ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ​សហការ​ជាមួយ​សាកលវិទ្យាល័យ Waseda ប្រទេស​ជប៉ុន ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ដើម្បី​ស្វែងរក​ឱ្យឃើញ​នូវ​ស្លាកស្នាម​នៃ​រចនាសម្ព័ន្ធ​សំណង់​ឡ​បុរាណ​ចងក្រង​ទុកជា​ឯកសារ​។

លោក​ គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឱ្យ​ដឹងថា នេះ​ជា​ដំណាក់កាល​ទី​២ ​ហើយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​។ ការសិក្សា​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ waseda នៅ​ប្រទេស​ជប៉ុន ​ដោយមាន​សាស្ត្រាចារ្យ​ជំនាញ​ខាង​កុលាលភាជន៍​នៅ​អាស៊ីអាគ្នេយ៍ និង​ចិន គឺ​លោក Dr. Yukitsugu Tabata មក​ចូលរួម​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ដឹង​អំពី​ឡ​សម័យ​កោះកេរ​នោះ ឡបុរាណ​វា​មាន​លក្ខណៈ​យ៉ាងម៉េច ហើយ​រូបរាង​យ៉ាងម៉េច​? ​ព្រោះ​នៅ​កោះកេរ​កន្លងមក​យើង​ឃើញ​មាន​ការប្រើប្រាស់​កុលាលភាជន៍ និង​ការប្រើប្រាស់​ក្បឿង ប៉ុន្តែ​មិនដឹងថា​ឡ​លក្ខណៈ​យ៉ាងណា​ឡើយ​»​។

បើតាម​ការបញ្ជាក់​របស់​លោក​ ពុទ្ធិការ រមណីយដ្ឋាន​កោះកេរ ជា​អតីត​រាជធានី​មួយ​របស់​ខ្មែរ​ក្នុង​សម័យ​អង្គរ ហេតុនេះ​ទីនោះ​អាច​មាន​ការប្រមូលផ្តុំ​មនុស្ស​រស់នៅ​ច្រើន ហើយ​តម្រូវការ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ការសាងសង់​ក៏​ច្រើន​។ ដូច្នេះ​ការស្រាវជ្រាវ​នេះ​នឹង​បញ្ជាក់​ច្បាស់​ពី​ទំហំ​នៃ​ការផលិត​កុលាលភាជន៍​នៅ​តំបន់​កោះកេរ​។

លោក​ថ្លែងថា​៖ «​កុលាលភាជន៍​ដែល​ប្រើ​នៅ​តំបន់​កោះ​កេរ គឺមាន​លក្ខណៈ​ខុសគ្នា​ពី​តំបន់​អង្គរ​។ ក្បឿង​នៅ​តំបន់​កោះ​កេរ មាន​លក្ខណៈ​ធំៗ​ជាង​នៅ​តំបន់​អង្គរ​។ អ៊ីចឹង​កន្លងមក​យើង​អត់​ដឹងថា យក​មកពីណា​ទេ មិនដឹងថា យក​មកពី​អង្គរ​ឬ​តំបន់​ផ្សេងៗ​។ ហេតុនេះ​ការស្រាវជ្រាវ​នេះ​នឹង​បញ្ជាក់​កាន់តែ​ច្បាស់​ពី​ទំហំ​នៃ​ការផលិត​ដែលនាំឱ្យ​យើង​អាច​ប៉ាន់​ស្មានដឹង​អំពី​វិសាលភាព​នៃ​សម័យ​កោះកេរ​បាន​»​។

លោក​ ភិន ភក្តី មន្ត្រី​បច្ចេកទេស​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា​បាន​ឱ្យ​ដឹងថា កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ក្រុមមន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ធ្វើ​កំណាយ​លើក​ទី​ ១ ​ម្តង​រួចមក​ហើយ ប៉ុន្តែ​ពុំទាន់​រកឃើញ​នូវ​រចនាសម្ព័ន្ធ​នៃ​សំណង់​ឡ​ដុត​កុលាលភាជន៍​បុរាណ​នៅឡើយ​។

លោក​រៀបរាប់​ថា​៖ «​កាលនោះ​យើង​រកឃើញ​តែ​កម្ទេចកម្ទី​ដូចជា ជញ្ជាំង​ឡ អំបែង​ក្បឿង ដែល​ដុត​ទៅ​ខូចគុណភាព អំបែងក្អម​ដែល​ដុត​ទៅ​វា​វៀច វា​អ៊ីចឹងទៅ​។ អាហ្នឹង យើង​អាច​កំណត់ថា ទីតាំង​ហ្នឹង​ប្រាកដ​ជា​មាន​ឡ​ហើយ ប៉ុន្តែ​យើង​នៅ​រក​អត់​ទាន់​ឃើញ​ឡ​»​។

បើតាម​លោក ​ភិន ភក្តី គម្រោង​សហប្រតិបត្តិការ​ក្នុង​ការធ្វើ​កំណាយ​លើ​ឡ​បុរាណ​នេះ​មាន​រយៈពេល​ ២ ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​ ២៥ មករា ដល់​ថ្ងៃទី​ ៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​ក្រោម​ជំនួយ​ថវិកា​ពី​សាកលវិទ្យាល័យ​ Waseda ​និង​មូលនិធិ​ជប៉ុន​។ លោក​ថា បើសិន​ជា​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​នេះ​អាច​រកឃើញ​ទ្រង់ទ្រាយ​នៃ​ឡ​នោះ​មាន​ន័យថា ជា​ជោគជ័យ​មួយ​សម្រាប់​ការស្រាវជ្រាវ ប៉ុន្តែ​ការស្រាវជ្រាវ​នៅតែ​ត្រូវធ្វើ​បន្តទៀត ព្រោះ​ស្ថានីយ​នោះ អាច​មាន​ឡ​ច្រើន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​មិនមែន​មាន​ឡ​តែ​ ១ ​ទេ ព្រោះ​កោះកេរ​ជា​អតីត​រាជធានី​របស់​អាណាចក្រ​ខ្មែរ​។ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា វា​ជា​កន្លែង​សិប្បកម្ម​ឡ​ក៏​ថា​បាន​។ យើង​ដឹង​ហើយ បើ​វា​ជា​សិប្បកម្ម​នោះ​វា​នឹងមាន​ ២ ​មាន​ ៣ ​ឡើង​ទៅ​។ អ៊ីចឹង​ស្ថាននីយគោក​ដី​ឆ្នាំង​វា​ធំ​ដែរ អ៊ីចឹង​វា​អាច​ជា​សហគមន៍​មួយ​ក្នុង​ការផលិត​កុលាលភាជន៍​សម្រាប់​បម្រើ​ឱ្យ​រាជធានី​កោះកេរ​»៕