
ទូកទេសចរណ៍នៅសង្កាត់កំពង់ភ្លុក ខេត្តសៀមរាប មិនដំណើរការដោយសារទឹករីង។ រូបថត FB
សៀមរាបៈ ទឹកទន្លេសាបនៅតំបន់នេសាទ និងតំបន់ទេសចរណ៍កំពង់ភ្លុក ស្ថិតក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលគោករីងនោះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសារ ដែលជាអ្នកនេសាទ និងដឹកភ្ញៀវទេសចរកម្សាន្ត។
លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៨ ខែឧសភាថា ទឹកទន្លេសាបដែលគោករីងនេះធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ប្រមាណ ៧០០ គ្រួសារ ព្រោះពលរដ្ឋនៅទីនោះភាគច្រើន គឺជាអ្នកនេសាទ និងដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តមើលធម្មជាតិទីនោះ។ ការចេញទៅរកត្រីរបស់ប្រជាពលរដ្ឋមានការលំបាកជាងមុន ដោយសារទឹកនៅតាមព្រែករីងអស់ធ្វើឱ្យទូក និងកាណូតពិបាកក្នុងការធ្វើដំណើរ។
លោកបានថ្លែងថា៖ «កាលណាវាគោកនាំឱ្យស្ទះ បើកបរទូកយឺត ត្រូវចំណាយពេលវេលាយូរក្នុងការចេញដំណើរ។ ឧទាហរណ៍ថា បើមានទឹកច្រើនគ្រប់គ្រាន់ចំណាយពេលតែ ១០ នាទី តែដល់ពេលគោកត្រូវចំណាយពេលដល់ ២ ម៉ោងឯណោះ បានចេញផុតដល់ទន្លេ»។
បើតាមលោក សុខ ប្លង់ ពលរដ្ឋនៅតំបន់កំពង់ភ្លុក ភាគច្រើននៅរដូវវស្សា តែងប្រកបរបរដឹកភ្ញៀវទេសចរកម្សាន្តព្រោះទេសភាពស្រស់បំព្រង។ ចំណែក នៅរដូវប្រាំងមានលក្ខណៈគោករាក់ ទូក និងកាណូតសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរត្រូវបានពលរដ្ឋរក្សាទុកនៅក្នុងព្រែកខ្លះ ទុកនៅលើគោកខ្លះ ដោយសារគ្មានភ្ញៀវ។
យ៉ាងណាក៏ដោយ លោក សុខ ប្លង់ បញ្ជាក់ថា ថ្វីបើទឹកគោករីងធ្វើឱ្យជីវភាពប្រជាជនមានការលំបាកជាងមុន ប៉ុន្តែមិនដល់ថ្នាក់ខ្វះអាហារទទួលទាននោះទេ។
លោកនិយាយថា៖ «យើងបានជួយឧបត្ថម្ភការបើកសាច់ប្រាក់ដល់គ្រួសារ ក្រ ១ និងក្រ ២។ ក្នុងឃុំកំពង់ភ្លុក យើងមាន ១៩៣ គ្រួសារដែរ។ នោះជាថវិកាដែលរដ្ឋាភិបាលផ្តល់ឱ្យក្នុងអំឡុងពេលកូវីដ។ មួយចំនួនទៀត ខាងក្រុមការងារស្រុក និងសប្បុរសជនតែងយកចិត្តទុកដាក់ចុះជួយផ្តល់ជាបន្តបន្ទាប់»។
លោក អ៊ុក ឡុំ មេភូមិកំពង់ភ្លុកបានឱ្យដឹងដែរថា ក្នុងស្ថានភាពទឹកគោករីងនេះ ធ្វើឱ្យពលរដ្ឋអាស្រ័យផលនេសាទមិនសូវទទួលបានផល។ ជាមួយគ្នានោះ ការប្រែប្រួលអាកាសធាតុ ទឹកឡើងចុះមិនទៀង ធ្វើឱ្យពួកគាត់ពិបាកសម្របខ្លួន។
លោកនិយាយថា៖ «ឆ្នាំនេះទឹកចាប់ស្រកនៅខែ ១២ តែអត់ដឹងថា ពេលវេលាណាទឹកឡើងវិញទេ។ បើឆ្នាំទៅមិញ ទឹកឡើងវិញទាល់តែខែ ៩ ឯណោះ ខុសប្រក្រតី ដែលពីដើមឡើយទឹក ៦ ខែឡើង ៦ ខែចុះ ជាទៀងទាត់»។
លោក ឱម សាវ៉ាត តំណាងសហគមន៍នេសាទកំពង់ភ្លុកថ្លែងថា នៅពេលទឹកគោករាក់ សហគមន៍មានការព្រួយបារម្ភពីផលប៉ះពាល់ដល់តំបន់អភិរក្សចំនួន ២០០ ហិកតានៅកំពង់ភ្លុក។ ប៉ុន្តែនៅឆ្នាំនេះ ទឹកភ្លៀងហាក់ធ្លាក់នៅដើមឆ្នាំបានល្អដែលអំណោយផលខ្លះសម្រាប់ការនេសាទ។ ប៉ុន្តែរដូវបិទនេសាទក៏មកដល់ ជាឱកាសធ្វើយ៉ាងណាកុំឱ្យជនល្មើស ឬជនឆ្លៀតឱកាសទៅធ្វើបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស ឬតំបន់ជុំវិញនោះ។
លោកប្រាប់ថា៖ «ការគោករាក់ធ្វើឱ្យមានបញ្ហាប្រឈមមួយចំនួនសម្រាប់ប្រជានេសាទ។ ទី១ ពាក់ព័ន្ធចំណូលក្រៅពីការធ្វើនេសាទហ្នឹងគឺមានការថយចុះ ដោយសារតែភ្ញៀវទេសចរថយចុះ។ ហេតុនេះគាត់អត់សូវមានចំណូលផ្សេងទេ ហើយទី២ ទឹករាក់ ធ្វើឱ្យការធ្វើនេសាទរបស់គាត់ជួបឧបសគ្គមួយចំនួន ប៉ុន្តែយ៉ាងណាក៏ដោយ គាត់មានការតាំងចិត្តខ្ពស់ក្នុងការការពារតំបន់អភិរក្ស»៕