ភ្នំពេញៈ ស្ថាបនិក​ក្រៀល​កម្ពុជា​ និង​ជា​ប្រធាន​គម្រោង «​រក្សា​បរិស្ថាន​ស្អាត​» លោក​ ហួ ឆៃងន់ បានឱ្យដឹងថា យុទ្ធនាការ​សម្អាត​បរិស្ថាន​ក្នុង​ឆ្នាំ​ ២០២១ បានចាប់ផ្តើម​លើកដំបូង​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ នៅ​ទីតាំង​ចំនួន​ ៣ ​ក្នុងចំណោម​ទីតាំង​ ៥ ​របស់​គម្រោង គឺជា​ការចាប់ផ្តើម​ដ៏ល្អ​ដែលមាន​ការចូលរួម​ពី​យុវជន​ និង​អាជ្ញាធរ​ជាច្រើន​រយ​នាក់​។

លោក​ ហួ ឆៃងន់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា យុទ្ធនាការ​សម្អាត​បរិស្ថាន​នៃ​គម្រោង​រក្សា​បរិស្ថាន​ស្អាត​នេះ​មាន​អ្នក​ចូលរួម​ចំនួន​ ៤៤៤ ​នាក់ ​ដែល​ក្នុងនោះ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ២៦១ ​នាក់​ ខេត្ត​បាត់ដំបង​មាន​ ៨៣ ​នាក់ និង​ខេត្ត​សៀមរាប​មាន​ចំនួន​ ១០០ ​នាក់​ ដោយឡែក​ខេត្តកំពត​ និង​ខេត្ត​កែប ​នឹងធ្វើ​សកម្មភាព​នៅ​ខែក្រោយ ដោយសារ​ខែ​ដំបូង​នេះ​ការរៀបចំ​ក្រុមការងារ​សម្រាប់​ខេត្ត​ទាំង​ ២ ​នេះ​មិនទាន់រួច ហើយ​ក្រុមការងារ​នៅមាន​ការខ្វះខាត​ថវិកា​សម្រាប់​រៀបចំ​ផងដែរ​។

លោក​បាន​ប្រាប់ថា​៖ «​នេះ​ជា​ការចាប់ផ្ដើម​ដ៏ល្អ​នៃ​គម្រោង​រក្សា​បរិស្ថាន​ស្អាត ព្រោះ​សកម្មភាព​នេះ​បាន​ទទួល​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​គ្រប់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាលខេត្ត រាជធានី ក្រុង និង​ទាំង​នៅក្នុង​សង្កាត់​គោលដៅ​ផងដែរ​។ យើង​នឹង​នៅ​បន្ដ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់ខែ រហូត​ពេញ​ ១ ​ឆ្នាំ​ ២០២១ ​នេះ ដោយ​អនុវត្ត​រៀងរាល់​ ១ ​ខែម្ដង​នៅ​ថ្ងៃអាទិត្យ​នៃ​ដើមខែ​នីមួយៗ​»​។

ស្ថាបនិក​ក្រៀល​កម្ពុជា​រូបនេះ​បាន​បន្តថា លោក​ទទួល​បាន​ការចូលរួម​ពី​ក្រុមយុវជន​លើសពី​ការរំពឹងទុក​យ៉ាងខ្លាំង ដោយមាន​យុវជន​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ប្រមាណ​ជា​ ១ ០០០ ​នាក់​ ក្នុង​ខែ​ដំបូង​នេះ ប៉ុន្តែ​លោក​បាន​សម្រេចយក​ត្រឹម​តួលេខ​នៃ​គម្រោង​ខែ​ដំបូង​តែប៉ុណ្ណោះ​។

លោក​ ហួ ឆៃងន់ បាន​លើកឡើង​ទៀតថា សម្រាប់​នៅ​រាជធានី​ភ្នំពេញ យុវជន​ដែល​បាន​ចូលរួម​សម្អាត​បរិស្ថាន​បាន​ចាប់ផ្តើម​ដំបូង​នៅ​ទីតាំង​គោលដៅ​តំបន់​មាត់ទន្លេ​ជ្រោយចង្វារ ដោយ​បាន​ប្រមូល​សំរាម​បាន​ចំនួន​ ២០០ ​ការុង​ ឬ​ជាង​ ១ ​តោន​កន្លះ ហើយ​ភាគច្រើន​ជា​សំរាម​ប្លាស្ទិក​ប្រើ​ម្ដង​បោះចោល ដូចជា​ដប​ទឹក​សុទ្ធ កែវជ័រ ប្រអប់​ស្នោ ស្បោង​ប្លាស្ទិក​ជាដើម​។

លោក​ យ៉ាន សុភា អ្នក​សម្របសម្រួល​ និង​ជា​ប្រធាន​គម្រោង​រក្សា​បរិស្ថាន​ស្អាត​ប្រចាំ​ខេត្ត​សៀមរាប​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ឲ្យ​ដឹង​ដែរ​ថា យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ៧ ខែ​កុម្ភៈ កន្លង​មកនេះ មាន​លទ្ធផល​ល្អ​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​នាយក​សាលា​សិស្សានុសិស្ស​នគរបាល សហគមន៍ និង​ប្រជាពលរដ្ឋ​អ្នក​ប្រកបមុខរបរ​តាម​មាត់ទឹក ហើយ​និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ក្រៀល​បរិស្ថាន​ខេត្តសៀមរាប​ប្រមាណ​ ១០០ ​នាក់​។ ក្រុមការងារ​ទាំងអស់​បានរួម​សហការ​គ្នា​សម្អាត និង​ប្រមូល​សំរាម​បាន​ចំនួន​ ២៥០ ​ការុង ដែល​មាន​ទម្ងន់​ប្រមាណ​ជា​ ២ ​តោន​។

កញ្ញា​ សន វិសាល អ្នក​សម្របសម្រួល​ និង​ជា​ប្រធាន​គម្រោង​រក្សា​បរិស្ថាន​ស្អាត​ប្រចាំ​ខេត្តបាត់ដំបង​បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា​នៅក្នុង​កម្មវិធី​នេះ កញ្ញា​សង្កេតឃើញ​មាន​យុវជន​ និង​យុវតី​មកពី​ជុំវិញ​ខេត្តបាត់ដំបង និង​បណ្តា​ខេត្ត​ផ្សេងៗ​ដែល​នៅ​ជិត​បានមក​ចូលរួម​សម្អាត​បរិស្ថាន​ជាមួយគ្នា​ផងដែរ​។

កញ្ញា​បាន​ប្រាប់ថា​៖ «​បញ្ហា​ទុកដាក់​សំរាម​ និង​បញ្ហា​បរិស្ថាន គឺជា​កាតព្វកិច្ច​របស់​យើង​គ្រប់រូប​។ យើង​គ្រប់គ្នា​គួរតែ​មាន​​សា្មរតី​ភ្ញាក់រឭក​ និង​មាន​ទំនួល​ខុសត្រូវ​លើ​សំរាម​ដែល​ខ្លួន​បាន​ប្រើប្រាស់​ហើយ​។ បរិស្ថាន​ជា​ផ្ទះ​របស់​យើង​ជា​សហគមន៍​របស់​យើង និង​ជា​សង្គម​របស់​យើង​។ វា​ជា​ការត្រឹមត្រូវ​ណាស់​ដែល​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ទំនួល​ខុសត្រូវ​រឿង​សំរាម​ក្នុងសង្គម​ដែល​ខ្លួន​រស់នៅ​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រៀល​កម្ពុជា​បាន​ឱ្យ​ដឹងថា យុទ្ធនាការ​រក្សា​បរិស្ថាន​ស្អាត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយសារ​មាន​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​។

ក្នុង​ការចុះអនុវត្ត​សកម្មភាព​ខែ​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​បាត់ដំបង​ក្រុម​ការងារ​ទាំងអស់​បាន​ប្រមូល​សំរាម​បាន​ចំនួន​ ៤,២ ​តោន​។ កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​ក្រុមយុវជន​បរិស្ថាន​ក្រៀល​កម្ពុជា​ក្នុង​គោលបំណង​ចុះ​សម្អាត​បរិស្ថាន និង​អប់រំ​ប្រជាជន​ក្នុង​តំបន់​គោលដៅ​ស្ដីពី​ការ​ទុកដាក់​សំរាម ការសម្អាត​បរិស្ថាន និង​ការកាត់បន្ថយ​ប្លាស្ទិក​នៅ​កម្ពុជា​៕