ភ្នំពេញៈ មួយ​ថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​មេបញ្ជាការ​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​ការពារ​ជាតិ​កម្ពុជា មេបញ្ជាការ នាយទាហាន ពលទាហាន ក្រសួង​ការបរទេស និង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ចេញ​មុខ​ថ្កោលទោស​អាមេរិក​ព្រម​គ្នា​ដោយ​ចាត់​ទុក​ការសម្រេច​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន និង​ល្ងង់ខ្លៅ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​។

នាយឧត្តម​សេនីយ៍​ផ្កាយ​មាស​ ៤ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃទី​ ១២ មិថុនា ដោយ​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក ព្រម​ទាំង​បង្កក​ទ្រព្យសម្បត្តិ​ដោយ​ចោទ​ថា​មន្ត្រី​យោធា​ជាន់​ខ្ពស់​រូប​នេះ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​កម្ពុជា​ និង​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ជាច្រើន​លើក​ទៅ​លើ​ជនរងគ្រោះ​ជាច្រើន​ក្នុង​នោះ​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែរ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ពី​ម្សិលមិញ​បញ្ជាក់​ថា​៖ «​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​សម្តែង​ការសោកស្តាយ ច្រានចោល​ និង​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​ដ៏គឃ្លើន​របស់​ក្រសួង​រតនាគារ​នៃ​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​មក​លើ​មន្ត្រី​ជាន់ខ្ពស់​ ១ ​រូប​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​ប្រទេស​កម្ពុជា​»​។

ក្រសួង​ការពារ​ជាតិ​សង្កត់​ធ្ងន់​ថា​៖ «​ការសម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​មក​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បែប​នេះ​គឺជា​ការរំលោភ​ដល់​ច្បាប់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់​។ ការដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​នេះ​គឺជា​ការសម្រេច​ដ៏ល្ងង់ខ្លៅ ធ្វើ​ឡើង​ដោយ​ទំនើង​ចិត្ត​សហរដ្ឋ​អាមេរិក​ដែល​កម្ពុជា​មិន​អាច​ទទួល​ស្គាល់​បានឡើយ​។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​សូម​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការដាក់​ទណ្ឌកម្ម​មកលើ​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​បែប​នេះ​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​ការបរទេស​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដែរ​ថា​៖ «​រឿងរ៉ាវ​ដ៏អយុត្តិធម៌​ជាក់ស្តែង​បំផុត​នោះ​គឺ​នៅពេល​ដែល​អតីត​រដ្ឋបាល​អាមេរិក​ដឹកនាំ​បង្កើត​សម្ព័ន្ធ​គាំទ្រ​របប​ខ្មែរក្រហម​ដែល​គ្រប់គ្រង​ប្រទេស​ដោយ​រំលោភសិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាងពេញ​ទំហឹង​ឲ្យ​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ និង​ដាក់​ទណ្ឌកម្ម​ដ៏អយុត្តិធម៌​រយៈពេល​ ១២ ​ឆ្នាំ​ប្រឆាំង​នឹង​ប្រជាជាតិ​មួយ​ដែល​រង​ការបំផ្លាញ​ដោយ​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ច្រើន​ជាង​ ២ ​លាន​តោន​»​។

សេចក្តី​ថ្លែងការណ៍​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ចេញពី​ម្សិលមិញ​ដែរ​នោះ​ក៏​បាន​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក ដោយ​ថា​ការចោទប្រកាន់​របស់​អាមេរិក​គ្មាន​មូលដ្ឋាន​មក​លើ​លោក​ ហ៊ីង ប៊ុនហៀង ហើយ​ថា​មន្ត្រី​យោធា​ជាន់ខ្ពស់​រូប​នេះ​ជា​អ្នក​ប្រតិបត្តិ​ច្បាប់​ដ៏ហ្មត់ចត់ និង​ជា​អ្នក​អនុវត្តន៍​កាតព្វកិច្ច​ដ៏ថ្លៃថ្នូរ​នៅក្នុង​ការការពារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា​ដែល​ស្ថានភាព​នេះ​កំពុង​តែ​រីកចម្រើន​ជា​ទី​គាប់​ប្រសើរ​។

សេចក្តី​ថ្លែងការណ៍​ថា​៖ «​អ្វី​ដែល​អាមេរិក​ធ្វើ​នេះ​គឺជា​ការបំពាន​អធិបតេយ្យ​នៃ​ប្រទេស​ឯករាជ្យ​មួយ​ដែល​ពុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ ហើយ​ម្យ៉ាង​ទៀត​គួរ​តែ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា ចុះ​ការ​ដែល​កងទ័ព​អាមេរិក​មក​សម្លាប់​ជនជាតិ​កម្ពុជា​រាប់លាន​នាក់​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ដែល​គ្រាប់​បែក​នៅ​តែ​រកឃើញ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នោះ តើ​នេះ​មិនមែន​ជា ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​? ​ខុទ្ទកាល័យ​សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​កំរោល ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​»​។

ប៉ុន្តែ​លោក​ ហ៊ីង ប៊ុនហៀង បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ បន្ទាប់ពី​លោក​ដឹង​ថា​សហរដ្ឋ​អាមេរិក​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​ និង​ហាមឃាត់​ជនជាតិ​អាមេរិក​ឯទៀត​មិន​ឲ្យ​ទាក់ទង​ការងារ​ជាមួយ​លោក ដោយ​លោក​អះអាង​ថា​លោក​គ្មាន​ទ្រព្យសម្បត្តិ និង​ជំនួញ​ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ការសប្បាយ​ចិត្ត​ណាស់ និង​រីករាយ​បំផុត​អរគុណ​អាមេរិក​ដែល​វា​គាប​ខ្ញុំ​។ ទី​ ១ ខ្ញុំ​មិន​ដែល​មាន​លុយ​ដាក់​ក្នុង​ធនាគារ​ផង​។ ទី​ ២ ខ្ញុំ​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​ទេ ហើយ​ខ្ញុំ​មាន​តែ​ចូលរួម​ចំណែក​គោរព​គោលនយោបាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ កសាង​សាលារៀន វត្ត កសាង​ប្រឡាយទឹក ផ្លូវលំ​ជូន​ប្រជាពលដ្ឋ​។ អរគុណ​ណាស់​ដែល​បាន​គាបសង្កត់​ខ្ញុំ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ធ្វើ​ជា​កងទ័ព​មួយជីវិត ធ្វើ​ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ អធិបតេយ្យភាព ការពារ​ទឹកដី​ និង​អនុវត្តតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ដើរ​តាម​បន្ទាត់​គោលនយោបាយ​របស់​រដ្ឋាភិបាល​។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​លើស​ពី​ហ្នឹង​ទេ គ្រាន់​តែ​ចូលរួម​រក្សា​ការពារ និង​រក្សា​សន្តិសុខ ហើយ​បើ​គាត់​យល់​ថា ការ​គាបសង្កត់​នេះ​ត្រឹមត្រូវ វា​ជា​រឿង​របស់​សហរដ្ឋអាមេរិក ខ្ញុំ​មិន​តវ៉ា​ទេ​ឲ្យ​គាត់​យល់​ខ្លួន​គាត់​ទៅ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ដែល​ផ្ទុយ​អំពី​ច្បាប់​ផង​»​។

ដោយ​ឡែក​សេចក្តី​ថែ្លងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ថ្ងៃទី​ ១២ មិថុនា ឯណោះ​វិញ​បាន​ប្រកាស​គាំទ្រ​នូវ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​។

សេចក្តី​ថ្លែងការណ៍​ថា​៖ «​ទណ្ឌកម្ម​លើ​លោក ហ៊ីង ប៊ុនហៀង នាពេល​នេះ​គឺជា​សារ​ព្រមាន​ដល់​មេខ្លោង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដទៃ​ទៀត​ថា ពួកគេ​នឹង​មិន​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ឡើយ ហើយ​ពួកគេ​ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​គ្រប់​រូបភាព​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ប្រសិន​បើ​ពួកគេ​មិន​ចង់​ទទួល​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ​»​។

សេចក្តី​ប្រកាស​របស់​ក្រសួង​រតនាគារ​អាមេរិក​ថ្ងៃ​ទី​ ១២ មិថុនា បញ្ជាក់​ថា​ «​លោក​ ហ៊ីង ប៊ុនហៀង ​និង​បញ្ជាការដ្ឋាន​អង្គរក្ស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ជាច្រើន​ដែល​ក្រុម​យោធា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​ក្រុម​បាតុករ ​និង​គណបក្ស​ប្រឆាំង​តាំងពី​ឆ្នាំ​​ ១៩៩៧ ​មក​ក្នុង​នោះ​មាន​ការ​គប់​គ្រាប់​បែក​ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​បាន​រងរបួស​។ ជា​លទ្ធផល​នៃ​ការដាក់​ទណ្ឌកម្ម​នេះ រាល់​ទ្រព្យ​សម្បត្តិ​ ឬ​ផលប្រយោជន៍​ពី​ទ្រព្យសម្បត្តិ​របស់​ជន​ទាំង​នេះ​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ហាមឃាត់​ចាប់ពី​ថ្ងៃ​នេះ​តទៅ​ហើយ​ជា​ការ​បន្ថែម​គឺ​ហាមឃាត់​ពលរដ្ឋ​អាមេរិកាំង​មិន​ឱ្យ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ការងារ​ជាមួយ​នឹង​ជន​ទាំង​នេះ​ទេ»៕