ភ្នំពេញៈ ក្រសួង​អប់រំ និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល IT Academy STEP Cambodia សហការគ្នា​ជួយ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ពី​ព័ត៌មាន ការទំនាក់ទំនង និង​បច្ចេកវិទ្យា​ (ICT) ​បន្ថែម និង​ពង្រីក​ក្លិប​រៀន​សរសេរ​កូដ ព្រមទាំង​អភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត​លើ​ ICT និង​សៀវភៅ​សិក្សា​គោល​។

កាលពី​ថ្ងៃទី​ ២៩ ​ឧសភា ក្រសួង អប់រំ យុវជន និង​កីឡា និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល IT Academy STEP Cambodia បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ពង្រីក​គម្រោង Sister of code បន្ទាប់ពី​អនុវត្ត​សាកល្បង​គម្រោង​នេះ​នៅ​វិទ្យាល័យ​ ហ៊ុន សែន សេរីភាព និង​សាលារៀន​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​សិស្ស​នារី​ដែល​មាន​អាយុ​ចន្លោះ​ចាប់ពី​ ១០ ​ឆ្នាំ​ដល់​ ២០ ​ឆ្នាំ​រួចមក​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការអភិវឌ្ឍ​លើ​កម្មវិធីសិក្សា​លម្អិត ICT និង​សៀវភៅ​សិក្សា​គោល​បន្ថែម​នេះ​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​ផ្នែក ICT​។ លោក​ថា ការបណ្តុះបណ្តាល​ចំណេះដឹង​ ICT ​ដល់​គ្រូបង្រៀន​បន្ថែម​នេះ​គឺ​ «​ដើម្បី​ពង្រឹងសមត្ថភាព​បង្រៀន​របស់​គ្រូ​។ ជាពិសេស​ទុក​បង្រៀន ICT ​ជូន​សិស្សានុសិស្ស​ក្នុង​ការចូលរួម​ឆ្លើយតប​នឹង​ចក្ខុវិស័យ​ការអប់រំ​តាមបែប​ឌីជីថល​ (Digital education) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

បើ​យោងតាម Facebook ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ដដែល​បាន​ឱ្យ​ដឹងថា ការចុះ MoU នេះ​គឺ​ដើម្បី​សហការ​ពង្រីក​វិសាលភាព​ក្លិប​សិក្សា​កូដ ​(Sister of Code) ​​ទៅដល់​វិទ្យាល័យ​គោលដៅ​តាម​បណ្ដា​ខេត្ត​។ ជាពិសេស​លទ្ធភាព​បង្កើត​ក្លិប​សិក្សា​នៅ​វិទ្យាល័យ​ពាមជីកង​ក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម​។

Facebook ដដែល​បញ្ជាក់​ថា ការចុះ MoU នេះ​ធ្វើឡើង​ក៏​ដើម្បី​ «​សហការ​ចូលរួម​ពិគ្រោះ​យោបល់​ទៅលើ​ការអភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត ICT និង​សៀវភៅ​សិក្សា​គោល​ [​និង​] ​សហការ​ជួយ​បណ្ដុះបណ្ដាល​បន្ថែម​ដល់​គ្រូបង្រៀន​នូវ​ចំណេះដឹង​ផ្នែក ICT»​។

កម្មវិធី​ចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចំណែកឯ​ការចុះហត្ថលេខា​វិញ​ធ្វើ​ឡើង​រវាង​លោក សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​លោកស្រី Natalija Rodionova នាយក​គ្រប់គ្រង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ IT Academy STEP Cambodia​។

លោកស្រី Natalija Rodionova បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្នុង​រយៈពេល​តែ​ ១ ​ឆ្នាំ IT Academy STEP Cambodia បាន​បណ្តុះបណ្តាល​សិស្ស​នារី​អាយុ​ពី​ ១០ ឆ្នាំ ដល់​ ២០ ​ឆ្នាំ​ដោយ​មិន​គិតថ្លៃ​។ កាលពី​ឆ្នាំមុន គ្រឹះស្ថាន​នេះ​មាន​សិស្ស​ចូលរួម​ ១៥០ ​នាក់​​ នៅក្នុង​គម្រោង​។ នេះ​ជា​បទពិសោធ​ដំបូង​សម្រាប់​ពួកគេ​ភាគច្រើន​ក្នុង​ការរៀន​សរសេរ​កូដ ហើយ​ក្នុង​រយៈពេល​តែ​ ១៨ ​សប្តាហ៍ ពួកគេ​អាច​បង្កើត​ហ្គេម​កុំព្យូទ័រ និង​គេហទំព័រ​បាន​ដោយ​ខ្លួនឯង​។

លោកស្រី​ថ្លែងថា​៖ «Sisters of Code មាន​គោលបំណង​ផ្តល់​សិទ្ធិអំណាច​ដល់​សិស្ស​នារី ដើម្បី​ព្យាយាម​រៀន​បច្ចេកវិទ្យា និង​ជំនាញ​សរសេរ​កម្មវិធី​។ ឥឡូវនេះ​មាន​តែ​សិស្ស​នារី​ ៧ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ជ្រើសរើស​មុខវិជ្ជា​បច្ចេកវិទ្យា​នៅ​កម្ពុជា​»​។

លោកស្រី​បន្តថា​៖ «​យោងតាម​ការស្រាវជ្រាវ​របស់​យើង​ក្នុងករណី​ភាគច្រើន​សិស្ស​នារី​កំពុង​ខ្វះខាត​ការគាំទ្រ​ទីកន្លែង​សម្រាប់​រៀន​បច្ចេកវិទ្យា និង​ទីកន្លែង​ដែល​ពួកគេ​អាច​ជួប​សិស្ស​ដទៃទៀត ដែល​មាន​ចំណាប់អារម្មណ៍​ដូចគ្នា​»​។

លោកស្រី Natalija Rodionova ថ្លែងថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចាប់ផ្តើម​ការអភិវឌ្ឍ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់​គ្រូបង្រៀន​នៅ​ប្រទេស​កម្ពុជា ដែល​លោកស្រី​អាច​ធានា​បាន​នូវ​លទ្ធផល​ដ៏ល្អ​។ ICT កាន់​តែមាន​សារៈសំខាន់​ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​​ ១៩ និង​តម្រូវការ​កើនឡើង​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​។

លោកស្រី​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​របស់​យើង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​គឺ​ផ្តោតលើ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​។ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​នាពេល​បច្ចុប្បន្ន​។ យ៉ាងហោច​ណាស់​នៅ​កម្រិត​មូលដ្ឋាន​។ យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ​បំផុត ប្រសិន​បើ​យើង​បង្រៀន​ពី​របៀប​ប្រើ​ឧបករណ៍ ក៏ដូចជា​ផ្សារភ្ជាប់​គ្រូបង្រៀន​នៅក្នុង​ដំណើរការ​ច្នៃប្រឌិត​នៃ​របៀប​ដែល​ឧបករណ៍​ទាំងនោះ​អាច​ជួយ​ពួកគេ​បានល្អ​បំផុត​នៅក្នុង​ការងារ​របស់​ពួកគេ​»៕