ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍នៃប្រទេសកម្ពុជា បានបដិសេធចំពោះការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញ ដែលបានបង្ហោះសារក្នុងបណ្ដាញសង្គមកាលពីថ្ងៃទី ២៩ កញ្ញា ស្តីពីការបំភិតបំភ័យ និងការសងសឹក ចំពោះបុគ្គលនៅកម្ពុជាដែលបានដកស្រង់យកតែមួយជ្រុង និងពុំមានតុល្យភាពចេញពីរបាយការណ៍ទាំងមូលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប)។
មួយថ្ងៃក្រោយមកពោលគឺនៅថ្ងៃទី ៣០ ខែកញ្ញា ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជានៅហ្សឺណែវបានចេញសេចក្តីថ្លែងការណ៍ព័ត៌មានមួយដោយបានលើកឡើងថា របាយការណ៍របស់អគ្គលេខាធិការ អ.ស.ប បានផ្អែកខ្លាំងតែលើការអធិប្បាយរបស់អ្នករាយការណ៍ពិសេសដែលផ្តោតលើភាគីតែម្ខាង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែពិនិត្យដោយយកចិត្តទុកដាក់បំផុតចំពោះរាល់ការចោទប្រកាន់នានា។ កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបញ្ជូនជូនអគ្គលេខាធិការ អ.ស.ប នូវការបកស្រាយបំភ្លឺទាន់ពេលវេលាដែលត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ ១ (កថាខណ្ឌ ១៩ ទំព័រ ២៣) នៃរបាយការណ៍របស់អគ្គលេខាធិការអ.ស.ប។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ក្នុងន័យនេះគេត្រូវចោទសួរពីភាពស្មោះត្រង់ និងហេតុផលរបស់ការិយាល័យនេះដែលច្បិចយកតែមួយផ្នែកនៃរបាយការណ៍ហើយពុំបង្ហាញនូវផ្នែកពាក់ព័ន្ធនឹងការឆ្លើយតបរបស់រាជរដ្ឋាភិបាល។ ទង្វើបែបនេះនឹងធ្វើឱ្យចុះខ្សោយនូវសុចរិតភាពឯករាជភាព និងភាពទុកចិត្តបានរបស់ស្ថាប័ន អ.ស.ប មួយនេះ។
បើតាមសេចក្ដីថ្លែងការណ៍នេះ «ការចោទប្រកាន់ថាបុគ្គលដែលបានសហការជាមួយយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប ត្រូវបានបំភិតបំភ័យ ឬសងសឹកគឺជាការបំផ្លើសទាំងស្រុង។ ដូចប្រទេសដទៃទៀតដែរ វត្តមានរបស់មន្ត្រីនគរបាលនៅក្បែរទីកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗមិនគួរត្រូវបានបកស្រាយថាជាការគំរាមកំហែងការបំភិតបំភ័យ ឬការរំខានឡើយ។ ពួកគេគ្រាន់តែបំពេញភារកិច្ចដើម្បីបង្ការភាពចលាចល ឬអសន្តិសុខនានាដែលអាចកើតមានឡើងជាយថាហេតុ»។
ទន្ទឹមនឹងនេះស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរយៈយន្តការជាតិ និងថ្នាក់ក្រោមជាតិដែលមានស្រាប់រួមទាំងវេទិកាភាពជាដៃគូដែលបានរៀបចំទៀងទាត់។
ការបង្ហាញការខកចិត្តបែបនេះគឺបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បង្ហាញពីរបាយការណ៍ស្តីអំពី «ការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជាដែលបានសហការជាមួយអង្គការសហប្រជាជាតិ» ដែលបានចេញពីចុងខែកញ្ញា ហើយត្រូវការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញដកស្រង់មកផ្សាយ។
របាយការណ៍បានលើកឡើងថាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានទទួលរបាយការណ៍ជាច្រើនអំពីមន្ត្រីនគរបាលមូលដ្ឋាន ដែលមិនបានអញ្ជើញចូលរួមព្រឹត្តិការណ៍វគ្គបណ្តុះបណ្តាល ឬការប្រជុំបានមកថតរូបសាកសួរអំពីអ្នករៀបចំ និងរបៀបវារៈ ឬទាមទារព័ត៌មានពីអ្នកចូលរួមទាមទារសុំមើលរបៀបវារៈ បញ្ជីឈ្មោះអ្នកចូលរួមបានព្យាយាមថតរូបអ្នកចូលរួម និងសាកសួរអំពីតំណាងសង្គមស៊ីវិលហើយក្រុមគ្រួសារពួកគេត្រូវបានឃ្លាំមើលយ៉ាងដិតដល់។
ជាមួយគ្នានេះ អគ្គលេខាធិការ អ.ស.ប ក៏អំពាវនាវផងដែរដល់រដ្ឋជាសមាជិកឲ្យយកចិត្តទុកដាក់លើមន្ត្រីសាធារណៈ និងតួអង្គរដ្ឋដទៃទៀតអំពីការសងសឹក និងការបំភិតបំភ័យ រួមទាំងតាមរយៈការបណ្តុះបណ្តាល និងចេញសេចក្តីណែនាំផ្ទៃក្នុងផង។
លោក ថេង សាវឿន ប្រធានសហព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អគ្គលេខាធិការ អ.ស.ប. មុននឹងលើកឡើងនូវអ្វីមួយគឺគេតែងតែសិក្សាស្វែងយល់លើនីតិវិធី និងការប្រព្រឹត្តឡើងដូចក្នុងរបាយការណ៍នោះត្រឹមត្រូវដែរឬអត់ជាមួយនឹងការផ្អែកលើឯកសារគតិយុត្តដែលមានចែងក្នុង អ.ស.ប.។
លោកបានថ្លែងថា៖ «តាមស្ថានភាពជាក់ស្តែងកន្លងមកដែលខ្ញុំបានឃើញ ហើយនិងការលើកឡើងរបស់អគ្គលេខាធិការ អ.ស.ប ក៏មានការត្រឹមត្រូវដែរ។
ដូចនេះ ដើម្បីកុំឱ្យមានការលើកឡើង ឬមាននៅក្នុងរបាយការណ៍ណាមួយ ខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃណែនាំទៅដល់មន្ត្រីរបស់ខ្លួនទាំងអស់ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅលើបទដ្ឋានគតិយុត្តអន្តរជាតិរួមនឹងច្បាប់ជាតិរបស់ខ្លួនដែលមាន។ បើមិនដូច្នេះទេ ការលើកឡើងដដែលៗនឹងនៅតែមានហើយធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ»៕