៈ​របស់​លោកស្រី​សាស្រ្តាចារ្យ Mary Lawlor អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់ UN កាល​ពី​ថ្ងៃទី ៧ ខែ​ឧសភា​ឆ្នាំ​នេះ ពាក់ព័ន្ធ​នឹង​ការ​ជំនុំ​ជម្រះ​ក្តី​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃទី ៥ ឧសភា សមាជិក ៣ រូប នៃ​អង្គការ​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ត្រូវ​បាន​តុលាការ​ប្រកាស​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៨ ខែ ទៅ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល ដោយ​ចោទ​ពី​បទ​ញុះញង់ និង​សម​គំនិត​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន។

២ ថ្ងៃ​បន្ទាប់​ពី​មាន​ការ​កាត់​ទោស​នេះ លោកស្រី Mary Lawlor បាន​លើក​ឡើង​ថា ពួក​គេ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០២០ ដោយ​គ្រាន់​តែ​ចូលរួម​ការពារ​បឹង​ធម្មជាតិ​តាមោក។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​សោកសៅ​ដែល​បាន​ទទួល​ដំណឹង​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣ នាក់ មក​ពី​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១៨ ខែ​ ទៅ ២០ ខែ។ ខ្ញុំ​មិន​គួរ​និយាយ​រឿង​នេះ​ទេ តែ​ថា​ការ​ការពារ​បរិស្ថាន​ដោយ​សន្តិភាព គឺ​មិនមែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ»។

សកម្មជនរបស់អង្គការ​មាតា​ធម្មជាតិ ៣ នាក់ ដែលត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៨ ខែទៅ ២០ ខែ។ រូបថត ស្ថានទូតអាមេរិក

ក៏​ប៉ុន្តែ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ​នេះ​បញ្ជាក់​ថា ការ​អត្ថាធិប្បាយ​របស់​លោកស្រី​សាស្រ្តាចារ្យ​រូប​នេះ មាន​ព័ត៌មាន​មិន​ពិត និង​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​អះអាង​ថា៖ “បទល្មើស គឺ​ជា​បទល្មើស ហើយ​សកម្មភាព​ខុស​ច្បាប់​មិន​អាច​ត្រូវ​ប្រើប្រាស់​ជា​ទឡ្ហីករណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណា​មួយ​បាន​ទ្បើយ”។

ជាមួយ​នេះ​ ស្ថានបេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា បាន​ផ្តល់​នូវ​ការ​សង្កេត​មួយ​ចំនួន​ដែល​កម្ពុជា​ផ្តល់​តម្លៃ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ប្រតិបត្តិការ​នៅ​ក្នុង​ព្រំដែន​នៃ​ច្បាប់។ តែ​គួរ​ឱ្យ​សោកស្តាយ លោកស្រី​សាស្រ្តាចារ្យ ហាក់​បែរ​ជា​តស៊ូ​មតិ​គាំទ្រ​អង្គការ​ខុស​ច្បាប់​មួយ ដែល​បន្លំ​ខ្លួន​ជ្រក​ក្រោម​ស្លាក​ការងារ​បរិស្ថាន​ទៅ​វិញ។

បើ​ទោះ​ជា​ស្ថាបនិក​នៃ​អង្គការ [មាតា​ធម្មជាតិ] នោះ​បាន​សម្រេច​សុំ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ដោយ​ឯក​ឯង​កាល​ពី​ឆ្នាំ ២០១៧ រួច​ហើយ​ក៏​ដោយ ក៏​បុគ្គល​ដឹកនាំ​ខុស​ច្បាប់ ១ រូប នៃ​អង្គការ​នេះ​នៅ​តែ​បន្ត​កេង​ចំណេញ ប្រើប្រាស់​ចលនា​នេះ​ដដែល រហូត​ដល់​បច្ចុប្បន្ន។

នៅ​ពេល​ថ្មីៗ​នេះ បុគ្គល​នោះ​ក៏​បាន​ថ្លែង​សារភាព​ជា​សាធារណៈ​ថា របៀបវារៈ​នៃ​សកម្មភាព​របស់​ខ្លួន​គឺ “លើស​ពី​ហេតុផល​បរិស្ថាន” និង​ថា ត្រូវ​ប្រើប្រាស់ “គ្រប់​មធ្យោបាយ​ទាំង​អស់” ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​រដ្ឋ​នៅ​កម្ពុជា។ ក្រុម​ដែល​តាំង​ខ្លួន​ជា​អ្នក​ការពារ​សិទ្ធិ​ពុំ​មាន​សិទ្ធិ​អាច​បំពាន​ច្បាប់ ដោយ​និទ្ទណ្ឌភាព​ឡើយ។ បទ​ល្មើស គឺ​ជា​បទល្មើស ហើយ​គេ​មិន​អាច​ប្រើប្រាស់​សកម្មភាព​ខុស​ច្បាប់​ជា​ទឡ្ហីករណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណា​មួយ​បាន​ទ្បើយ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ទៀត​ថា លោកស្រី​សាស្រ្តាចារ្យ​រូប​នេះ ពុំ​ដែល​សង្កត់​ធ្ងន់​ទាល់​តែ​សោះ​ថា​ ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​ទៅ​នឹង​ករណីយ​កិច្ច ការ​ទទួល​ខុស​ត្រូវ និង​ការ​កំហិត​ជា​ពិសេស ដែល​កំណត់​ដោយ​ច្បាប់ ដូច​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ការ​ខកខាន​ថ្លែង​បែប​នេះ​រឹត​តែ​ជំរុញ​ និង​ផ្តល់​កម្លាំង​បន្ថែម​ឱ្យ​បុគ្គល​កាន់​តែ​ល្មើស​ច្បាប់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​បែកបាក់​ក្នុង​សង្គម ដែល​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​ទង្វើ​រុញ​ច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាព​វឹកវរ។

បើ​តាម​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា តុលាការ​កម្ពុជា​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី ដោយ​ផ្អែក​លើ​មូលដ្ឋាន​នីតិវិធី​ត្រឹមត្រូវ និង​ភ័ស្តុតាង​រឹងមាំ​ជាក់​ស្តែង ពុំមែន​ផ្អែក​លើ​ពាក្យ​ចចាម​អារ៉ាម​នោះ​ទ្បើយ។ ការ​ពិត​ដែល​មេធាវី​ការពារ​ជន​ជាប់​ចោទ តំណាង​អង្គទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល​បាន​មាន​វត្តមាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​បន្ទប់​សវនាការ សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា នីតិវិធី​តុលាការ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម និង​តម្លាភាព​ត្រឹមត្រូវ។ ម៉្យាង​ទៀត ក៏​មាន​ឧទាហរណ៍​ជាច្រើន​អំពី​ការ​ដាក់​ទោសទណ្ឌ​លើ​បុគ្គល​គាំទ្រ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​បំពាន​ច្បាប់ នាពេល​កន្លង​មក​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ចាត់​ទុក​ពាក្យពេចន៍​មិន​សមរម្យ​របស់​លោកស្រី​សាស្ត្រាចារ្យ​ពាក់ព័ន្ធ​នឹង​តុលាការ​កម្ពុជា គឺ​ជា​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ជាតិ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ។ ការ​ទាមទារ​តាម​ទំនើង​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​បុគ្គល​ណា​ម្នាក់ គឺ​មាន​ន័យ​ស្មើ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​បែងចែក​អំណាច និង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។

ស្ថានបេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​សង្កត់​ធ្ងន់​ថា អ្នក​រាយការណ៍​​ពិសេស​មាន​កាតព្វកិច្ច​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម “ក្រម​ប្រតិបត្តិ” និង” សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស” ដែល​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចងក្រង​ព័ត៌មាន​ដែល​ពិត និង​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​គោរព​បទប្បញ្ញត្តិ​ក្នុង​ស្រុក និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ មាន​តែ​ការ​អនុវត្ត​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ហ្មត់ចត់​ស្រប​តាម​ពិធីសារ​ខាង​លើ​ប៉ុណ្ណោះ ទើប​អាច​ឱ្យ​រដ្ឋ​ទាំង​អស់​ជារួម​ និង​ប្រទេស​កម្ពុជា ដោយ​ឡែក បន្ត​រក្សា​នូវ​ទំនុក​ចិត្ត និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​បាន។

ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​បន្ត​ធានា​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​នៅ​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ទាំង​អស់ មិនមែន​សម្រាប់​ក្រុម​ជាក់​លាក់​ណា​មួយ​ទ្បើយ៕