ព្រះសីហនុៈ ស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន អាចនឹងបើកដំណើរការផ្ទាល់នៅក្នុងខេត្ដព្រះសីហនុក្នុងពេលឆាប់ៗខាងមុខ ក្រោយជំនួបពិភាក្សារវាងលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេស កម្ពុជា។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក ភារម្យ បានថ្លែងថា ក្នុងជំនួបកាលពីថ្ងៃពុធ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យឯកអគ្គរដ្ឋទូតចិនជួយគាំទ្របើកទីតាំងសមាគមសារព័ត៌មានចិន និងបើកស្ថានអគ្គកុងស៊ុលនៅខេត្តព្រះសីហនុ។
លោកបានថ្លែងថា៖ «សំណើរបស់ឯកឧត្ដមអភិបាលខេត្តចំពោះការបើកសមាគមសារព័ត៌មានចិន និងបើកស្ថានកុងស៊ុលនេះ ដើម្បីធ្វើការអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ចែករំលែកការអនុវត្តនីតិវិធីច្បាប់ចំពោះប្រជាជនចិន ដែលនឹងមកវិនិយោគ និងកំពុងវិនិយោគនៅខេត្តព្រះសីហនុឲ្យយល់ដឹងពី វប្បធម៌ ច្បាប់ សង្គម និងការផ្សព្វផ្សាយអប់រំនៅកម្ពុជា»។
លោក ភារម្យ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិន បានសម្រេចតាមសំណើ បើកសមាគមសារព័ត៌មានចិន និង យកកំពុងយកសំណើបើកអគ្គកុងស៊ុល ទៅពិចារណា។ ប៉ុន្ដែមិនទាន់កំណត់ពេលវេលាច្បាស់លាស់សម្រាប់ការបើកដំណើរការផ្លូវការ គ្រាន់តែបញ្ជាក់ថានឹងជំរុញឲ្យដាក់ដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមលោក ភារម្យ ចំពោះការរៀបចំដាក់ឲ្យមានស្ថានអគ្គកុងស៊ុលនេះ ស្ថានទូតចិនក៏មានគម្រោង «កម្មវិធីខេត្ដព្រះសីហនុមានសុវត្ថិភាព» ដែលគម្រោងនេះនឹងមានការបញ្ចូលទាំងការបណ្ដុះបណ្ដាល ការប្រើប្រាស់សម្ភារបច្ចេកទេស ការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ផ្សេងៗដល់ប្រជាជនចិនរស់នៅខេត្ដព្រះសីហនុផងដែរ។
លោកបញ្ជាក់ថា៖ «ពេលមានស្ថានអគ្គកុងស៊ុលប្រចាំនៅក្នុងខេត្ដព្រះសីហនុ មានន័យថា មានអាណាព្យាបាលនៅក្បែរខ្លួន ដែលផ្ដល់ភាពងាយស្រួលចំពោះការគ្រប់គ្រង ទាំងព័ត៌មាន ស្ថិតិប្រជាជនចិនរស់នៅខេត្តព្រះសីហនុ អ្នកវិនិយោគ និងទេសចរចិនបានជាក់លាក់ និងជួយសម្រួលពេលមានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសន្ដិសុខបញ្ហាបន្ទាន់ៗ អាចគ្រប់គ្រងបានទាន់ពេលវេលា»។
តាមរយៈហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ទី ១២ ខែ កក្កដា នេះ បានឲ្យដឹងថា ក្នុងជំនួបផ្ទាល់រវាងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ជាមួយ លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ។ ភាគីទាំង ២ បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមកទាក់ទងនឹងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងចិន និងកម្ពុជា រួមជាមួយកិច្ចការជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានឲ្យដឹងថា ការបង្កើតឲ្យមានស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិននៅនឹងកន្លែងទាំងខេត្ដព្រះសីហនុ និងខេត្ដផ្សេងទៀតដែលសម្បូរជនជាតិចិនរស់នៅ ជាការល្អប្រសើរ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលអាចនឹងកើតមានតាមតំបន់គោលដៅនីមួយៗ។
លោកបានថ្លែងថា៖ «ការបង្ខិតជិតបែបនេះគឺជាការរួមគ្នាក្នុងការដោះស្រាយបញ្ហារវាងអ្នកពាក់ព័ន្ធ នៅពេលកើតមានបញ្ហានៅតាមតំបន់គោលដៅ។ បើមិនមានស្ថានអគ្គកុងស៊ុលដូចកាលកន្លងមកនេះ ពេលមានបញ្ហាគឺមានតែមន្រ្ដីកម្ពុជាផ្ទាល់នៅតំបន់នោះចុះទៅអនុវត្ដនីតិវិធីច្បាប់ ដោយមិនមានការចូលរួមពីភ្នាក់ងារអនុវត្ដន៍ច្បាប់នៃប្រទេសដៃគូនោះទេ។ ដូច្នេះពេលបង្កើតស្ថានកុងស៊ុលនេះរួច គឺឈានដល់ការបង្កើតយន្ដការរួមគ្នាលើគោលដៅតែមួយ ដើម្បីដោះស្រាយបញ្ហា»។
លោក សុខុម បានបញ្ជាក់ថា សំខាន់ប្រទេសដែលមកវិនិយោគនោះ គឺត្រូវគោរពតាមគោលការច្បាប់របស់ប្រទេសកម្ពុជា មិនត្រូវយកការអនុវត្ដណាដែលផ្ទុយពីច្បាប់របស់កម្ពុជាមកអនុវត្ដនោះទេ។
ទិន្នន័យរបស់អាជ្ញាធរខេត្តព្រះសីហនុដែលបានបង្ហាញកាលពីដើមខែកក្កដានេះបានបង្ហាញថា អាជីវកម្មជាង ៩០ ភាគរយ នៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្នត្រូវបាន គ្រប់គ្រងដោយជនជាតិចិន រាប់ចាប់ តាំងពីសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រហូតដល់ហាងម៉ាស្សាជាដើម។
របាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា របស់រដ្ឋបាលខេត្ដព្រះសីហនុ គិតចាប់ពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ របស់ការិយាល័យគ្រប់គ្រងជនអន្ដោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការស្រាវជ្រាវទៅតាមទីតាំងចំនួន ៤១៨ កន្លែង គឺមានជនបរទេសចំនួន ១៣ ៨៥៩ នាក់ ស្រី ២ ៨៩៦ នាក់ និងមាន ៣០ សញ្ជាតិ ក្នុងនោះជនជាតិចិនមានចំនួនច្រើនជាងគេគឺ ១២ ៤៥៤ នាក់កំពុងរស់នៅ ធ្វើការ និងទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។
បើតាមលោក ភារម្យ បានឲ្យដឹងថា នៅក្នុងខេត្តព្រះសីហនុទើបតែមានស្ថានអគ្គកុងស៊ុលវៀតណាមមួយប៉ុណ្ណោះនាពេលបច្ចុប្បន្ន ស្របពេលដែលកំណើនវិនិយោគិនចិន និងប្រជាជនចិនមករស់នៅខេត្តព្រះសីហនុមានការកើនឡើង ទើបឈានដល់ការស្នើសុំឲ្យស្ថានទូតចិនបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តព្រះសីហនុផ្ទាល់តែម្ដង៕