ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ថ្លែងថា មន្ត្រី​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ជួប​ពិភាក្សាគ្នា​ទៅលើ​កំណែទម្រង់​នៃ​ការញែក​ដាក់​ពិរុទ្ធជន ទណ្ឌិត អ្នកទោស​គ្រឿងញៀន​ឱ្យដាច់​ដោយ​ឡែក​ពី​គ្នា​។

ក្នុង​ទិវា​អន្ដរជាតិ​រំឭក​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​លើក​ទី​ ១៤ នៅ​ថ្ងៃទី​ ២៤ វិច្ឆិកា ដែល​ប្រារព្ធ​នៅ​កោះពេជ្រ​លោក ស ខេង លើក​ឡើង​ថា ការដាក់​អ្នកទោស​គ្រឿងញៀន​ជាមួយ​នឹង​អ្នកទោស​ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត អាច​នឹង​បង្ក​ឱ្យ​អ្នកទោស​នោះ​ក្លាយ​ទៅ​ជា​អ្នកទោស​គ្រឿងញៀន​។ ដូច្នេះ តម្រូវ​ឱ្យ​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង សាលា​រាជធានី​ភ្នំពេញ​ជួបពិភាក្សា​ក្នុង​ការធ្វើ​កំណែទម្រង់​នៃ​ការញែក​ដាក់​ពិរុទ្ធជន ទណ្ឌិត អ្នកទោស​គ្រឿងញៀន​ឱ្យ​ដាច់​ពី​គ្នា​។

លោក​បញ្ជាក់ថា​៖ «​កាលណា​ដាក់​អ្នកទោស​គ្រឿងញៀន អ្នក​មិន​គ្រឿងញៀន អ្នក​ហ្នឹង​នឹង​ស្រវឹង​គ្រឿងញៀន​ជាមួយ​ដែរ​។ ដូច្នេះ​ហើយ​វា​ទៅ​ជា​អ្នក​គ្រឿងញៀន​ទាំងអស់​គ្នា​។ អ៊ីចឹង​ហើយ​គឺ​អគ្គពន្ធនាគារ សិក្សា​ពី​បញ្ហា​ហ្នឹង ហើយ​ញែក​ដើម្បី​យើង​ដោះស្រាយ​។ ឥឡូវ​យើង​ចាំ​ជជែក​គ្នា​ពី​កំណែទម្រង់​ហ្នឹង រវាង​ក្រសួង​មហាផ្ទៃ ក្រសួងយុត្តិធម៌ ហើយ​សាលា​រាជធានី​ភ្នំពេញ ថា​តើ​ធ្វើម៉េច​យើង​ញែក​ពិរុទ្ធជន​ដោយ​ឡែក ហើយ​និង​ទណ្ឌិត​ដោយឡែក ហើយ​និង​អ្នកទោស​គ្រឿងញៀន​ដោយឡែក​»​។

លោក​បន្តថា​៖ «​មណ្ឌល​អប់រំ​កែប្រែ អ្នក​ត្រូវ​បាន​ឃុំខ្លួន​ហ្នឹង​គឺជា​ទណ្ឌិត មិនមែន​ជា​ពិរុទ្ធជន​ទេ​។ ពន្ធនាគារ​ព្រៃស​នេះ​ជួយ​រាជធានី​ភ្នំពេញ​បាន​ច្រើន​ណាស់ ពីព្រោះ​ពិរុទ្ធជន​ទាំងអស់​គឺជា​បន្ទុក​របស់​រាជធានី​ភ្នំពេញ​។ តែ​ឥឡូវ​ព្រៃស​ទៅ​ជា​របស់​ក្រសួង​មហាផ្ទៃ តែ​តាម​ការពិត​ទៅ​ធ្វើការ​ឱ្យ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​ហ្នឹង​»​។

ជាមួយ​គ្នា​នេះ​លោក​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មិន​ត្រូវ​បន្ធូរដៃ​ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នោះ​ឡើយ គឺ​ត្រូវតែ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ប្រយុទ្ធប្រឆាំង​ឱ្យ​បាន​ខ្លាំងក្លា​ឡើង​បន្ថែមទៀត​។ បើ​ទុក​ឱ្យមាន​ចរាចរ​គ្រឿងញៀន​នៅក្នុង​សង្គម​កម្ពុជា នោះ​នឹង​មាន​បញ្ហា​កើត​មាន​ឡើង​កាន់តែ​ច្រើន ដូច្នេះ​ត្រូវ​រួមគ្នា​លុបបំបាត់​ចរាចរ​គ្រឿងញៀន​។

លោក​លើកឡើង​ថា​៖ «​យើង​ត្រូវ​លើកទឹកចិត្ត​សមត្ថកិច្ច​ដែល​ចាប់បាន​គ្រឿងញៀន ដូច្នេះ​បើ​គ្រឿងញៀន​ ១ ​តោន​ដែល​ចាប់​បាន​នោះ​ចរាចរ​នៅក្នុង​សង្គម​កម្ពុជា វា​នឹង​ទៅ​ជា​យ៉ាងណា​។ ពោលគឺ​នឹង​មាន​បញ្ហា មិន​ធម្មតា​ទេ ដោយ​មាន​ករណី​ចោរប្លន់ ចោរលួច អំពើ​អយុត្តិធម៌ ពុករលួយ​ពេញ​ទឹក​ពេញ​ដី និង​ការលាង​លុយកខ្វក់​អំពើ​ភេរវកម្ម​នឹង​រាលដាល​ពេញ​ហ្នឹង​»​។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ប្រាប់​ពី​ម្សិលមិញ​ថា ដោយសារ​តែមាន​ភាពចង្អៀត​ណែន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ធ្វើឱ្យ​ពន្ធនាគារ​នេះ​ត្រូវ​បញ្ជូន​ពិរុទ្ធជន និង​អ្នកទោស​គ្រឿងញៀន​គ្រប់​ប្រភេទ និង​ទណ្ឌិត​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ដែល​ជា​កន្លែង​សម្រាប់​ដាក់​តែ​ទណ្ឌិត​តែប៉ុណ្ណោះ​។ ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ជួប​ពិភាក្សា​គ្នា​ដើម្បី​ធ្វើការ​ញែក​ដាក់​ពិរុទ្ធជន ទណ្ឌិត អ្នកគ្រឿងញៀន​ដោយឡែក​ពី​គ្នា​ដើម្បី​ងាយស្រួល​គ្រប់គ្រង​។

លោក​ថា​៖ «​នៅក្នុង​ហ្នឹង ទាំង​ឧក្រិដ្ឋជន​ក៏​នៅក្នុង​ហ្នឹង ទាំង​ទណ្ឌិត​ក៏​នៅក្នុង​ហ្នឹង ហើយ​ជនសង្ស័យ​ទើប​តែ​ចាប់​ដែល​មិន​ទាន់​កាត់ទោស​ក៏​នៅក្នុង​ហ្នឹង​។ អ្នក​កំពុង​ដំណើរ​កាត់ទោស និង​អ្នក​កាត់ទោស​ហើយ​ក៏​នៅក្នុង​ហ្នឹង ហើយ​អ្នក​មាន​សាលក្រម​ស្ថាពរ​ក៏​នៅក្នុង​ហ្នឹង​។ អ្នកទោស​គ្រឿងញៀន​ក៏​នៅក្នុង​ហ្នឹង ឃាតកម្ម​ក៏​នៅក្នុង​ហ្នឹង​។ អាខ្លះ​លួច​គេ​កំប៉ិកកំប៉ុក​ក៏​នៅក្នុង​ហ្នឹង ជំពាក់​លុយ​គេ​ក៏​នៅក្នុង​ហ្នឹង​។ ដូច្នេះ​ហើយ​យើង​ត្រូវ​បែងចែក​អ្នកនេះ​ទោស​ស្រាល អ្នកនេះ​ទោស​ឧក្រិដ្ឋ អ្នកនេះ​ទោស​កាច​»​។

បើ​តាម​លោក​ ចាន់ គីមសេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ថ្លែង​ថា នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​មាន​ការបែងចែក​អ្នកទោស​ ៤ ​ប្រភេទ គឺ​ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត ហើយ​អ្នក​ទាំងនោះ​ត្រូវ​បាន​គេ​ឃុំ​ដាច់ដោយ​ឡែក​ពី​គ្នា​។ ប៉ុន្តែ​លោក​ថា មាន​ករណី​តិចតួច​ដែល​បន្ទប់​ពន្ធនាគារ​ខ្លះ​មាន​ដាក់​លាយឡំ​គ្នា​រវាង​ជន​ត្រូវ​ចោទ ជនជាប់ចោទ ដោយសារ​តែ​ភាព​ចង្អៀត​ណែន​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​កន្លងមក​យើង​មិន​អាច​ធ្វើ​បាន​ ១០០ ​ភាគរយ​ទេ ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការកើនឡើង​នៃ​ចំនួន​ជនជាប់ឃុំ​។ ដូច្នេះ​ពេល​ខ្លះ យើង​ក៏​អាច​ដាក់ចូល​ជាមួយ​គ្នា​ ប៉ុន្តែ​យើង​មិន​ដាក់ចូល​ជាមួយ​គ្នា​រវាង​ទណ្ឌិត និង​ជន​ដែល​នៅក្នុង​ដំណើរការ​នីតិវិធី​»​។

លោក​ក៏​បដិសេធ​ថា ពុំ​មាន​ការដាក់​អ្នកទោស​គ្រឿងញៀន​ជាមួយ​អ្នក​ដែល​មិនមែន​ជា​អ្នកទោស​គ្រឿងញៀន​នោះទេ​។ លោក​អះអាង​ថា វា​ពិបាក​សម្រាប់​អ្នកទោស​គ្រឿងញៀន​មាន​ឱកាស​ក្នុង​ការប្រើ​គ្រឿងញៀន​ដោយសារ​មាន​ការរឹតបន្តឹង​ណាស់ តាមរយៈ​ការពិនិត្យ និង​ឆែកឆេរ​យ៉ាង​ដិតដល់​ពី​មន្ត្រី​ពន្ធនាគារ​។

លោក​ អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) ​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ជុំវិញ​ការលើក​ឡើង​ខាងលើ​បានទេ​។

លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ថា សាលា​រាជធានី​បាន​និង​កំពុង​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន និង​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ពន្ធនាគារ​ភ្នំពេញ​មាន​លក្ខណៈ​ល្អប្រសើរ​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​ប្រាប់​កន្លងទៅ​ថា រហូត​មក​ទល់​ពេលនេះ​ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៣៦ ៦០០ ​នាក់​។ ក្នុងនោះ​ស្រី​ជាង​ ៣ ០០០ ​នាក់​ ដែល​ភាគច្រើន​ជា​បទល្មើស​គ្រឿងញៀន​៕

វីដេអូ៖