ភ្នំពេញៈ ​យោង​តាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ​ដែល​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា ៥០ ជា​ខ្យល់​ល្អ​ឡើងវិញ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

លោក​ នេត្រ ភក្ត្រា ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រុមមន្ត្រី​ជំនាញ​ផ្នែក​គុណភាព​ខ្យល់ ក្រសួងបរិស្ថាន នៅតែ​បន្ត​តាមដាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ហើយ​ប្រសិន​បើ​មាន​ការវិវឌ្ឍ​ថ្មីៗ​យ៉ាងណា​ក្រសួង​នឹង​ជូនដំណឹង​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជ្រាប​។

លោក​ថ្លែងថា​៖ «​ជារួម​យោងតាម​របាយការណ៍​តាមដាន​ និង​ត្រួតពិនិត្យ​គុណភាព​ខ្យល់​របស់​ក្រសួង​បរិស្ថាន​ស្ថានភាព​គុណភាព​ខ្យល់​នៅ​តាម​រាជធានី-ខេត្ត​នៅ​កម្ពុជា​ហាក់ដូចជា​បាន​វិល​មក​សភាព​ល្អ​ឡើងវិញ​ជា​បណ្តើរៗ​ជាមួយ​នឹង​កំហាប់​ភាគល្អិត​និចល​ក្នុង​ខ្យល់ PM2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា​ ៥០​។ កំហាប់​នេះ​មាន​ការប្រែប្រួល​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ ឬ​មាន​ការដុត​សំណល់​រឹង កម្ទេចកម្ទី ដុត​សំរាម​ច្រើន​»​។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា​នេះ​គឺជា​ដំណឹង​ដ៏ល្អ​ដែល​នឹង​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​លើ​គុណភាព​ខ្យល់​នៅ​កម្ពុជា​។ ទោះបី​ជា​ពេលនេះ​កំហាប់​ភាគល្អិត​និចល​ដែល​មាន​ទំហំ​តូច​ជាង​សរសៃសក់ ១០ ​ដង​ទៅទៀត​មាន​ការធ្លាក់ចុះ ហើយ​ស្ថានភាព​គុណភាព​ខ្យល់​ជារួម​មាន​ការប្រសើរ​ឡើង​ក៏ពិតមែន ប៉ុន្តែ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​បរិស្ថាន​មន្ទីរ​បរិស្ថាន​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​ទាំងអស់​នៅតែ​បន្ត​តាមដាន និង​ចាត់វិធានការ​តាម​ការណែនាំ​របស់​ក្រសួង​ជាប្រចាំ ដើម្បី​ធានា​ថា​ស្ថានភាព​គុណភាព​ខ្យល់​មាន​គុណភាព​ល្អប្រសើរ​ឡើងវិញ​។

លោក​ឱ្យដឹងថា ការកើនឡើង​កំហាប់​ភាគល្អិត​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិនមែន​មាន​នៅ​តែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ ប៉ុន្តែ​មាននៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ដោយសារ​តែ​អាកាសធាតុ​នៃ​អនុតំបន់​ទន្លេមេគង្គ​មាន​ភាពស្ងួត​ហួតហែង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ១៧ ខែ​មករា ឱ្យ​ដឹងថា ប្រភព​ និង​សកម្មភាព​សំខាន់ៗ​ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់​ភាគល្អិត​និចល PM2.5 មាន​ការកើនឡើង​នេះ​មាន​ជា​អាទិ៍​ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ពី​យានយន្ត​ប្រើប្រាស់​ប្រេង​ម៉ាសូត​ និង​ពី​ចំហេះ​ឥន្ធនៈ ផ្សេង​ទៀត​ភ្លើង​ឆេះ​ព្រៃ ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅ​តាម​ទី​ចំហ​ និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម​។

ក្រសួង​បញ្ជាក់ថា ដោយ​ពិនិត្យ​ឃើញ​នូវ​បញ្ហា​បែបនេះ និង​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅ​តាម​រាជធានី-ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​ ១៧ ខែ​មករា ឆ្នាំ ២០២០ ក្រសួង​បរិស្ថាន​បានចេញ​សេចក្តី​ជូន​ដំណឹង​ដល់​មន្ទីរ​បរិស្ថាន រាជធានី-ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​វិធានការ​មួយ​ចំនួន​រួមមាន ១- ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង ឆេះ​ព្រៃ និង​ការដុត សំរាម សំណល់​រឹង​នៅតាម​ទីចំហ ការឆេះ​នៅ​តាម​ទីលាន​ចាក់សំរាម​។ ២- ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​ពី​ការដ្ឋាន សំណង់ និង​ការដ្ឋាន​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធូលី​ហុយ​នៅតាម​ដងផ្លូវ​។ ៣- សម្អាត​អនាម័យ​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​ស្រោច​ទឹក​លើ​ដងផ្លូវ​កុំឱ្យ​ធូលី​ហុយ​។ ៤- ​ចុះ​អប់រំ​ពលរដ្ឋ​កុំឱ្យ​ដុត​សំរាម ដុត​ស្មៅ​គល់​ជញ្ជ្រាំង​ និង​សំណល់ កសិកម្ម​ផ្សេងៗ​ទៀត​។

លោក នេត្រ ភក្ដ្រា បាន​ផ្ដល់​អនុសាសន៍​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាមផ្លូវ​ ឬ​ជា​អ្នក​ដែល​ធ្វើការ​នៅ​ខាងក្រៅ​អគារ​រយៈពេល​យូរ ដើម្បី​ការពារ​សុខភាព​ចៀស​ផុត​ពី​ការបំពុល​គួរតែ​ពាក់​ម៉ាស់​ការពារ​។

ក្រសួង​បរិស្ថាន​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​នូវ​ការវិវឌ្ឍ​ថ្មីៗ​ទាក់ទង​នឹង​ស្ថានភាព​គុណភាព​ខ្យល់​នេះ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការអនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ទាន់ពេលវេលា​។ បើ​តាម​ក្រសួងបរិស្ថាន​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM2.5 គឺជា​ភាគល្អិត​និចល​តូចៗ​នៅក្នុង​ខ្យល់​ដែលមាន​អង្គត់​ផ្ចិត​តូច​ជាង ២,៥ មីក្រុង​។

ភាគល្អិត​និចល​មាន​ប្រភព​មកពី​ការដុត​ឥន្ធនៈហ្វូស៊ីល និង​កម្ទេចធូលី​ផ្សេងៗ​។ ភាគល្អិត​និចល​នេះ​អាច​ស្រូប​ចូលទៅ​ដល់​សួត​ និង​ពេលខ្លះ​ដល់​សរសៃ​ឈាម​ដែល​អាច​បង្ក​ការប៉ះពាល់​ដល់​សុខភាព​មនុស្ស​ប្រសិន​បើ​ស្រូប​ចូល​លើស​កម្រិត​កំណត់​៕