ភ្នំពេញៈ ភាគី​ចម្រុះ​មកពី​ស្ថាប័នរដ្ឋ ឯកជន យុវជន សង្គម​ស៊ីវិល និង​សមាគម​សិល្បករ​ពី​ចុង​សប្តាហ៍​មុន​បាន​សហការ​គ្នា​ធ្វើ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ​ ២០១៩ ​រយៈពេល​ ១ ​ខែ​វិច្ឆិកា ដើម្បី​បង្កើត​សំឡេង​រួម​ស្វែងរក​ដំណោះស្រាយ​លើ​ការលើកកម្ពស់​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​សាធារណជន​គ្រប់​ស្រទាប់ ពិសេស​លើក​កម្ពស់​សោភណភាព​ទីក្រុង​ឲ្យ​មាន​ភាពប្រសើរ​ឡើង​។

សេចក្ដី​ប្រកាស​របស់​គម្រោង​ស្អាត​ស្ដីពី​ការបើក​ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​សម្រាប់​ឆ្នាំ​ ២០១៩» ចេញ​ថ្ងៃទី​ ២ វិច្ឆិកា​ បង្ហាញ​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​ ៣ ​ហើយ ដែល​គម្រោង​ស្អាត​ធ្វើ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​។ យុទ្ធនាការ​ឆ្នាំនេះ​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ធំៗ​មួយ​ចំនួន ដើម្បី​រួមចំណែក​ក្នុង​ការគ្រប់គ្រង​សំរាម​ដោយ​ផ្ដើម​ចេញ​ពី​រាជធានី​ភ្នំពេញ​។

សេចក្ដីប្រកាស​បង្ហាញថា សកម្មភាព​នៃ​យុទ្ធនាការ​នេះ​ផ្តោត​ចម្បង​ទៅ​លើ​ការអប់រំ​នៅតាម​សាលារៀន​រដ្ឋ និង​ឯកជន​ និង​ការបញ្ជ្រាប​សារ​អប់រំ​តាមរយៈ​វីដេអូ​ខ្លី តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ដូចជា វិទ្យុ រោងកុន និង​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាដើម​។

សេចក្ដី​ប្រកាសថា​៖ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​បាន​ប្រមូលផ្ដុំ​តួអង្គ​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​សំឡេង​តែមួយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​រួមគ្នា​មួយ ពោល គឺ​ភាព​ជា​គំរូ ដែល​ផ្ដើម​ចេញ​ពី​យើង​ទាំងអស់​គ្នា​ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​បរិស្ថាន​ស្អាត​។ ជាពិសេស​បញ្ជ្រាប​អំពី​បញ្ហា​ប្រឈម និង​ខិតខំ​ស្វែងរក​ដំ​ណេះ​ស្រាយ​រួមមួយ​ស្ដីពី​ការទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ទៅដល់​សាធារណជន​គ្រប់​ស្រទាប់​ដើម្បី​បំផុស​ការចូលរួម​ចំណែក​ទាំងអស់​គ្នា​ក្នុង​ការថែទាំ និង​លើកកម្ពស់​សោភណភាព​ទីក្រុង​ឲ្យ​មាន​ភាពប្រសើរឡើង​»​។

លោក​ ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​សហ​ស្ថាបនិក​នៃ​គម្រោង​ស្អាត​ថ្លែង​ក្នុងពេល​បើក​យុទ្ធនាការ​ភ្នំពេញ​ស្អាត​នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថា បេសកកម្ម​ភ្នំពេញ​ស្អាត​ទាមទារ​ឲ្យ​មាន​ជា​ចាំបាច់​នូវ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ការធ្វើ​ជា​ទូតសុឆន្ទៈ​ស្អាត​។ ទទួល​ខុសត្រូវ​ទាំងអស់​គ្នា ដើម្បី​ភាព​ស្អាត និង​ភាពស្រស់​បំព្រង​នៃ​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​កង្វល់​នៃ​បញ្ហា​សំរាម​មិនមែន​ជា​បញ្ហា​នៅតែ​កម្ពុជា​នោះ​ទេ ប្រទេស​ផ្សេងៗ​ក៏​ត្រូវការ​ពេលវេលា​រាប់សិប​ឆ្នាំ ដើម្បី​ដោះស្រាយ​ដែរ​។ ការអប់រំ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ប្រសិន​បើ​យើង​រួមគ្នា​ឲ្យ​បាន​ស្រុះ​គ្នា​កាន់តែ​ច្រើន​យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​កាន់តែ​ជោគជ័យ និង​ទាន់ពេលវេលា​។ បញ្ហា​បរិស្ថាន​ ឬ​សំរាម​មិនមែន​ជា​រឿង​ស្ថាប័ន​មិនមែន​ជា​រឿង​កាតព្វកិច្ច​បុគ្គល​ទេ​តែ​ជា​រឿង​សុខុមាលភាព​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង និង​ប្រទេសជាតិ​យើង​»​។

គម្រោង​ «​ភ្នំពេញ​ស្អាត​» ​ក៏​ទទួល​បាន​កិច្ចសហការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​រួមមាន ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងបរិស្ថាន ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ ទីក្រុង​ស្អាត និង​រាជធានី​ភ្នំពេញ​។

លោក​ នួន ផារ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ថ្លែង​ពេល​បើក​យុទ្ធនាការ​នេះដែរ​ថា ភ្នំពេញ​មាន​សំរាម​ប្រមាណ​ ៣ ០០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។ បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​កើនឡើង​យ៉ាង​គំហុក ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ដោះស្រាយ និង​ត្រូវ​ប្រើ​រយៈពេល​វែង​ក្នុង​ការដោះស្រាយ​។

លោក​ថ្លែងថា​៖ «​អ្វី​ដែល​ជា​ការប្រឈម​របស់​យើង គឺ​ការ​ទុកដាក់ និង​ញែក​សំរាម ការប្រមូល​សំរាម ទីលាន​ចាក់សំរាម ការលើកកម្ពស់ ការយល់ដឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការទុកដាក់​សំរាម​បាន​ត្រឹមត្រូវ និង​ស្មារតី​ថែរក្សា​អនាម័យ​បរិស្ថាន​។ រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​បាននិង​កំពុង​ខិតខំ​ដោះស្រាយ​ជា​អាទិភាព​។ ប៉ុន្ដែ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ដោះស្រាយ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

តំណាង​យុវជន​សុឆន្ទៈ​ស្អាត លោក អ៊ិន ណាបុត្រ ថ្លែងថា យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ​នេះ​មាន​យុវជន​សុឆន្ទៈ​ស្អាត​ជាង​ ១០០ ​នាក់​ ចូលរួម​អនុវត្ដ​យុទ្ធនាការ​រយៈពេល​ ១ ​ខែ​ពេញ​។ ក្នុងនោះ​ក៏បាន​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សម្អាត​ទីក្រុង​ភ្នំពេញ​នាឱកាស​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រុមយុវជន​ស្ម័គ្រចិត្ដ​សុឆន្ទៈ​របស់​យើង​ជាង​​ ១០០ ​នាក់​ នឹង​បន្ត​ធ្វើ​សកម្មភាព​ពេញ​ ១ ​ខែ​វិច្ឆិកា​នេះ ​តាមរយៈ​ការផ្សព្វផ្សាយ​បញ្ជ្រាប​ទៅ​ចំណេះដឹង​ពី​បញ្ហា​បរិស្ថាន និង​សំរាម​ទៅ​ដល់​សិស្ស​នៅ​សាលា​រដ្ឋ និង​ឯកជន​ប្រមាណ​ជាង​ ២០ ​សាលា​។ ក្នុងនោះ​យើង​ក៏​មាន​គ្រូ​បង្គោល និង​សិស្ស​បង្គោល​តាម​សាលា​នីមួយៗ​ក្នុង​ការបង្កើត​គោល​គំនិត​ផ្សេងៗ​ចំពោះ​ការបញ្ជ្រាប​ចំណេះដឹង​នេះ​ដល់​សិស្ស​ផងដែរ​»​។

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រមាណ​ជាង​ ៤០០ ​នាក់​ ពី​ចុងសប្ដាហ៍​មុន​បាន​អនុវត្ត​គម្រោង «​យុទ្ធនាការ​ប្រឆាំងនឹង​ការប្រើ​សារធាតុ​ប្លាស្ទិក និង​ការកែប្រែ​ឥរិយាបថ​អ្នក​ប្រើប្រាស់​»៕