ភ្នំពេញៈ កងពលធំ​ចំនួន​ ២ និង​កងពលតូច​ចំនួន ៣ ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការបញ្ជា​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​ ទៀ បាញ់ ចុះ​ថ្ងៃទី ៦ ខែ​កញ្ញា ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​។

អង្គភាព​ចំនួន ៥ ត្រូវ​បាន​ផ្ទេរ​ពី​អគ្គបញ្ជាការដ្ឋាន​ឲ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​ដោយ​ផ្ទាល់​របស់​កងទ័ព​ជើងគោក​។

អង្គភាព​ទាំង​នេះ​រួមមាន កងពលធំ​លេខ ២ និង​លេខ ៣ កងពលតូច​លេខ​ ១ ​កងពលតូច​ឆត្រយោង​ពិសេស ៩១១ និង​កងពលតូច​លេខ ៧០​។

លោក ម៉ាណែត ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​កាលពី​សប្តាហ៍​មុន​ដោយ​ព្រះរាជក្រឹត្យ​មួយ​។

លោក​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ថ្លែង​កាលពី​ម្សិលមិញ​ថា ការដំឡើង​ឋានៈ​នេះ​គឺ​ដើម្បី​ធ្វើឲ្យ​ការងារ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

«​យើង​គ្រាន់តែ​ធ្វើ​កំណែទម្រង់​ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការ​ទទួល​បញ្ជា​ធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅក្នុង​ការទទួល​បញ្ជា​។ កាលពី​មុន​យើង​មាន​កម្រិត​បញ្ជា​ជាច្រើន​ពី​កងទ័ព​ជើងគោក​ដល់​សេនាធិការ​ចម្រុះ​។ កងទ័ព​ជើងគោក​ត្រូវការ​ការគ្រប់គ្រង​ផ្ទាល់​ទៅ​លើ​កងទ័ព​ថ្មើរជើង​។ ដូច្នេះ​ត្រូវ​ការ​ធ្វើ​កំណែទម្រង់​ទៅលើ​កងទ័ព​ជើងគោក​ដើម្បី​ធ្វើឲ្យ​ងាយស្រួល​បញ្ជា​ទាហាន​»​។

ប៉ុន្តែ​លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែងថា ការផ្ទេរ​នេះ​គឺ​ដោយសារ​បញ្ហា​ទំនុកចិត្ត​។ «​នៅពេល​មន្ត្រី​ម្នាក់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការទទួល​ខុសត្រូវ​ធំៗ​ជាច្រើន​នៅ​ក្រោម​គាត់ វា​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនុកចិត្ត​»៕ PS