
នគរបាលចាប់ឃាត់ម៉ូតូអ្នកបើកបរល្មើសច្បាប់ចរាចរណ៍កាលពីចុងឆ្នាំមុន នៅក្បែរវិមានឯករាជ។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាករលាក់មុខទីមួយ ដែលបានឆក់យកអាយុជីវិតមនុស្ស ជាមធ្យមរហូតដល់ជាង ៥ នាក់ក្នុងមួយថ្ងៃ មន្ត្រីពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ពួកគេកំពុងធ្វើការសិក្សា ពីលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំពីច្បាប់ចរាចរណ៍ ដោយជំហានដំបូង គឺត្រូវធ្វើការអប់រំ ទៅដល់អ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបែបនេះ នៅក្នុងការធ្វើយុទ្ធនាការ «បើកបរដោយសុវត្ថិភាព» លើកទី ២ ដែលធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា អង្គការស៊ីប៉ា ក្រុមហ៊ុនតូតាល់ និងក្រុមហ៊ុនឯកជនមួយចំនួនទៀត។
លោកស្រីបានបន្ដថា៖ «គ្រោះថ្នាក់ចរាចរណ៍ ដូចយើងបានដឹងទាំងអស់គ្នាហើយ អ្នកដែលស្លាប់ បានបន្សល់ទុកនូវ ទុក្ខសោក ហើយមិនត្រឹមតែទុក្ខសោកនៃការបាត់បង់អាយុជីវិតសមាជិកគ្រួសារទេ ពេលខ្លះជនរងគ្រោះដែលស្លាប់នោះ គឺជាជនបង្គោលមួយរូប នៅក្នុងគ្រួសារតែម្ដង»។
លោកស្រីបានលើកឡើងថា យោងតាមរបាយការណ៍នគរបាលចរាចរណ៍ជនរងគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺជាយុវជន ដែលមានអាយុចាប់ពី ១៥-២៥ ឆ្នាំ ជនរងគ្រោះទាំងនេះ គឺជាធនធានមនុស្សយ៉ាងសំខាន់ សម្រាប់ការបន្ដវេនចំពោះការអភិវឌ្ឍនៅក្នុងប្រទេស។
ប៉ុន្ដែទាក់ទងនឹងការធ្លាក់ចុះតិចតួចចំពោះចំនួនករណីនៃគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ លោកស្រី មាណវី បញ្ជាក់ថា គឺដោយសារតែកត្ដាកំណើននៃប្រជាជនរឹតតែច្រើន កំណើនផ្លូវធ្វើដំណើររឹតតែច្រើន និងកំណើនចរាចរណ៍យានយន្ដរឹតតែច្រើនផងដែរ។
លោកស្រីបន្ថែមថា៖ «ដូច្នេះកត្ដាចាំបាច់ចំពោះអ្នកបើកបរ គឺត្រូវតែចេះច្បាប់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកវ៉ាប្រជែងគ្នានៅលើទ្រូងផ្លូវ ដែលការងារនេះ គឺយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយទើបមានប្រសិទ្ធភាព»។
លោស្រី មាណវី បានឲ្យដឹងថា ជាដំណោះស្រាយក្នុងនាមក្រសួងសាធារណការ នឹងប្រឹងប្រែងរៀបចំផ្លូវថ្នល់ឲ្យបានល្អប្រសើរបន្ថែមទៀត និងបំពាក់ភ្លើងស្ដុបឲ្យបានគ្រប់ទីកន្លែង រួមនឹងការផ្សព្វផ្សាយពីហានិភ័យចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកស្រីបញ្ជាក់បន្ថែមថា៖ «យើងនឹងមានការរឹតបណ្ដឹងចំពោះការបើកបរ ដើម្បីឲ្យពួកគាត់ (ប្រជាពលរដ្ឋ) មានការបើកបរស្ទាត់ជំនាញ យល់ពីច្បាប់ចរាចរណ៍ និងការបើកបរ។ ដូចឥឡូវនេះ បញ្ហាប្រឈមខ្លាំង គឺឡានធុនធំ ចឹងយើងបានបង្កើតមជ្ឈមណ្ឌលសម្រាប់បង្រៀនអ្នកបើកឡានធុនធំ ដើម្បីអប់រំដល់ពួកគាត់ ឲ្យយល់ច្បាស់ពីរបៀបបើកបរ ពីអាកប្បករិយារបស់ពួកគាត់»។
ចំពោះគម្រោងសិក្សាឡើងវិញ នៃអ្នកបើកបរម៉ូតូ កម្លាំងក្រោម ១២៥ សេសេ (CC) អត់មានប័ណ្ណបើកបរ ដែលលោក ឧបនាយកដ្ឋមន្រ្ដី ស ខេង បានលើកឡើងកាលពីពេលថ្មីៗនេះ លោក ស្រី មាណវី បានបង្ហាញថា ក្រសួងនឹងបង្កើតមជ្ឈមណ្ឌលអប់រំ ដល់ពួកគាត់ ទោះបីជាគាត់មិនមានប័ណ្ណបើកបរក៏ដោយ។
លោកស្រីបញ្ជាក់ថា៖ «គណៈកម្មាធិការជាតិចរាចរណ៍ផ្លូវគោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំផ្សព្វផ្សាយ ហើយយើងនឹងធ្វើ មជ្ឈមណ្ឌលអប់រំដល់ពួកគាត់ ឲ្យគាត់យល់ពីច្បាប់ចរាចរណ៍ ចំពោះអ្នកជិះម៉ូតូ»។
លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា បានលើកឡើងដែរថា អង្គការរបស់លោក បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ តាំងពីឆ្នាំ ២០១៣ រហូតដល់ពេលនេះ ដោយបានផ្សព្វផ្សាយសារ និងហានិភ័យចំពោះគ្រោះថ្នាក់ចរាចរណ៍ តាមរយៈបណ្ណាល័យចល័ត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា។
លោកបន្ដថា៖ «ក្នុងនាមជាដៃគូររបស់ក្រសួងអប់រំ និងក្នុងនាមជាអ្នកអភិវឌ្ឍការអាន គឺយើងត្រូវចូលរួមសកម្មចំពោះការងារអប់រំទូទៅ ពិសេសរឿងសំខាន់នៅក្នុងសង្គមយើង ដូចជារឿងគ្រោះថ្នាក់ចរាចរណ៍នេះជាដើម ព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុទីមួយនៃមរណភាពនៃប្រជាជនកម្ពុជាបច្ចុប្បន្ន»។
លោក សុទ្ធិ បានចាត់ទុកថា សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាដ៏ចម្បងមួយ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមានអ្នករបួសចំនួន ៥ ៥០០ នាក់ និងស្លាប់ជាង ១ ៩០០ នាក់ កាលពី ឆ្នាំ ២០១៧។
លោកបន្ដថា៖ «សុវត្ថិភាពចរាចរណ៍ គឺជាទំនួលខុសត្រូវរួម ហើយវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ចំពោះនិយោជិត និងអតិថិជនរបស់ខ្លួនក៏ដូចជាអ្នកប្រើប្រាស់ផ្លូវថ្នល់»។
លោកបានបង្ហាញថា ការនាំមកនូវការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកបើកបររយៈពេលយូរអង្វែង គឺជាគោលបំណងនៃយុទ្ធនាការ «ការបើកបរដោយសុវត្ថិភាព» ដែលអង្គការស៊ីប៉ា ក្រសួងអប់រំ និងក្រុមហ៊ុនឯកជនមួយចំនួនទៀត កំពុងសហការគ្នាបន្ដធ្វើជារៀងរាល់ថ្ងៃ។
លោក Asif IQBAl អគ្គនាយកក្រុមហ៊ុនតូតាល់កម្ពុជា បានលើកឡើងថា ក្នុងនាមក្រុមហ៊ុនរបស់លោក ជាតួអង្គមួយក្នុងវិស័យដឹកជញ្ជូន ក៏បានធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយអង្គការ ស៊ីប៉ា តាំងពីឆ្នាំ ២០១៣ មកដែរ ដោយបានចូលរួមលើកកម្ពស់ការយល់ដឹងពីបញ្ហា គ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាជនកម្ពុជា។
លោកបន្ដថា៖ «សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាសសរស្ដម្ភដ៏មានសារៈសំខាន់មួយ នៃគោលនយោបាយទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនតូតាល់កម្ពុជា ដែលស្របតាមទិសដៅសកម្មភាពទសវត្សរ៍អង្គការសហប្រជាជាតិស្ដីពីសុវត្ថិភាពក្នុងការបើកបរ ឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ដែលត្រូវបានបង្កើតឡើង ដោយអង្គការសុខភាពពិភពលោក»៕