ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហព័ន្ធរុស្ស៊ី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​និស្សិត​ដែល​កំពុង​រស់នៅ​សហព័ន្ធរុស្ស៊ី​ទាំងអស់​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័តុ្ន​ឡើងវិញ​បន្ទាប់ពី​និស្សិត​ខ្មែរ​ម្នាក់​ដែល​រស់នៅ​ទីនោះ បាន​ឆ្លង​ជំងឺ​កូវីដ ​១៩​ ក្នុងអំឡុង​ពេល​ដែល​សម្ទុះ​នៃ​ការឆ្លង​ក្នុង​ប្រទេស​នេះ​នៅ​តែ​បន្ត​។

សេចក្តី​អំពាវនាវ​របស់​ស្ថានទូត​កាលពី​ថ្ងៃ​ទី​ ១៨ ​កញ្ញា​ បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​មាន​និស្សិត​ខ្មែរ​ ១ ​រូប​ ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ហើយ​កំពុង​ស្ថិត​ក្នុង​ការតាមដាន និង​ការព្យាបាល​របស់​វេជ្ជបណ្ឌិត​រុស្ស៊ី​។ សេចក្តី​អំពាវនាវ​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​និស្សិត​ដែល​បាន​ឆ្លង​នោះទេ ដោយ​គ្រាន់តែ​បាន​លើក​ឡើង​ពី​ការសង្កេត​របស់ខ្លួន​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ​ថា ការឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​សហព័ន្ធ​រុស្ស៊ី​បាន​កើនឡើង​សន្សឹមៗ​ជិត​ទៅ​ដល់​ ៦ ​ពាន់​ករណី​ជា​រៀងរាល់​ថ្ងៃ​។

សេចក្តី​អំពាវនាវ​បន្តថា ស្ថានឯកអគ្គរាជទូត​កម្ពុជា​សូម​អំពាវនាវ​ចំពោះ​ពលរដ្ឋ​ខ្មែរ និស្សិត និង​សិក្ខាកាម​យោធា​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ទូទាំង​សហព័ន្ធរុស្ស៊ី មេត្តា​ពង្រឹង​ឡើងវិញ​នូវ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធាន​ការរក្សា​អនាម័យ​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​រុស្ស៊ី ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​។

ស្ថាន​ឯកអគ្គរាជទូត​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ និស្សិត និង​សិក្ខាកាម​យោធា​ខ្មែរ​ទាំងអស់​ពិតជា​នឹង​ចូលរួម​អនុវត្ត​ជាប្រចាំ​តាម​សេចក្តី​ណែនាំ​នេះ​ព្រមទាំង​ជួយ​ដាស់តឿន​ក្រើនរំឭក​គ្នា​ទៅវិញ​ទៅមក ក្នុង​គ្រា​ដែល​ពិភពលោក​នៅតែ​បន្ត​ប្រឈមមុខ​នឹង​ការរាតត្បាត​នៃ​ជំងឺ​នេះ​នៅឡើយ​»​។

លោក ថាច់ វណ្ណា ប្រធាន​ក្រុម​ព្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២១ ​កញ្ញា​ ថា ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​រុស្ស៊ី​នាពេល​បច្ចុប្បន្ន​គឺ​មិនមាន​ការធូរស្រាល​ទេ​។ លោក​ថា សម្រាប់​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទូទាំង​សហព័ន្ធរុស្ស៊ី​ក៏​កំពុង​មាន​ការព្រួយបារម្ភ​ខ្លាំង​ផងដែរ​បន្ទាប់ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទី​ក្រុង​ម៉ូស្គូ​បាន​ចេញ​លិខិត​ប្រកាស​មួយ​អំពី​និស្សិត​ខ្មែរ​ ១ ​រូប ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​នៅ​គ្រប់​សាកលវិទ្យាល័យ​ទាំងអស់​បាន​អនុញ្ញាត​ឲ្យ​និស្សិត​សិក្សា​តាមរយៈ​អនឡាញ​ដោយឡែក សាកលវិទ្យាល័យ​មួយចំនួន​គឺ​តម្រូវ​ឲ្យ​ទៅ​សិក្សា​ផ្ទាល់​នៅ​សាលា ជាពិសេស​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​ ១​។ ការទៅ​សិក្សា​ផ្ទាល់​នៅ​សាលា គឺ​ធ្វើឲ្យ​និស្សិត​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការឆ្លង​ជំងឺ​មួយ​នេះ​ដែល​វា​ងាយស្រួល​នឹង​ឆ្លង​ជំងឺ​គ្រប់ពេលវេលា​ផងដែរ ទោះបី​និស្សិត​ខ្មែរ​នៅទីនេះ​ម្នាក់ៗ​មាន​វិធីសាស្ត្រ​ការពារ​ដោយ​ពាក់​ម៉ាស់ និង​លាងដៃ​នឹង​ទឹក​អាល់កុល​ក៏ដោយ​»​។

លោក ថាច់ វណ្ណា បន្ថែម​ថា ដោយសារ​តែ​មធ្យោបាយ​ធ្វើដំណើរ​របស់​និស្សិត​ខ្មែរ​នៅ​ទីនោះ​ភាគច្រើន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង និង​មេត្រូ​ដែល​មាន​មនុស្ស​ធ្វើដំណើរ​យ៉ាង​ច្រើន​កុះករ គឺ​កាន់តែ​ធ្វើឲ្យ​និស្សិត​ខ្មែរ ងាយ​នឹង​ប្រឈម​នូវ​ការឆ្លង ខណៈ​មាន​និស្សិត​មួយចំនួន​កំពុង​ប្រឈម​នឹង​ការលំបាក​ពី​បញ្ហា​ជីវភាព បើទោះ​មាន​ការជួយ​ឧបត្ថម្ភ​ខ្លះៗ​ពី​មន្ត្រី​ទូត​ក៏ដោយ​។

លោក​រៀបរាប់ថា​៖ «​សម្រាប់​និស្សិត​នៅទីនេះ​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ ១៩ ​រីករាលដាល​នេះ​រួមមាន​ ១ ព្រួយបារម្ភ​អំពី​ការឆ្លង​ជំងឺ​។ ២ ការចំណាយ​ទូទៅ​ប្រចាំថ្ងៃ​សម្រាប់​និស្សិត​ស៊ីវិល​ទាំងអស់​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​នេះ ប្រាក់​ចំណាយ​ប្រចាំខែ​ទាំងស្រុង​គឺ​បាន​មកពី​ការឧបត្ថម្ភ​របស់​គ្រួសារ​រៀងៗ​ខ្លួន​»​។

កាលពី​ខែ​មេសា​កន្លង​ទៅ មាន​សិក្ខាកាម​យោធា​កម្ពុជា​ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​ ៣ ​ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​សហព័ន្ធរុស្ស៊ី​ចំនួន​ ៣ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ បន្ទាប់ពី​បាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​លិខិត​ ១ ​ច្បាប់​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​រុស្ស៊ី​ផ្ញើ​មក​កាន់​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​នៃ​ក្រសួង​ការពារជាតិ​។

បន្ទាប់ពី​មាន​ករណី​នេះ​ប្រមុខ​ការពារជាតិ​កម្ពុជា​លោក​ ទៀ បាញ់ ​ក៏​បាន​រំឭក​ដល់​សិក្ខាកាម​យោធា​ទាំងអស់ ដែល​កំពុង​បន្ត​ការសិក្សា​នៅឯ​ក្រៅ​ប្រទេស​ឲ្យ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺឆ្លង​ផង​ដែរ​៕