ស្ទឹងត្រែងៈ ​ស្ថានីយ​ស្រាវជ្រាវ​ ​និង​ផលិត​កូន​ត្រី​ពូជ​ដ៏ធំ​ទី​ ៤ ​នៅ​កម្ពុជា និង​ជា​ស្ថានីយ​ធំ​ដំបូង​នៅ​ខេត្តស្ទឹងត្រែង​បាន​ចាប់ផ្តើម​សាងសង់​នៅ​ដើម​សប្តាហ៍​នេះ​លើ​ផ្ទៃដី​ជាង​ ១០ ​ហិកតា​ដោយ​ប្រើ​ថវិកា​ហិរញ្ញប្បទាន​ធនាគារពិភពលោក​ (WB) ​ជាង​ ១ ​លាន​ដុល្លារ និង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល ហើយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ក្រោយ​។

លោក ទំ នីរ៉ូ ប្រធាន​ខណ្ឌ​ជលផល​ស្ទឹងត្រែង​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា នេះ​​ជា​ស្ថានីយ​ស្រាវជ្រាវ និង​ផលិត​​កូន​ត្រី​ពូជ​ធំ​ដំបូង​សម្រាប់​ខេត្ត​នៅ​ភាគ​ឦសាន​ដែល​អាច​នឹង​ជួយ​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​គ្រប់​​ខេត្ត​ជុំវិញ​ខេត្ត​ស្ទឹងត្រែង​។

តាម​លោក នីរ៉ូ ពិធី​ក្រុង​ពាលី សាងសង់​ស្ថានីយ​នេះ​បាន​ធ្វើ​​ឡើង​នៅ​ចំណុច​អូរខ្លុង ភូមិ-ឃុំ​សាមឃួយ ស្រុក​សេសាន ខេត្ត​​ស្ទឹងត្រែង​លើ​ផ្ទៃដី​ជាង​ ១០ ​ហិកតា​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា​ដោយ​ប្រើ​ថវិកា​ហិរញ្ញប្បទាន​ (WB) ​ជាង​ ១ ​លាន​ដុលា្លរ​ក្រោម​អធិបតីភាព​លោក ឆេងផែន អគ្គនាយករង​រដ្ឋបាល​ជលផល​ និង​ជា​នាយក​គម្រោង​មេគង្គ​ហើយ​គ្រោង​បញ្ចប់​នៅ​​ពាក់កណ្ដាល​ ឬ​ចុង​ឆ្នាំ​ក្រោយ​។

លោក ទំ នីរ៉ូ បញ្ជាក់​ថា​៖ «​សម្រាប់​ខេត្ត​ក្នុង​ភូមិភាគ​ឦសាន​មិន​ដែល​មាន​ស្ថានីយ​នេះ​ទេ ទោះបី​ជា​យើង​សាងសង់​​ក្នុង​ខេត្ត​ស្ទឹងត្រែង តែ​វិសាលភាព​នឹង​ជួយ​ផ្គត់ផ្គង់​ទៅដល់​បណ្តា​ខេត្ត​ដែល​នៅ​ជុំវិញ​ខេត្តស្ទឹងត្រែង​នេះ​។ ស្ថានីយ​នេះ​មាន​ប្រយោជន៍​សំខាន់​ ២ ​គឺ​ប្រយោជន៍​ដល់​ធម្មជាតិ បរិស្ថាន ដែល​យើង​អាច​ស្រាវជ្រាវ​ពី​ពូជ​ត្រី​សំខាន់ៗ​ដែល​នៅមាន​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ហើយ​យើង​អាច​បង្កាត់​វា​រួច​លែង​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ដើម្បី​បង្កើន​ផល​ត្រី​ឡើងវិញ​។ ​ប្រយោជន៍​​មួយទៀត​គឺ​ការលើក​តម្កើង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ការធ្វើ​វារីវប្បកម្ម និង​ជំរុញ​ឱ្យ​មាន​ការធ្វើ​វារីវប្បកម្ម​ឱ្យបាន​ខ្លាំង​ក្នុង​តំបន់​នេះ​ដើម្បី​កាត់បន្ថយ​ការពឹង​អាស្រ័យ​ច្រើន​ពេក​លើ​ធម្មជាតិ​»​។

លោក ឆេង ផែន អគ្គនាយករង​រដ្ឋបាល​ជលផល និង​ជា​នាយក​គម្រោង​មេគង្គ បាន​ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​ស្ថានីយ​នោះ​ថា នៅពេល​បង្កើតបាន​ស្ថានីយ​នេះ​រួច​ [​យើង​] ​អាច​​ផ្ទេរ​បច្ចេកទេស​ឱ្យដល់​កសិករ​ទាំង​ការផលិត​កូន​ត្រី និង​ការចិញ្ចឹម​ដោយ​ផ្តោត​សំខាន់​លើ​កសិករ​ឱ្យ​ក្លាយជា​គ្រូ និង​ជា​​ភ្នាក់ងារ​ផ្សព្វផ្សាយ​វារីវប្បកម្ម​ទៅកាន់​មូលដ្ឋាន​។

លោក​បន្តថា ទាំង​ការផលិត​​កូនត្រី​ការផលិត​ត្រីសាច់​ ការរៀបចំ​កន្លែង​ភ្ញាស់​ពូជ​ត្រី​សំខាន់ៗ​នៅ​ស្ថានីយ​នេះ ក៏​អាចបំពេញ​តម្រូវការ​ និង​ផ្គត់ផ្គង់​កូនត្រី​សម្រាប់​ខេត្ត​នៅ​ភូមិភាគ​ឦសាន​នេះ​ផងដែរ​។

នៅ​កម្ពុជា​មាន​ស្ថានីយ​បែបនេះ​​ចំនួន​ ៤ (​ទឹកសាប​ ៣ ​និង​ទឹកប្រៃ​ ១) ​រួមមាន ក្នុង​ខេត្តព្រៃវែង ខេត្ត​កណ្តាល ខេត្ត​ព្រះសីហនុ និង​កំពុង​​សង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​នេះ​៕