ព្រះសីហនុៈ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ស្ថានីយ​បូមទឹក​កខ្វក់​ថ្មី​ទាំង ៤ ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​សាក​ល្បង​បូម​ទឹក​កខ្វក់​កុំ​ឱ្យ​ធ្លាក់​ចូល​សមុទ្រ​តទៅ​ទៀត​នៅ​ថ្ងៃ ២៥ មីនា​ខាង​មុខ​នេះ ខណៈ​បច្ចុប្បន្ន​ក្រុម​ការងារ​ជំនាញ​កំពុង​ប្រឹង​ប្រែង​ត​ទុយោ​និង​លូ​ឱ្យបាន​ចប់​សព្វ​គ្រប់​នៅ​មុន​កាល​កំណត់។

លោក យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​និង​សំណង់​និង​ជា​អ្នក​ដឹកនាំ​ក្រុម​ការងារ​សាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ស្ថានីយ​បូមទឹក​កខ្វក់​ទាំង ៤ ទីតាំង​គឺ​ត្រូវ​បាន​ក្រុម​ការងារ​ប្រឹងប្រែង​សាង​សង់​រួចរាល់​អស់​ហើយ នៅ​ឡើយ​តែ​ការ​បញ្ចប់​ការ​តភ្ជាប់​ទុយោ​គ្នា​និង​ការ​តភ្ជាប់​លូ​គ្នា​ប៉ុណ្ណោះ​សម្រាប់​បង្ហូរ​ទឹក​កខ្វក់​ដែល​បូម​ចេញ​ពី​ស្ថានីយ​ទាំង ៤ នោះ​ទៅ​ទម្លាក់​នៅ​ក្នុង​អាង​ចម្រោះ​ទំហំ ១៦ ហិកតា។

លោក​ថា៖ «សំខាន់​ទាល់​បញ្ចប់ (ការងារ) ទុយោ​និង​លូ​ទាំង​ហ្នឹងហើយ​អស់​គឺ​ម៉ូទ័រ​ចាប់ផ្ដើម​បាញ់ (បូម) តែម្តង។ យើង​មិន​អាច​ទប់​ទឹក​កខ្វក់ ១០០% មិន​ឱ្យ​ចូល​សមុទ្រ​នៅ​ពេល​រដូវ​ភ្លៀង​ធ្លាក់​ទេ ប៉ុន្តែ​សំខាន់​ទឹក​កខ្វក់​ខ្មៅ​សុទ្ធ​នោះ​គឺ​យើង​បិទ​មិន​ឱ្យ​ហូរ (ចូល​សមុទ្រ) ទៀត​ទេ គឺ​យើង​បូម​បញ្ច្រាស​ឡើង​ភ្នំ​តែម្ដង»។

លោក ឆោម​ណា​រ៉ា​ឌី បន្តថា ការបូមទឹក​កខ្វក់​សាក​ល្បង​នេះគឺ​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រែ​ជា​ស្អាត​ឡើង​វិញ​ដើម្បី​ស្វាគមន៍​ដំណើរ​កម្សាន្ត​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

ស្ថានីយ​សម្រាប់​បូមទឹក​កខ្វក់​ដើម្បី​ចម្រោះ​មុន​បង្ហូរ​ចូលទៅ​សមុទ្រ​ទាំង ៤ ទីតាំង​នេះ​គឺ​ស្ថិត​នៅ​ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា អូរស្អាត និង​ឆ្នេរ​អូរ​ឈើ​ទាល​ដោយ​ស្ថានីយ​ទី ១ មាន​ទំហំ ១១ ម៉ែត្រ​គុណ ១៥ ម៉ែត្រ​និង​ជម្រៅ ៥ ម៉ែត្រ​ស្ថានីយ​ទី ២ មាន​ទំហំ ៨ ម៉ែត្រ​គុណ ១៨ ម៉ែត្រ​និង​ជម្រៅ ៥,៥ ម៉ែត្រ​ស្ថានីយ​ទី ៣ មាន​ទំហំ ១០ ម៉ែត្រ​គុណ ២០ ម៉ែត្រ និង ជម្រៅ ៥,៥ ម៉ែត្រ និង​ស្ថានីយ​ទី ៤ មាន​ទំហំ ១១ ម៉ែត្រ​គុណ ១៥ ម៉ែត្រ​និង​មាន​ជម្រៅ ៥,២ ម៉ែត្រ។

លោក អ៊ី សុខ​ឡេង អភិបាល​ក្រុងព្រះសីហនុ​បញ្ជាក់ដែរថា ស្ថានីយ​ទាំង ៤ នេះ នឹង​ប្រើ​ដើម្បី​ទប់​ទឹក​កខ្វក់​ដែល​តែង​ហូរ​ពី​គ្រប់​អូរ​និង​លូ​ចូល​សមុទ្រ​ដើម្បី​បូម​ទៅ​ទម្លាក់​នៅ​ក្នុង​អាង​ស្ដុក​ទឹក​ទំហំ ១៦ ហិកតា​ស្ថិត​នៅអូរ​ឈើ​ទាល​ដើម្បី​ចម្រោះ​មុន​បង្ហូរ​ចូល​សមុទ្រ។

លោក​ថា៖ «អ៊ីចឹង​ស្ថានីយដែល​យើង​មាន​ស្រាប់​ហ្នឹង​ទឹក​កខ្វក់​ហូរ​តែ​ពី​កន្លែង​វាល​ទំនាប​ទេ អ៊ីចឹង​កន្លែង​ខ្ពស់ ដូចជា នៅ​សង្កាត់​លេខ ២ សង្កាត់​លេខ ៣ អីហ្នឹង​គឺ​ទាល់តែ​ទប់ទឹក​ហូរ​នៅ​ទីនោះ​ហើយ​បូម​ចូល​មក​ស្ថានីយ​នៅ​អូរ​ឈើទាល»។

ចំណែក​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន ទីតាំង​ដែល​កំពុង​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​គឺ​នៅ​ឆ្នេរ​សុខា ឆ្នេរ​អូរ​ឈើទាល និង​អូរត្រេះ​ជាដើម ហើយ​ការ​បង្ហូរ​ចូល​សមុទ្រ​នេះ ដោយសារ​ស្ថានីយ​ទាំង ៤ មិន​ទាន់​ដំណើរការ​នៅ​ឡើយ។

លោក​បាន​បញ្ជាក់ថា៖ «ធ្វើ​ហើយ​បើទោះបីជា​មិនបាន ១០០% ប៉ុន្តែ​វា​អាច​បញ្ចៀស​បាន​ផល​ប៉ះពាល់​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ដែរ។ សំខាន់​ត្រូវ​ពន្លឿន​ការ​សាង​សង់​ឱ្យ​លឿន​ដើម្បី​ទប់ស្កាត់​ការ​បំពុល​ហ្នឹង​បាន​ហើយ»៕