ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រកាស​រួមគ្នា​បន្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​លុបបំបាត់​យានដ្ឋាន​កែច្នៃ​រថយន្ត​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើឲ្យ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​សល់​កម្រិត​ទាប​បំផុត​។

ការប្តេជ្ញា​របស់​ស្ថាប័ន​ទាំងនេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៨ ខែ​កញ្ញា ក្នុង​ពិធី​សំណេះសំណាល និង​កិច្ចប្រជុំ​រួមគ្នា​នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​រវាង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដឹកនាំ​ដោយ​លោក​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ៥០ ​នាក់​។

ក្នុង​ឱកាស​នោះ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លើកឡើង​ថា ការប្តេជ្ញា​រួមគ្នា​ឲ្យ​សកម្ម​បន្ថែម​ទៀត​នេះ គឺ​ក្នុង​គោលបំណង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណៈ​ការអនុវត្ត​នៃ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ បាន​កាត់បន្ថយ​ការស្លាប់ និង​រងរបួស​របស់​ប្រជាពលរដ្ឋ​គួរ​ឲ្យ​កត់សម្គាល់​។

លោក​ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ថា​ថ្នាក់ដឹកនាំ​ទាំង​ ២ បាន​ឯកភាព​គ្នា​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​យានដ្ឋាន​ជួសជុល និង​កែច្នៃ និង​យានដ្ឋាន​ដំឡើង​យានយន្ត​ខុសច្បាប់ ព្រម​ទាំង​បង្កើន​ការត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ផងដែរ​។

លោក​បន្តថា ស្ថាប័ន​ទាំង​ ២ រំពឹង​ថា​ការចូលរួម​សហការ​ពី​កម្លាំង​សមត្ថកិច្ច​ទូទាំង​ប្រទេស​ក្នុង​ការបង្ក្រាប​បទល្មើស​ចរាចរណ៍​រួមទាំង ការត្រួតពិនិត្យ​យានដ្ឋាន​ជួសជុល និង​កែច្នៃ​ទូទាំង​ប្រទេស​នឹង​ធ្វើឲ្យ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការធ្លាក់ចុះ​។

លោក​បញ្ជាក់ថា​៖ «​អគ្គស្នងការ នេត សាវឿន លោក​បាន​បញ្ជាក់​រួចហើយ​ថា លោក​បាន​ណែនាំ​ទៅ​ដល់​ស្នងការ​ខេត្ត​ទាំងអស់​ឲ្យ​រួមសហការ​ជាមួយ​នឹង​មន្ទីរ​សាធារណការ ដើម្បី​ចាប់​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង និង​ទប់ស្កាត់​បញ្ហា​នេះ​ [​យានដ្ឋាន​ខុសច្បាប់​] ​កុំ​ឲ្យ​មាន​តទៅទៀត​។ យើង​បាន​គិត​ទៅ​ដល់​ខេត្ត​ ៧ ដោយ​បាន​សរសេរ​លិខិត​ជូន​ទៅ​គណៈអភិបាលខេត្ត ដើម្បី​ធ្វើ​កិច្ចការ​នេះ ហើយ​ក្រសួង​មហាផ្ទៃ​នឹង​ចូលរួម​ត្រួតពិនិត្យ​ក្នុង​ករណី​ចាំបាច់​»​។

លោក​ ហ៊ឹម យ៉ាន ក៏បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​កិច្ច​សហការគ្នា​ក្នុង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​។ ការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ និង​ដាក់​ពង្រាយ​កាមេរ៉ា​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ឱ្យ​បាន​ច្រើន​កន្លែង ដើម្បី​តាម​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។ បញ្ហា​ទាំងនេះ​គឺជា​មូលហេតុ​ចម្បង​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើឲ្យ​ខូចខាត​ដងផ្លូវ​ផងដែរ​។

លោក​ គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុមកម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វា​គឺជា​ការប្រសើរ​ដែល​ស្ថាប័ន​ទាំង​ ២ រួមសហការ​គ្នា​ក្នុង​ការទប់ស្កាត់​បញ្ហា​ទាំងនេះ​។ បន្ថែម​ពីនេះ​លោក​ចង់​ឲ្យ​ស្ថាប័ន​ទាំង​ ២ គួរ​ដាក់​ចេញ​វិធានការ​ឲ្យ​បាន​ចំគោលដៅ​បន្ថែមទៀត​ទៅ​លើ​ការត្រួតពិនិត្យ​លើ​បញ្ហា​ល្បឿន និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ ព្រោះ​វា​ជា​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ខ្ពស់​។

លោក​បញ្ជាក់ថា​៖ «​អគ្គស្នងការ​ [​ដ្ឋាន​] និង​ក្រសួង​សាធារណការ​ប្រកាស​ជំហរ​រួមគ្នា​បិទ​យានដ្ឋាន​ខុសច្បាប់ គឺជា​ចំណែក​មួយ​ហើយ ដែល​ត្រូវតែ​មាន ហើយ​ជា​លក្ខណៈ​បច្ចេកទេស គឺ​ខាង​ខ្ញុំ​មាន​ការគាំទ្រ​។ តែ​ក៏​សុំ​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​មើល​ទៅ​ទិន្នន័យ​ថា អ្វីខ្លះ​ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ការស្លាប់ និង​របួស​ធ្ងន់ធ្ងរ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​»​។

បើ​តាម​លោក​ គង់ សុវណ្ណ ដែល​ឆ្លងកាត់​បទពិសោធ​ជោគជ័យ​នៅតាម​បណ្តា​ប្រទេស​ដែល​អភិវឌ្ឍន៍​ និង​ប្រទេស​នៅ​ជិត​ខាង​មួយចំនួន​ក្នុង​ការអនុវត្ត​គម្រោង​លើក​កម្ពស់​ច្បាប់​ចរាចរណ៍ គឺ​ត្រូវគោរព​តាម​បទដ្ឋាន​ចំនួន​ ៣​។ បទដ្ឋាន​ទាំង​ ៣ ​នោះ​គឺ​ការគោរព​តាម​បទដ្ឋាន​ផ្លូវថ្នល់ ដែល​ស្របតាម​ស្តង់ដា ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​ការរឹតបន្តឹង​ច្បាប់​ជាប្រចាំ​ទើប​អាច​កាត់បន្ថយ បញ្ហា​ដែល​កើតឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ប្រសិទ្ធភាព​៕