កែបៈ មន្ទីរពេទ្យ​ខេត្ដ​កែប​ពី​ម្សិលមិញ​ឱ្យដឹងថា ស្ថានភាព​ជនរងគ្រោះ​ដោយសារ​ការបាក់រលំ​អគារ​កម្ពស់​ ៦ ​ជាន់​នោះ​មាន​ស្ថានភាព​ធូរស្រាល​ច្រើន​ក្នុងនោះ​អ្នកជំងឺ​ ១២ ​នាក់​បាន​សុំ​ចាកចេញ​ទៅផ្ទះ​វិញ និង​អ្នក​ជំងឺ​ ៧ ​នាក់​កំពុង​បន្ដ​សម្រាក​ព្យាបាល​នៅឡើយ ខណៈ​ក្រុម​ជំនាញ​រុករក​ និង​សង្គ្រោះ​នៃ​កងពល​លេខ​ ៧០ ចំនួន​ ៧ ​នាក់​បាន​ចេញទៅ​ហ្វឹកហាត់​ជំនាញ​សង្គ្រោះ​នេះ​បន្ថែម​នៅ​ប្រទេស​ចិន​ពី​ម្សិលមិញ​។

របាយការណ៍​ពី​ស្ថានភាព​ជំងឺ​ជនរងគ្រោះ​នៃ​មន្ទីរពេទ្យ​ខេត្ដ​កែប​ដែល​ផ្ដល់ឱ្យ​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​បាន​បង្ហាញថា ជនរងគ្រោះ​ពី​ការបាក់​រលំ​អគារ​ដែល​មាន​របួសស្រាល​ចំនួន​ ១២ (​ស្រី​ ៣ ​នាក់​) បាន​សុំ​ចាកចេញ​ទៅ​ផ្ទះ​។ ជនរងគ្រោះ​ ៧ ​នាក់ (​ស្រី​ ៣ ​នាក់​) ​កំពុង​បន្ដ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កែប​នៅឡើយ ប៉ុន្តែ​ក្នុងស្ថានភាព​ធូរស្រាល​។ រីឯ​ជនរងគ្រោះ​ ៤ ​នាក់​ទៀត​ (​ស្រី​ ២ ​នាក់​) បាន​ចេញទៅ​សម្រាក​ព្យាបាល​បន្ដ​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពត ព្រោះ​នៅ​ជិត​ផ្ទះ​។

លោក​ រស់ ឧត្ដង្គ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កែប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ដោយសារ​ទទួល​បាន​ការមើលថែ​មាន​ការយកចិត្ដ​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្ដ​កែប ជនរងគ្រោះ​ដែល​កំពុង​បន្ត​សម្រាក​ព្យាបាល​មាន​សភាព​ធូរស្រាល​ច្រើន​ហើយ​។

លោក​ថ្លែងថា​៖ «​សម្ដេចនាយក​រដ្ឋមន្ដ្រី​​ [​ហ៊ុន សែន​] ​មុនពេល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ក៏បាន​ផ្តាំផ្ញើ​មន្ដ្រី​សុខាភិបាល​ឱ្យ​មើលថែ​ និង​យក​ចិត្ដ​ទុកដាក់​មើលថែ​ជនរងគ្រោះ​នេះដែរ​។ ការងារ​មើលថែ​ជនរងគ្រោះ​នេះ​គឺជា​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​តែម្ដង​។ ដូច្នេះ​បងប្អូន​ជនរងគ្រោះ​បាន​ធូរស្រាល​ច្រើន​ហើយ មាន​បងប្អូន​ខ្លះ​បាន​សុំ​ចេញពី​ពេទ្យ​ត្រឡប់​ទៅផ្ទះ​វិញ ចំណែក​បងប្អូន​ជា​ជនរងគ្រោះ​ដែល​នៅ​បន្ត​សម្រាក​ក៏មាន​ស្ថានភាព​ធូរស្រាល​ច្រើន​ហើយ​ដែរ​»​។

ទាក់ទង​នឹង​ការរុករក​សង្គ្រោះ​ជនរងគ្រោះ​ពី​គ្រោះមហន្តរាយ​នានា​មាន​ដូចជា​ភ្លើង​ឆេះ និង​ការបាក់​រលំ​អគារ​ជាដើម លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ពេល​បិទ​បញ្ចប់​ការរុករក​ជនរងគ្រោះ​នៃ​ការបាក់​រលំ​អគារ​ដោយ​ប្រាប់​ឱ្យ​កងកម្លាំង​ជំនាញ​សង្គ្រោះ និង​រុករក​ត្រូវ​បន្ត​ហ្វឹកហាត់​បន្ថែមទៀត​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ខ្ញុំ​ក៏​អរគុណ​ដល់​អ្នកជំនាញ​របស់​ចិន កំពុងធ្វើការ​នៅ​ខេត្ដ​ព្រះសីហនុ​ដែល​មាន​បទពិសោធ​ទាក់ទង​នឹង​ការសង្គ្រោះ​ទៅលើ​បញ្ហា​នេះ​ (​ការបាក់​ស្រុត​អគារ​) ​គឺ​ប្រមូល​ផ្ដុំគ្នា​បានមក​ជួយសង្គ្រោះ​យើង​នៅ​ទីកន្លែង​នេះ (​ទីតាំង​រលំ​អគារ​)​។ រាប់ទាំង​វិធីសាស្ដ្រ​ស្វែងរក​មនុស្ស ទីកន្លែង​ដែល​មនុស្ស​អាច​នៅរស់​ ឬ​ក៏​កន្លែង ដែល​អាចមាន​ការសង្ស័យ​នានា​។ ខ្ញុំ​ក៏បាន​ស្នើឱ្យ​គាត់​ (​អ្នកជំនាញ​ចិន​) ​ជួយ​ហ្វឹកហាត់​កម្លាំង​របស់​កម្ពុជា​បន្ថែមទៀត​»​។

ក្រោយ​ការបញ្ជាក់​របស់​លោក​ ហ៊ុន សែន ពី​ម្សិលមិញ​កងពលតូច​លេខ​ ៧០ បាន​ចាត់​បញ្ជូន​ក្រុម​ជំនាញ​រុករក​ និង​សង្គ្រោះ​ទៅ​ចូលរួម​ហ្វឹកហាត់​វគ្គប​ណ្តុះបណ្តាល​អំពី​របៀប​សង្គ្រោះ​គ្រោះ​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ ការបាក់​រលំ​អគារ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទីក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃទី​ ៦ ខែ​មករា​ដល់​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២០​។

លោក​ សូយ ណារិទ្ធ មេ​បញ្ជាការរង​កងពល​លេខ ​៧០ ថ្លែងថា​អង្គភាព​បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ ៧១១ ​នៃ​កងពល​លេខ​ ៧០ ​ចំនួន​ ៦ ​នាក់​ និង​កងកម្លាំង​ ៩១១ នៃ​កងពល​ឆត្រយោង​ចំនួន​ ១ ​នាក់​ទៅ​ចូលរួម​ហ្វឹកហាត់​ជំនាញ សង្គ្រោះ​ផ្សេងៗ​រយៈពេល ១០ ​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ការ​ទៅ​ចូលរួម បណ្ដុះបណ្ដាល​បន្ថែម​នៅ​ប្រទេស​ចិន​នេះ កងពល​យើង​នឹង​ទទួល​បាន​នូវ​ជំនាញ​រុករក​ជនរងគ្រោះ ជំនាញ​សង្គ្រោះ​ពេល​មាន​គ្រោះ​អគ្គិភ័យ ការសង្គ្រោះ​ពេល​មានការ​ណី​បាក់​រលំ​អគារ ជាដើម​គឺ​កងកម្លាំង​របស់​យើង​ទៅ​ហ្វឹកហាត់​ជំនាញ​ទាំងនេះ​»​។

លោក​ ណារិទ្ធ បញ្ជាក់ថា ការបណ្ដុះបណ្ដាល​កងកម្លាំង​ជំនាញ​លើ​ការសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ​ដូចជា គ្រោះ​អគ្គិភ័យ និង​ការបាក់​រលំ​អគារ​ជាដើម​គឺ​កងពល​លេខ​ ៧០ ​បាន​ធ្វើជា​រៀងរាល់​ឆ្នាំ​ដោយ​បញ្ជូន​កងកម្លាំង​ទៅ​បណ្ដុះបណ្ដាល​នៅ​បណ្ដា​ប្រទេស​ជា​មិត្ដ​មានដូចជា​ប្រទេស​ចិន ជប៉ុន ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវ​ពិភពលោក​មាន​ការវិវត្ដ​ខាង​ជំនាញ​សង្គ្រោះ​ និង​បច្ចេកទេស​ និង​សម្ភារៈ​សង្គ្រោះ​កាន់តែ​ទំនើប​។ ដូច្នេះ​យើង​ត្រូវ​ការបញ្ជូន​កងកម្លាំង​របស់​យើង​ទៅ​ហ្វឹកហាត់​បន្ថែម​លើ​ជំនាញ​បច្ចេកទេស​ថ្មី​ទាំងនេះ​ជា​បន្ដបន្ទាប់​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន​ជា​មិត្ដ​»​។

គួរ​បញ្ជាក់ថា បេសកកម្ម​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការបាក់​អគារ​ ៦ ​ជាន់​នៅ​ខេត្ត​កែប​បានបញ្ចប់​កាលពី​វេលា​ថ្ងៃត្រង់​នៅ​ថ្ងៃទី​ ៥ ខែ​មករា​ដោយ​ប្រើពេល​ ៤៣ ​ម៉ោង និង​ ២០ ​នាទី​។ តួលេខ​ចុងក្រោយ​បញ្ជាក់ថា អ្នក​រស់រាន​មាន​ជីវិត​មាន​ចំនួន​សរុប​ ២៣ នាក់​ក្នុងនោះ​ស្រី​ចំនួន​ ៨ ​នាក់​។ ចំណែក​ជនរងគ្រោះ​ស្លាប់មាន​ចំនួន​ ៣៦ ​នាក់​ក្នុង​នោះ​មាន​ស្រី​ ១៤ ​នាក់​។ សរុប​ទាំង​ស្លាប់​ទាំង​របួស​មាន​ចំនួន​ ៥៩ ​នាក់​ក្នុង​នោះ​ស្រី​ ២២ ​នាក់ ហើយ​ក្នុង​ចំនួន​នេះ​ក៏មាន​ក្មេងៗ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ៥ ខែ​មករា​៕